ក្រុមហ៊ុនច្បាប់មួយបានរៀបចំពាក្យបណ្ដឹងប្រឆាំងក្រុមហ៊ុន Uber Technologies តំណាងឱ្យអ្នកបើកតាក់ស៊ីរាប់ពាន់នាក់នៅប្រទេសអូស្ត្រាលីដោយចោទប្រកាន់ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរតាមរយៈការហៅភ្លាមៗដ៏ធំបំផុតក្នុងពិភពលោកមួយនេះពីបទប្រតិបត្តិការខុសច្បាប់និងធ្វើឱ្យប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។
ក្រុមមេធាវីបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាពាក្យបណ្ដឹងត្រូវបានដាក់ដល់តុលាការកំពូល Victoria ដោយក្រុមហ៊ុនច្បាប់ Maurice Blackburn កាលពីថ្ងៃសុក្រដែលតំណាងឱ្យអ្នកបើកនិងម្ចាស់តាក់ស៊ីដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវប្រមាណ៦ពាន់នាក់មកពីរដ្ឋ៤ក្នុងប្រទេសអូស្ត្រាលី។
អ្នកបើកបរដែលជាដើមបណ្ដឹងបានចោទប្រកាន់ក្រុមហ៊ុន Uber ថាបានទទួលផលប្រយោជន៍មិនស្មោះត្រង់និងធ្វើឱ្យខូចខាតជីវភាពរស់នៅរបស់ពួកគេដោយការធ្វើប្រតិបត្តិការរំលងលើច្បាប់។
ក្រុមហ៊ុន Maurice Blackburn បាននិយាយថាអតិថិជនរបស់ពួកគេចង់ទទួលបានប្រាក់ចំណូលរបស់ពួកគេមកវិញដោយបានអះអាងថា Uber បានធ្វើប្រតិបត្តិការដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់អ្នកបើកបរនិងម្ចាស់តាក់ស៊ី។
លោក Andrew Watson ប្រធានផ្នែកពាក្យបណ្ដឹងរបស់ក្រុមហ៊ុនច្បាប់ខាងលើបានឱ្យដឹងថា "វានឹងក្លាយជារឿងក្ដីដ៏សំខាន់មួយជុំវិញប្រតិបត្តិការមិនស្របច្បាប់របស់ Uber ក្នុងប្រទេសអូស្ត្រាលី និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ពលរដ្ឋដែលធ្វើការយ៉ាងលំបាក និងត្រូវបានគាំពារដោយច្បាប់នៅក្នុងប្រទេសនេះ។"
ឆ្លើយតបនឹងករណីដ៏ធំមួយនេះអ្នកនាំពាក្យក្រុមហ៊ុន Uber បានឱ្យដឹងក្នុងសារអេឡិចត្រូនិកថា "យើងមិនទាន់បានទទួលការជូនដំណឹងណាមួយជុំវិញរឿងពាក្យបណ្ដឹងនេះនៅឡើយទេហើយយើងកំពុងតែផ្ដោតលើកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្ដល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះដល់អ្នកជិះនិងអ្នកបើកបរក្នុងបណ្ដាទីក្រុងដែលយើងធ្វើប្រតិបត្តិការនេះឯង!”AFP
Source: Kampuchea Thmey Daily
0 Comments