ពួកអ្នកស៊ើបអង្កេតឥណ្ឌូនេស៊ីនិយាយថា ការធ្លាក់យន្តហោះ Air Asia Qz851 មិនមែនដោយសារតែអំពើភេរវកម្មទេ នៅក្នុងសេចក្តីថ្លែងការណ៍លើកដំបូងរបស់គេចាប់តាំងពីបានវិភាគម៉ាស៊ីនថតសម្លេងសម្រាប់អ្នកបើកយន្តហោះមក។
អ្នកស៊ើបអង្កេតរបស់គណៈកម្មាធិការដឹកជញ្ជូនលោកអង់ ដ្រៀហាណាន់តូ (Andreas Hananto) បាននិយាយប្រាប់ BBCថា មានការបង្ហាញផងដែរថា យន្តហោះបានប្រឈមមុខនឹងធាតុអាកាសមិនល្អ។
គេគិតថា យន្តហោះបានធ្លាក់នៅថ្ងៃទី២៨ ខែធ្នូ នៅពេលដែលយន្តហោះនោះជួបប្រទះនឹងការពិបាកពីខ្យល់ព្យុះ ដែលកំពុងខិតចូលជិតនោះ។
មនុស្សទាំងអស់១៦២ជិះនៅលើយន្តហោះនោះក្នុងដំណើរពីស៊ូរ៉ាបាយ៉ា ទៅកាន់ប្រទេសសិង្ហបុរីនោះបានស្លាប់។ សាកសពពីរនាក់ទៀត ត្រូវបានគេរកឃើញនៅថ្ងៃច័ន្ទ ដោយនាំមកនូវចំនួនសរុបដែលគេរកឃើញមកទល់ឥឡូវនេះទៅដល់៥៣នាក់ហើយ។
លោកហាណាន់តូ បាននិយាយប្រាប់ BBCថា ពួកអ្នកស៊ើបអង្កេត បានស្តាប់ម៉ាស៊ីនថតសម្លេងរយៈពេលពីរម៉ោង ហើយឃើញថា ពុំមានសម្លេងគំរាមណាមួយនៅលើយន្តហោះនោះទេ លោកនិយាយថា សម្លេងថតនោះហាក់ដូចបង្ហាញឲ្យឃើញថា អាកាសយានិក កំពុងជាប់រវល់នឹងការព្យាយាមគ្រប់គ្រងយន្តហោះ ដើម្បីបញ្ជូនសញ្ញាអាសន្ន៕

0 Comments