កាលពីថ្ងៃអង្គារ ប្រទេសចិន បានវាយប្រហារទាំងខឹងសម្បាលើសហរដ្ឋអាមេរិកចំពោះការអំពាវនាវដល់បណ្តាប្រទេសនានានៅអង្គការសហប្រជាជាតិឲ្យដកអាសនៈក្រុងប៉េកាំងនៅវេទិកាអង្គការសហប្រជាជាតិ ដោយសារតែទង្វើរបស់ខ្លួនលើជនជាតិភាគតិចអ៊ុយហ្គ័រ។
វាគឺជាលើកទីពីរហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះដែលប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយចំហនៅអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិរបស់ជនជាតិអ៊ុយហ្គ័រនិងជនជាតិភាគតិចមូស្លីមភាគច្រើនដទៃទៀតដែលត្រូវបានឃុំឃាំងនៅក្នុងជំរំក្នុងតំបន់ស៊ីនជាំងរបស់ចិន។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានអញ្ជើញប្រធានសហព័ន្ធអ៊ុយហ្គ័រពិភពលោក Dolkun Isa ឲ្យថ្លែងទៅកាន់វេទិកាអង្គការសហប្រជាជាតិស្តីពីជនជាតិដើមភាគតិចដែលជាហេតុធ្វើឲ្យប្រទេសចិនមានការខឹងសម្បា។
អ្នកការទូតអាមេរិកលោក Courtney Nemoff បាននិយាយមុនការបោះឆ្នោតកាលពីថ្ងៃអង្គារថា ទង្វើរបស់ចិនលើជនជាតិអ៊ុយហ្គ័រគួរតែក្លាយជាកត្តាមួយក្នុងការសម្រេចទៅលើភាពជាសមាជិកនៅវេទិកាអង្គការសហប្រជាជាតិដែលមានភារកិច្ចការពារជនជាតិដើមភាគតិចនៅទូទាំងពិភពលោក។
លោក Nemoff បាននិយាយថា “សហរដ្ឋអាមេរិកមានក្តីព្រួយបារម្ភថា ជនជាតិអ៊ុយហ្គ័រ ជនជាតិកាហ្សាក់ស្ថាន គៀរហ្គីស្ថាននិងជនមូស្លីមដទៃទៀតសរុបជាងមួយលាននាក់បានទទួលការឃុំឃាំងដោយបំពាន ពលកម្មដោយបង្ខំ ទារុណកម្មនិងការស្លាប់នៅក្នុងជំរំនៅតំបន់ស៊ីនជាំងរបស់ប្រទេសចិន។ អំពើឃោរឃៅទាំងនេះត្រូវតែបញ្ឈប់។ យើងសូមអំពាវនាវឲ្យរដ្ឋជាសមាជិកទាំងអស់ត្រូវប្រកាន់យកនូវគំនិតនេះនៅក្នុងវេទិកាដ៏សំខាន់នេះ”។
ទន្ទឹមនោះ អ្នកការទូតចិនម្នាក់បានឡើងវេទិកាដើម្បីធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក។
លោកបានថ្លែងថា “តំណាងអាមេរិកបានធ្វើការចោទប្រកាន់ដោយមិនសមហេតុផលប្រឆាំងនឹងប្រទេសចិននិងការបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹងប្រទេសចិន”។ លោកបានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងរបស់ក្រុងប៉េកាំងនិងការជំទាស់ចំពោះបញ្ហានេះ។
ក្រុងប៉េកាំងអះអាងថា ជំរំនៅក្នុងតំបន់ស៊ីនជាំងជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីនាំប្រជាពលរដ្ឋឲ្យរួចផុតពីភាពជ្រុលនិយមនិងធ្វើសមាហរណកម្មពួកគេឡើងវិញនៅក្នុងតំបន់មួយដែលញាំញីទៅដោយអំពើហិង្សាដែលត្រូវបានគេស្តីបន្ទោសទៅលើពួកបំបែកខ្លួនអ៊ុយហ្គ័រឬពួកឥស្លាមនិយម៕ AFP
Source: Kampuchea Thmey Daily
0 Comments