រូបគំនូរទ្វារបន្ទប់គុកលើកោះ Robben គូរដោយអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Nelson Mandela ដែលជាកន្លែងលោកបានជាប់ឃុំឃាំងអស់រយៈពេល១៨ឆ្នាំនោះ ត្រូវបានដាក់លក់កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងញូវយ៉កក្នុងតម្លៃ១១២ ៥៧៥ ដុល្លារអាមេរិក។
ផ្ទាំងគំនូរ "ទ្វារបន្ទប់គុកនៅកោះ Robben” ត្រូវបានគូរបញ្ចប់ក្នុងឆ្នាំ២០០២ដោយជយលាភីរង្វាន់ណូបែលសន្តិភាពបានឡើងផុតការប៉ាន់ស្មានតម្លៃដែលផ្ដល់ឱ្យដោយក្រុមអ្នកវាយតម្លៃនិងដាក់ដេញថ្លៃវិចិត្រសិល្បៈBonhamsដោយបានដាក់ក្នុងចន្លោះតម្លៃ៦ម៉ឺន ទៅ ៩ម៉ឺនដុល្លារ។
រូបគំនូរគូរដោយគូល័រទៀនមួយផ្ទាំងនេះបង្ហាញពីរបារទ្វារ២-៣ដើមនិងកូនសោក្នុងគន្លឹះចាក់សោគូរដោយប្រើពណ៌ស្វាយ។នេះគឺជាស្នាដៃមួយក្នុងចំណោមស្នាដៃផ្សេងទៀតក្នុងអំឡុងពេលលោក Mandela ជាប់ពន្ធនាគារសរុប២៧ឆ្នាំនិងបានជំរុញឱ្យមានចលនាបះបោរប្រឆាំងរបប Apartheid ដែលជារបបប្រកាន់ពូជសាសន៍និងបានបន្តរក្សាទុករហូតដល់មរណភាពរបស់លោកនៅឆ្នាំ២០១៣។
លោកGiles Peppiatt នាយកផ្នែកគំនូរសម័យអាហ្វ្រិករបស់ក្រុមអ្នកដេញថ្លៃបាននិយាយថាអតីតប្រធានាធិបតីស្បែកខ្មៅរបស់អាហ្វ្រិកខាងត្បូងរូបនេះបានគូររូបគំនូរសរុបពី២០ទៅ២៥ផ្ទាំង។រូបខ្លះត្រូវបានគូរឡើងវិញនៅលើផ្ទាំងថ្មដើម្បីធ្វើការរៃអង្គាសប្រាក់សម្រាប់មូលនិធិណែលសាន់មែនដេឡា។
គួរបញ្ជាក់ថារូបគំនូររបស់លោកមែនដេឡាមួយផ្ទាំងនេះគឺជាស្នាដៃមួយក្នុងចំណោមស្នាដៃទាំង៦ដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារដាក់លក់នៅសារមន្ទីរអាហ្វ្រិកកាលពីថ្ងៃព្រហស្បតិ៍៕AFP
Source: Kampuchea Thmey Daily
0 Comments