រតនគិរី ៖ ប្រជាពលរដ្ឋម្នាក់ បានបណ្ដើរសត្វឆ្កែនៅក្នុងព្រៃ ហើយបានប្រទះឃើញគ្រោងឆ្អឹងសពបុរសម្នាក់ ដែលបានស្លាប់ជាច្រើនខែកន្លងមកហើយនោះ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលឃើញគ្រោងឆ្អឹងនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ត្រង់ចំណុចអូរកាច់ចង្កេះ ស្ថិតនៅក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំសេរីមង្គលបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍ ក្រោយពីទទួលបានព័ត៌មានពីអ្នកបណ្តើរឆ្កែក្នុងព្រៃមកថា បានឃើញគ្រោងឆ្អឹងសាកសពនៅត្រង់ចំណុចខាងលើ បន្ទាប់មកកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុជាមួយសាច់ញាតិជនរងគ្រោះ និងពិនិត្យសាកសពឃើញថា គ្រោងឆ្អឹងខោអាវនេះ ពិតជាបងប្អូនរបស់សពដែលបានបាត់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ពិតប្រាកដមែន។
មន្ត្រីនគរបាលប៉ុស្តិ៍បានបន្តថា សពមានឈ្មោះ វណ្តី មុល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំកើតហេតុខាងលើ មុខរបរកសិករ និង មានប្រពន្ធផងដែរ។
អធិការនគរបាលស្រុកកូនមុំ លោក ភោក បូរិទ្ធ បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ឧសភានេះ ថា លោកកំពុងជាប់រវល់ប្រជុំជាមួយអភិបាលខេត្តនៅក្នុងក្រុមហ៊ុនដូងប្រេង ហ័ងអញ់អណ្តូងមាស(វៀតណាម)។ យ៉ាងណានោះលោកអធិការរូបនេះមិនបានបញ្ជាក់ប្រាប់ថា ករណីនេះជាករណីអ្វីនៅឡើយនោះទេ។
តាមការប្រទះឃើញគ្រោងឆ្អឹងនោះមក កម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញអធិការស្រុកកូនមុំ បានចុះត្រួតពិនិត្យសពរួចរាល់ កម្លាំងប៉ុស្តិ៍បានប្រគល់គ្រោងឆ្អឹងសពទៅឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
គ្រោងឆ្អឹងសពខាងលើនេះដែរ ក្រោយពីបានបាត់ខ្លួនមក ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារ កម្លាំងប៉េអឹមស្រុក កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិ នាំគ្នាដើររុករកគ្រប់ទីកន្លែងច្រកល្ហក ប៉ុន្តែរកមិនឃើញសោះ។
លុះមកដល់រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ បានអ្នកបណ្ដើរសត្វឆ្កែក៏ជួបប្រទះឃើញគ្រោងឆ្អឹងនេះតែម្តង។
សូមបញ្ជាក់ថា គ្រោងឆ្អឹងសពបុរសម្នាក់ខាងលើនេះ បានបាត់ខ្លួនជាច្រើនខែមកហើយ ក្រោយមកត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃ ប៉ុន្តែមិនដឹងថា តើស្លាប់ដោយសារអត់បាយ ឬ ក៏ខ្យល់គរនោះ ឬមួយជារឿងករណីឃាតកម្ម?៕
Source: Kampuchea Thmey Daily
0 Comments