កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកបានធ្វើកិច្ចចរចាប្រកបដោយភាពវិជ្ជមានជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ស្តីពីវិបត្តិនៅប្រទេសវេណេហ្ស៊ូអេឡាដែលជាកន្លែងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងជំរុញឲ្យបណ្តេញប្រធានាធិបតីដែលគាំទ្រដោយទីក្រុងមូស្គូ។
មេដឹកនាំអាមេរិកបានបង្ហាញពីភាពសម្រុះសម្រួលបន្ទាប់ពីការសន្ទនារយៈពេលជាងមួយម៉ោងជាមួយលោក Putin។ ការសន្ទនានេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការបរាជ័យនៃការបះបោរយោធាគាំទ្រលោក Juan Guaido ដែលជាមេដឹកនាំគណបក្សប្រឆាំងកំពុងព្យាយាមជំរុញឲ្យប្រធានាធិបតីវេណេហ្ស៊ូអេឡាលោក Nicolas Maduro ចុះចេញពីតំណែង។
លោក Trump បានថ្លែងថា “វាជាការសន្ទនាយ៉ាងវិជ្ជមាន។ គាត់មិនសម្លឹងទៅរកការចូលរួមនៅក្នុងប្រទេសវេណេហ្ស៊ូអេឡាក្រៅពីគាត់ចង់ឃើញអ្វីមួយវិជ្ជមានកើតឡើងសម្រាប់វេណេហ្ស៊ូអេឡាទេ។ ហើយខ្ញុំមានអារម្មណ៍ដូចគ្នាដែរ។ យើងចង់ទទួលបានជំនួយមនុស្សធម៌ខ្លះ។ ឥឡូវនេះមនុស្សកំពុងអត់ឃ្លានយ៉ាងខ្លាំង”។
សំដីរបស់លោក Trump មានភាពខុសគ្នាស្រឡះពីទីប្រឹក្សាកំពូលរបស់លោកជាពិសេសរដ្ឋមន្ត្រីក្រសួងការបរទេសលោក Mike Pompeo ដែលនៅសប្តាហ៍នេះបានចោទប្រកាន់ថា ជនសង្គមនិយម Maduro បានត្រៀមខ្លួនរត់គេចទៅប្រទេសគុយបាប៉ុន្តែត្រូវបានបញ្ឈប់ដោយរុស្ស៊ី។
ភាពតានតឹងរវាងអាមេរិកនិងរុស្ស៊ីបានកើនឡើងខ្ពស់អស់រយៈពេលរាប់ខែអំពីបញ្ហាប្រទេសវេណេហ្ស៊ូអេឡាហើយការវាយតម្លៃរបស់វិមានក្រឹមឡាំងអំពីការនិយាយទូរស័ព្ទរវាងលោក Trump និងលោក Putin គឺមានភាពខុសគ្នាពីសេតវិមាន។
សេចក្តីថ្លែងការណ៍របស់រុស្ស៊ីបាននិយាយថា “ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងការប៉ុនប៉ងផ្លាស់ប្តូរភាពជាអ្នកដឹកនាំនៅក្នុងទីក្រុង Caracas តាមរយៈកងកម្លាំងគឺធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពដោះស្រាយជម្លោះដោយសន្តិវិធី”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “លោក Vladimir Putin បានសង្កត់ធ្ងន់ថា មានតែប្រជាជនវេណេហ្ស៊ូអេឡាប៉ុណ្ណោះ ដែលមានសិទ្ធិក្នុងការសម្រេចអំពីអនាគតនៃប្រទេសរបស់ពួកគេបាន”៕ AFP
Source: Kampuchea Thmey Daily
0 Comments