ចំនួនអ្នកស្លាប់ពីការវាយប្រហារនៅវិហារឥស្លាមក្រុង Christchurch បានកើនឡើងដល់៥១នាក់បន្ទាប់ពីបុរសសញ្ជាតិទួរគីអាយុ៤៦ឆ្នាំម្នាក់បានស្លាប់ដោយសាររបួសក្នុងការបាញ់ប្រហារកាលពីថ្ងៃទី១៥ខែមីនា។ នេះបើយោងតាមសំដីរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern។
លោកស្រី Ardern បានថ្លែងថា “នេះជាព័ត៌មានគួរឲ្យសោកស្តាយសម្រាប់ទូទាំងប្រទេសទួរគីក៏ដូចជានូវែលហ្សេឡង់ផងដែរ។ បុរសរូបនេះបានទទួលការថែរក្សាយ៉ាងយកចិត្តទុកដាក់តាំងពីការវាយប្រហារមក។ ហើយយើងទាំងអស់គ្នាសង្ឃឹមថានឹងទទួលបានលទ្ធផលល្អបំផុត។ ប៉ុន្តែឥឡូវនេះ គាត់បានទទួលមរណភាពដោយសាររបួសក្នុងការបាញ់ប្រហារនៅវិហារឥស្លាម Al Noor”។
ប៉ូលិសបាននិយាយថា បុរសរូបនេះបានស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ហើយក្រុមគ្រួសាររបស់គាត់បានស្នើសុំកុំបញ្ចេញឈ្មោះរបស់គាត់ជាសាធារណៈ។
ជនជាតិអូស្ត្រាលីឈ្មោះ Brenton Tarrant ត្រូវបានគេចោទប្រកាន់ពីបទវាយប្រហារទៅលើវិហារឥស្លាមពីរកន្លែងដែលនៅទីនោះអ្នកគោរពបូជាកំពុងប្រមូលផ្ដុំគ្នាសម្រាប់ការអធិដ្ឋានថ្ងៃសុក្រ។
ឥឡូវនេះគាត់កំពុងស្ថិតនៅក្នុងពន្ធនាគារសន្តិសុខអតិបរមាហើយកំពុងទទួលការធ្វើតេស្តជំងឺផ្លូវចិត្តដើម្បីកំណត់ថាតើគាត់មានសតិសមស្របដើម្បីចូលរួមការជំនុំជម្រះក្តីពីបទមនុស្សឃាតចំនួន៥០ករណីនិងឃាតកម្មប៉ុនប៉ងជាមុនចំនួន៣៩នាក់ដែរឬក៏អត់។
ប៉ូលិសបាននិយាយថា ការស្លាប់ចុងក្រោយបំផុតគឺជាបុរសម្នាក់ដែលត្រូវបានគេបាញ់សម្លាប់នៅវិហារឥស្លាម Al Noor ដែលជាកន្លែងជនរងគ្រោះជាង៤០នាក់ត្រូវបានសម្លាប់មុនពេលខ្មាន់កាំភ្លើងបើកការវាយប្រហារនៅវិហារឥស្លាមមួយផ្សេងទៀតនៅជាយក្រុង Linwood។
លោកស្រី Ardern បាននិយាយថា មនុស្សចំនួន៩នាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យហើយពួកគេទាំងអស់ស្ថិតក្នុងស្ថានភាពធម្មតា។
បន្ទាប់ពីការវាយប្រហារនោះ លោកស្រី Ardern បានហៅការបាញ់ប្រហារសម្លាប់រង្គាលអាក្រក់បំផុតនៅក្នុងប្រវត្ដិសាស្ដ្រសម័យថ្មីរបស់ប្រទេសនូវែលហ្សេឡង់មួយនេះថាជាថ្ងៃដ៏ខ្មៅងងឹតមួយរបស់ប្រទេស៕ AFP
Source: Kampuchea Thmey Daily
0 Comments