អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃសុក្រថា កូរ៉េខាងជើង បានកាត់របបអាហារដល់ទៅ៣០០ក្រាមក្នុងមួយថ្ងៃដែលជាបរិមាណទាបបំផុតមិនធ្លាប់មានក្នុងឆ្នាំនេះ និងបន្តកាត់បន្ថែមទៀតដែលអាចមកពីការប្រមូលផលបានមិនល្អក្នុងទសវត្សរ៍ចុងក្រោយនេះ។
អ.ស.បបានធ្វើការវាយតម្លៃអាហារតបតាមការស្នើសុំរបស់កូរ៉េខាងជើងចាប់ពីថ្ងៃទី២៩មីនា ដល់ថ្ងៃទី១២ មេសា។ការវាយតម្លៃនេះបានទទួលសិទ្ធិយ៉ាងពេញលេញរួមបញ្ចូលទាំងកសិដ្ឋានសហករណ៍គ្រួសារដែលរស់នៅតំបន់ដាច់ស្រយាលនិងតំបន់ជាយក្រុងកន្លែងមើលក្មេងនិងមជ្ឈមណ្ឌលចែកចាយចំណីអាហារផងដែរ។
"កម្មវិធីវាយតម្លៃសន្តិសុខចំណីអាហារថ្មីនេះត្រូវបានបង្កើតឡើងក្រោយពីមានការប្រមូលផលបានទាបពេកក្នុងរយៈពេល១០ឆ្នាំនេះដោយសារគ្រោះរាំងស្ងួតរលកកម្ដៅនិងទឹកជំនន់ដែលបណ្ដាលឱ្យប្រជាជនប្រមាណ១០,១លាននាក់រងគ្រោះយ៉ាងធ្ងន់ធ្ងរពីអសន្តិសុខចំណីអាហារ។នេះបានន័យថាពួកគេនឹងមិនមានអាហារគ្រប់គ្រាន់ឡើយសម្រាប់រដូវនេះរហូតទាល់តែរដូវប្រមូលផលលើកក្រោយមកដល់។" នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យកម្មវិធីចំណីអាហារពិភពលោកលោកHerveVerhoosel។
កម្មវិធីចំណីអាហារពិភពលោក (WFP) រួមជាមួយអង្គការសហប្រជាជាតិនិងស្ថាប័នចំណីអាហារនិងកសិកម្មដែលជាភាគីចូលរួមក្នុងការវាយតម្លៃនេះគឺភ្នាក់ងារជំនួយក្នុងចំណោមភ្នាក់ងារដទៃទៀតដែលមានសិទ្ធិចូលទឹកដីកូរ៉េខាងជើងដែលបានទទួលរងគ្រោះទុរភិក្សនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៩០ដោយសម្លាប់ប្រជាជនយ៉ាងច្រើនប្រមាណ៣លាននាក់។
របាយការណ៍នៃការវាយតម្លៃបានបង្ហាញថា ទិន្នផលកសិកម្មប្រមាណ៤,៩លានតោនដែលជាបរិមាណទាបបំផុតចាប់តាំងពីឆ្នាំ២០០៨-២០០៩បាននាំឱ្យមានឱនភាពចំណីអាហារ១,៣៦លានតោនក្នុងឆ្នាំ២០១៨/២០១៩។ដោយឡែក មានប្រជាជនប្រមាណ ១០,១លាននាក់ដែលត្រូវការជំនួយស្បៀងអាហារ ក្នុងនោះរួមមាន ៧,៥ លាននាក់ក្នុងចំណោម ១៧,៥ នាក់នៃប្រជាជនកូរ៉េខាងជើងដែលរស់ពឹងផ្អែកលើរបបអាហារពីរដ្ឋាភិបាល និង២,៦លាននាក់ទៀតជាកសិករសហករណ៍៕ REUTERS
Source: Kampuchea Thmey Daily
0 Comments