ស្ទឹងត្រែង ៖ ស្ថានីយប្រេងឥន្ធនៈ និងហ្គាស៍យីហោប៉ាវចិន្តា ដែលរងឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង 5 និង 30នាទីល្ងាច ថ្ងៃទី 3 ខែឧសភា ឆ្នាំ 2019 ម្សិលមិញនេះ បណ្ដាលឲ្យខាតបង់អស់ប្រាក់រាប់ម៉ឺនដុល្លារ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ ដែលឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ មានឈ្មោះយីហោប៉ាវចិន្តា២ ដែលមានលក់សាំង និង ហ្គាស៍ដ៏ធំមួយ នៅចំណុចខាងលើនោះ។
បើតាមការរៀបរាប់របស់បុរសម្នាក់ដែលជិះឡានទៅចាក់សាំងនៅចំណុចនោះបាននិយាយថា មុនកើតហេតុ ម្ចាស់ស្ថានីយបានផ្សារដែកពេលដែលរថយន្តស៊ីទែនដឹកហ្គាស៍យកទៅបញ្ចូលដាក់នៅស៊ីទែនពីរធំៗផ្សេងទៀតនោះ បានធ្លាក់កម្ទេចផ្កាភ្លើងចំ ធ្វើឲ្យមានការឆាបឆេះតែម្ដង។ បន្ទាប់ពីឆេះនេះ ស៊ីទែនហ្គាស៍មួយដ៏ធំនៅលើរថយន្តបានផ្ទុះយ៉ាងខ្លាំង ធ្វើឲ្យរង្គើផ្ទះប្រជាពលរដ្ឋ និង មានអំបែងដែកហោះហើរពេញមេឃ និងបណ្ដាលឲ្យមនុស្សស្រីម្នាក់និងប្រុស 2 នាក់រងរបួសធ្ងន់។
សមត្ថកិច្ចបន្តទៀតថា នៅក្នុងហេតុការណ៍ឆេះនេះវាបណ្ដាលឲ្យខូចខាតរថយន្តស៊ីទែនដឹកហ្គាស៍ធុនធំមួយគ្រឿង ស៊ីទែនផ្ទុះហ្គាស៍ 2 រថយន្តតាកូម៉ា2គ្រឿង ម៉ូតូ 4 គ្រឿង និងសម្ភារៈ រួមទាំងផ្ទះមួយខ្នង និងផ្ទះជុំវិញជាច្រើនខ្នងទៀត ក្រោមកិច្ចអន្តរាគមន៍បាញ់ទឹកបណ្ដាលឲ្យរងផលប៉ះពាល់ជាច្រើនខ្នងផងដែរ។
នៅក្នុងកិច្ចអន្តរាគមន៍នេះ ក៏មាន ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួមជាមួយស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចុះអន្តរាគមន៍យ៉ាងដីដុតជើង ដើម្បីគ្រប់គ្រងស្ថានការណ៍ដែលកំពុងកើតមាននៅក្នុងហេតុការណ៍នេះ។ ក្នុងនោះយើងបានប្រើរថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន 2 គ្រឿង រួមជាមួយរថយន្តនៅតាមបណ្ដាស្រុក ក្នុងខេត្តទាំងអស់មានចំនួន 5 ទៅ 6 គ្រឿង បានចុះបាញ់អន្តរាគមន៍ចាប់ពីម៉ោង 5និង30 នាទី រហូតដល់ម៉ោង 12 យប់ ទើបគ្រប់គ្រងស្ថានការណ៍បាន។
នៅក្នុងការឆាបឆេះស្ថានីយប្រេងឥន្ធនៈ និង ហ្គាស៍នេះ សមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យទៅលើទីតាំងកើតហេតុរកឃើញថា មកពីការផ្សារដែក ហើយខ្ទាតកម្ទេចផ្កាភ្លើងទៅលើការរីកសាយភាយហ្គាស៍ បណ្ដាលឲ្យឆាបឆេះតែម្ដង។
ចំណែកទំហំ នៃការខូចខាត យើងបានរកឃើញនូវទីតាំងនោះមានរថយន្តធុនធំដឹកស៊ីទែនហ្គាស៍មួយគ្រឿង បានផ្ទុះដាច់ស៊ីទែន 2 និងស៊ីទែនពីរគ្រឿង ដែលផ្ទុកហ្គាស៍ បានឆាបឆេះទាំងអស់ និងរថយន្តតាកូម៉ា ពីរគ្រឿងម៉ូតូ 4គ្រឿង ផ្ទះមួយខ្នង រួមជាមួយសម្ភារៈជាច្រើនទៀត ដែលយើងប៉ាន់ស្មានមានទឹកប្រាក់រហូតទៅដល់រាប់ម៉ឺនដុល្លារឯណោះ៕
Source: Kampuchea Thmey Daily
0 Comments