កំពង់ចាម ៖ សន្តិសុខរោងចក្រម្នាក់ បានមកដេកយាមការពារសុវត្ថិភាពនៅក្នុងរោងចក្ររបស់ខ្លួន ហើយក៏បានស្លាប់នៅទីនោះ។
លោក សំណាល់ អធិការនគរបាលស្រុកបាធាយបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម៉ោង០១និង០០នាទី រំលងអធ្រាត្រ លោកអធិការនគរបាល បានទទួលព័ត៌មានថា មានមនុស្សម្នាក់ ឈ្មោះ សៀម សោរ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិត្រយ៉ងពង ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរសន្តិសុខរោងចក្រ លីឈាងខប បានដេកស្លាប់នៅចំណុចរោងយាម ក្នុងរោងចក្រ លីឈាងខប ភូមិបាធាយឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកអធិការបន្តថា ក្រោយទទួលព័ត៌មានភ្លាម លោកបានសុំការអនុញ្ញាតពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ហើយសមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះពិនិត្យសព ឃើញថា ផ្នែកក្បាល ដងខ្លួន និង អវយវៈ ពុំមានស្លាកស្នាមអ្វីទេ។
ឆ្លងតាមការស្រាវជ្រាវនៅកន្លែងកើតហេតុ និងជុំវិញកន្លែងកើតហេតុ ព្រមទាំងការបំភ្លឺក្រុមគ្រួសារជនរងគ្រោះ និងសាក្សីរួចមក គណៈកម្មការសន្និដ្ឋានបានថា ការស្លាប់របស់ឈ្មោះ សៀម សោរ ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ គឺ ឈ្មោះ សៀម សោរ ពិតជាស្លាប់ដោយឡើងសំពាធឈាម បណ្ដាលឲ្យបែកសរសៃឈាមស្លាប់ពិតប្រាកដមែន។
ក្រោយពីគណៈកម្មការពិនិត្យរួច បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
Source: Kampuchea Thmey Daily
0 Comments