ប្រជាជនរាប់សិបនាក់បានស្លាប់ និងត្រូវរបួសនៅពេលការប្រយុទ្ធគ្នាកើនឡើងកាន់តែខ្លាំងនៅតាមបណ្តោយខ្សែត្រៀមជួរមុខនៅភាគខាងកើតអ៊ុយក្រែន ហើយការប្រយុទ្ធគ្នាដើម្បីយកប្រលានយន្តហោះដូណេតបានបន្តតទៅទៀត។
សេចក្ដីរាយការណ៍នានានិយាយថា ការបាញ់កាំភ្លើងធំត្រូវបានគេរាយការណ៍នៅក្នុងតំបន់ជាច្រើននៅភាគខាងកើតតំបន់អ៊ុយក្រែន និងតំបន់លូហាំង ហើយមន្ទីរពេទ្យមួយនៅក្នុងទីក្រុងដូណេត ត្រូវបានវាយប្រហារ។
ទាំងកងកម្លាំងអ៊ុយក្រែន និងពួកឧទ្ទាមស្និទ្ធរុស្ស៊ីនិយាយថា ពួកគេបានគ្រប់គ្រងប្រលានយន្តហោះនោះ។ នៅពេលរុស្ស៊ីព្រមានអ៊ុយក្រែនថា កុំឲ្យធ្វើឲ្យមានកំហុសយុទ្ធសាស្ត្រមួយនោះ ក្រុងគៀរនិយាយថា កងទ័ពរុស្ស៊ីជាច្រើនទៀតបានឆ្លងកាត់ព្រំដែន។
ប្រទេសរុស្ស៊ីបានបដិសេធផ្ទួនៗចំពោះការអះអាងថា កងទ័ពរៀបរយរបស់ខ្លួនកំពុងស្ថិតនៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែបានសារភាពថា មានពួកអ្នកស្ម័គ្រមួយចំនួនកំពុងប្រយុទ្ធរួមដៃជាមួយពួកឧទ្ទាម។ អំពើហិង្សាកើនឡើងនោះ បានចាប់ផ្ដើមកាលពីសប្ដាហ៍មុន នៅពេលការប្រយុទ្ធគ្នា ដើម្បីដណ្ដើមត្រួតត្រាប្រលានយន្តហោះនោះកើនឡើងកាន់តែខ្លាំង។ កងកម្លាំងរដ្ឋាភិបាលបានវាយមកក្រោយពីពួកឧទ្ទាមនិយាយថា ចុងបញ្ចប់ពួកគេបានដណ្ដើមកាន់កាប់អាគារថ្មីដែលបានឡោមព័ទ្ធដោយកងកម្លាំងរដ្ឋាភិបាលអស់រយៈពេលច្រើនខែនោះ៕
រឹទ្ធ

0 Comments