ស្វាយរៀង ៖ អគារប៉ុស្តិ៍រដ្ឋបាលឃុំជ្រុងពពេល នៃអធិការដ្ឋាននគរបាលស្រុករំដួល ខេត្តស្វាយរៀងត្រូវបានធ្វើពិធីបញ្ចុះបឋមសីលា កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និង លោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
លោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តបានឲ្យដឹងថា នៅព្រឹកមានការពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រុងពពេល នៃអធិការដ្ឋាននគរបាលស្រុករំដួល ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ដែលអគារប៉ុស្តិ៍មានទំហំ ៧,៧x១៣ ម៉ែត្រ តម្លៃ១៥,០០០ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តាមរយៈ លោក ហែម ពិសិដ្ឋ អភិបាលរង អភិបាលខេត្តស្វាយរៀង។
លោកឧត្ដមសេនីយ៍ទោ កឹង ឃន បានបញ្ជាក់ថា ការគិតគូរពីសុខទុក្ខ និងកន្លែងធ្វើការសមរម្យរបស់កងកម្លាំង គឺបានផ្តល់កម្លាំងចិត្តក្នុងការពារសន្តិសុខសណ្ដាប់ធ្នាប់កាន់តែមានប្រសិទ្ធភាពជូនពលរដ្ឋនៅមូលដ្ឋាន។
លោកឧត្ដមសេនីយ៍ទោ កឹង ឃន ក៏បានថ្លែងអំណរគុណដល់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងថ្នាក់ដឹកនាំខេត្តតែងតែគិតគូរពីសុខទុក្ខរបស់កម្លាំងទាំងនគរបាល និងកម្លាំងផ្សេងៗទៀត និងបានជួយកសាងប៉ុស្តិ៍រដ្ឋបាល អគារអធិការដ្ឋាន នានា នៅខេត្តស្វាយរៀងផងដែរ។
ក្នុងនោះ លោកស្នងការ បានកោតសរសើរដល់ការខិតខំប្រឹងប្រែងដល់កម្លាំងនគរបាលយើងដែលបានអនុវត្តការងារបានល្អប្រសើរនាពេលកន្លងមក ហើយកងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចូលរួមការពារសុខសន្តិភាព ត្រូវមានឥរិយាបថទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ផ្តល់សេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និង ត្រូវបន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕
Source: Kampuchea Thmey Daily
0 Comments