កំពង់ចាម ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព បាញ់ដោយកាំភ្លើងប៉ុនប៉ងធ្វើមនុស្សឃាតទៅលើជនរងគ្រោះ ហើយបានរត់គេចខ្លួន ត្រូវសមត្ថកិច្ចចាប់ខ្លួនបំពេញសំណុំបែបបទតាមនីតិវិធី។
ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៤០នាទី នៅចំណុចភូមិតាប៉ាង២ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម មានជនសង្ស័យចំនួន (០២នាក់) មាន ៖
១.ឈ្មោះ ឈុន យូហួត ហៅ គ្រី យូហួត ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ២.ឈ្មោះ ហាក់ ឡាលីន ហៅយួន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើខេត្តកំពង់ចាម បានជិះម៉ូតូដេញបាញ់ជនរងគ្រោះ ឈ្មោះ ជួន សុវណ្ណរត្ន័ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិ/ឃុំកើតហេតុ។
ប៉ូលិសបានបន្តថា នៅវេលាម៉ោង១២ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចយើងបានទទួលព័ត៌មានករណីប៉ុនប៉ងមនុស្សឃាត នៅចំណុចខាងលើ ក្រោយពីបានទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវដល់កន្លែងកើតហេតុ បានរកឃើញវត្ថុតាងសំបកគ្រាប់កាំភ្លើង ម៉ាកK54 ចំនួន០១គ្រាប់។
តាមការបំភ្លឺពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុមានជនសង្ស័យ ចំនួន០២នាក់ ៖ ១.ឈ្មោះ ឈុន យូហួត ហៅគ្រី យូហួត បើកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ(ជាអ្នកឌុប) ពាក់អាវដៃវែង ពណ៌ប្រផេះ និង ពាក់ម៉ាស់ និង ២.ឈ្មោះ សុខ ឡាលីន ហៅយួន ជាអ្នកអង្គុយពីក្រោយ ជិះម៉ូតូចូលមកក្នុងផ្ទះរបស់ខ្លួន ភ្លាមៗនោះ ឈ្មោះ ឈុន យូហួត ហៅ គ្រី យូហួត បានដកកាំភ្លើងខ្លីពីកាបូប ឃើញដូច្នេះខ្លួនក៏បានរត់ទៅក្រោយផ្ទះ ហើយឈ្មោះ ឈុន យូហួត បានបាញ់ពីក្រោយ០១គ្រាប់ តែមិនត្រូវ ធ្វើឲ្យក្បាលគ្រាប់ ត្រូវជញ្ជាំងបន្ទប់ទឹកបណ្ដាញបែក បន្ទាប់មកជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់។ ជនរងគ្រោះបានបញ្ជាក់ថា ជនសង្ស័យ និងខ្លួនធ្លាប់មានទំនាស់គ្នាពីមុនមក។
បន្ទាប់មក សមត្ថកិច្ច បានធ្វើការស្រាវជ្រាវរក និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈុន យូហួត ហៅគ្រី យូហួត ដែលកំពុងលាក់ខ្លួននៅផ្ទះជីដូន ក្នុងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ។
លុះដល់ម៉ោង១៧និង៥០នាទី ថ្ងៃដដែល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហាក់ ឡាលីន ហៅយួន នៅនឹងផ្ទះក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខណៈពេលដែលជនសង្ស័យលួចចូលផ្ទះរបស់ខ្លួន ដើម្បីយកសំលៀកបំពាក់គេចខ្លួន។
ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួន តាមបញ្ជារបស់ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments