ក្រុមហ៊ុនTencent Holdings Ltd កាលពីថ្ងៃពុធ បានបិទការសាកល្បងរបស់ខ្លួនលើហ្គេមដ៏ពេញនិយមទូទាំងពិភពលោក "PlayerUnknown's Battlegrounds" ក្នុងប្រទេសចិននិងបានផ្លាស់ប្ដូរឱ្យអ្នកលេងអាចលេងក្នុងរូបភាពស្រដៀងនឹងវីដេអូហ្គេម ដែលមានលក្ខណៈស្នេហាជាតិដោយមានការយល់ព្រមពីនិយតករដើម្បីអាចទាញរកប្រាក់ចំណូលបាន។
មេដឹកនាំក្រុមហ៊ុនវីដេអូហ្គេមរបស់ចិនមួយនេះបានរង់ចាំអស់ជាង១ឆ្នាំមកហើយដើម្បីទទួលបានអនុញ្ញាតឱ្យរកលុយពីហ្គេម PUBG តាមរយៈការទិញក្នុងកម្មវិធីដែលមានការផ្ដល់ជូនឈាមសម្រាប់លេងពោលគឺហ្គេមដែលបង្កើតដោយកូរ៉េខាងត្បូងមួយនេះត្រូវធ្វើកំណែទម្រង់ទាំងស្រុងឱ្យមានលក្ខណៈសង្គមនិយមដើម្បីឱ្យត្រូវនឹងគោលការណ៍ដ៏តឹងរឹងរបស់រដ្ឋាភិបាល។
នៅលើគណនីផ្លូវការរបស់ហ្គេមមួយនេះដែលបានបង្ហោះលើបណ្ដាញសង្គមយក្សរបស់ចិន Weibo ក្រុមហ៊ុនTencentបានសរសេរថាខ្លួននឹងបញ្ចប់ដំណាក់កាលសាកល្បងសម្រាប់ហ្គេម PUBG ហើយខ្លួនបានដំណើរការវគ្គមួយក្នុងហ្គេមនិយាយពីការប្រឆាំងភេរវកម្មឈ្មោះថា "Game for Peace” ដែលបានទទួលការយល់ព្រមឱ្យរកលុយបាននៅខែមេសាកន្លងទៅនេះ។
អ្នកវិភាគមកពីធនាគារវិនិយោគChina Renaissanceបានលើកឡើងថា "ជាមួយហ្គេមទូរសព្ទ PUBG Mobile ដែលមានអ្នកលេងជាមធ្យមប្រហែល៧០លាននាក់ក្នុងមួយថ្ងៃក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះយើងរំពឹងថា Game for Peace នឹងអាចរកចំណូលបានពី៨ពាន់លានយាន់ទៅ១ម៉ឺនលានយាន់ (១,១៨ពាន់លានដុល្លារអាមេរិកទៅ១,៤៨ពាន់លានដុល្លារអាមេរិក) សម្រាប់ចំណូលប្រចាំឆ្នាំ។"
ដោយឡែកអ្នកវិភាគហ្គេមមកពីក្រុមហ៊ុនIHS Markit អ្នកនាង Cui Chenyuបាននិយាយថាមតិយោបល់របស់អ្នកប្រើប្រាស់បានបង្ហាញថា Game of Peace មានលក្ខណៈស្រដៀងជាមួយ PUBG ខ្លាំងដែលពីមុនគេស្គាល់ថាBluehole។ ក្រុមហ៊ុនTencentបានសុំអាជ្ញាប័ណ្ណសម្រាប់ PUBG និងបានបង្កើតជាទម្រង់លេងលើទូរសព្ទសម្រាប់ហ្គេមមួយនេះ។
នាងបានបន្តថា "វាពិតជាស្រដៀងគ្នាខ្លាំងតែម្ដងទាំងរបៀបលេង Background ការរចនារូបភាពនិងសូម្បីតែតួអង្គស្ទើរតែគ្មានខុសគ្នាអីបន្តិច។" REUTERS
Source: Kampuchea Thmey Daily
0 Comments