Ad Code

រញ្ជួយ​ដី​កម្រិត ​៧.២​ រ៉ិ​ច​ទ័​រ​វាយប្រហារ​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​



​ក្រុមមន្ត្រី​បាន​និយាយថា ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​ប៉ុន្តែ​មាន​ជម្រៅ​ជ្រៅ​កម្រិត​៧.២​រ៉ិ​ច​ទ័​រ​បានធ្វើ​ឲ្យ​រញ្ជួយ​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​នៅ​ថ្ងៃ​អង្គារ​ដោយបាន​កាត់ផ្តាច់​អគ្គិសនី​និង​បង្ក​ការ​បំផ្លិចបំផ្លាញ​ថ្វីបើ​មិនមាន​របាយ​ករ​ណ៍​ភ្លាមៗ​អំពី​ការខូចខាត​ធ្ងន់ធ្ងរ​ក៏ដោយ​។

​យោងតាម​ក្រុម​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ការរញ្ជួយ​នេះ​បានកើត​ឡើង​នៅ​ជម្រៅ​១២៧​គីឡូម៉ែត្រ​ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន Bulolo ហើយ​រង្គើ​ដល់​រដ្ឋធានី Port Moresby ដែលមាន​ចម្ងាយ​ប្រហែលជា​២៥០​គីឡូម៉ែត្រ​ពី​ទីនោះ​។

​ក្រុម​មន្ត្រី​បាន​និយាយថា មិនមាន​របាយការណ៍​ភ្លាមៗ​អំពី​ការខូចខាត​ធំដុំ​ទេ​ហើយ​ជម្រៅ​នៃ​ការ​រញ្ជួយ​នេះ​មានន័យថា គ្មាន​ការ​គំរាមកំហែង​ពី​រលក​យក្ស​ស៊ូណាមិ​ឡើយ​។មេបញ្ជាការ​ប៉ូលិស​ក្រុង Bulolo លោក Leo Kaikas បាន​ប្រាប់ AFP ថា “​យើង​មិនទាន់​មាន​សេចក្ដី​រាយការណ៍​នៅឡើយ​ទេ​”​។ លោក​បន្តថា “​យើង​នៅតែ​កំពុង​វាយតម្លៃ​អំពី​ស្ថានការណ៍​នេះ​”​។

​យោងតាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា មាន​មនុស្ស​ប្រហែល​១១០,០០០​នាក់​រស់នៅក្នុង​ចម្ងាយ​៥០​គីឡូម៉ែត្រ​នៃ​ចំណុច​កណ្តាល​នៃ​ការរញ្ជួយ​។ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Moresby បាន​និយាយថា ខណៈ​ពេលដែល​មិនមាន​របាយការណ៍​ពី​ការខូចខាត​ដំបូង​នោះ​ប៉ុន្តែ​ព័ត៌មាន​ពី​តំបន់​រញ្ជួយ​អាច​ត្រូវការ​ពេលវេលា​ដើម្បី​ទទួលបាន​។

អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់ AFP ថា “​យើង​កំពុង​រង់ចាំ​ការវាយតម្លៃ​”​។គួរ​បញ្ជាក់ថា តំបន់​ខ្ពង់រាប​របស់​ប្រទេស​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​ការរញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ច​ទ័​រកា​លពី​ខែកុម្ភៈ​ឆ្នាំមុន​ដែល​បាន​កប់​ផ្ទះសម្បែង​និង​បង្ក​ឲ្យ​មានការ​បាក់​ដី​ដែល​សម្លាប់​មនុស្ស​យ៉ាងតិច​១២៥​នាក់​។​ ទំហំ​នៃ​គ្រោះមហន្តរាយ​នោះ​មិនត្រូវ​បានបង្ហាញ​ច្បាស់លាស់​ទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដោយសារតែ​ទំនាក់ទំនង​និង​ហេដ្ឋារចនាសម្ព័ន្ធ​អន់​ខ្សោយ​របស់​ប៉ា​ពួ​ញូ​ហ្គី​ណេ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu