ភ្នំពេញ ៖ ក្រុមយុវជនដែលឈ្លក់ និងគ្រឿងញៀនចំនួន៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះតាមដានស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបានដកហូតថ្នាំញៀនចំនួន១០កញ្ចប់តូច តែទោះជាយ៉ាងណាមន្ដ្រីកងរាជអាវុធហត្ថម្នាក់បានសម្ដែងការសោកស្ដាយ ដោយសាមិនអាចតាមចាប់មេក្លោងនៅពីក្រោយខ្នងពួកគេបាន តែលោកនៅតែព្យាយាមជាប់ជាប្រចាំលុះត្រាបង្ក្រាបក្រុមនេះបានអស់ទើបអស់ចិត្ត។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៤ និង៥នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥នៅចំណុចក្នុងភូមិថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មនុស្សទាំង៤នាក់ដែលត្រូវឃាត់ខ្លួនទី១មានឈ្មោះ គិត ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២មានឈ្មោះ ជាសារឿន ភេទប្រុស អាយុ៣១ ទី៣មានឈ្មោះ ហ៊ឹម រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ និងទី៣មានឈ្មោះសេង វិសេសភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងអស់គ្នាស្នាក់នៅក្នុងប្លុកភូមិថ្មគោលថ្មី សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ទន្ទឹមនឹងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់តូចនោះនៅមានឧបករណ៍
និងសម្ភារៈមួយចំនួនទៀត ដែលបម្រើដល់ការសេព និងចែកចាយថ្នាំញៀនទាំងនោះ។
តាមសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ចំពោះក្រុមនេះកម្លាំងបានដាក់ការតាមដានជាយូរមកហើយ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការមកនោះ ប៉ុន្ដែដោយសាកម្លាំងយើងចង់ក្រសោបឲ្យបានទាំងមេក្លោង និងក្រុមរបស់គេនោះទើបមានការហូសបន្លាយពេលបន្ដិច។
ប្រភពបន្ដថាដោយសាតែយើងមិនអាចរង់ចាំបាន ព្រោះខ្លាចបែកការទើបសម្រេចចិត្តត្រូវតែចុះប្រតិបត្តិការនេះ ហើយមេក្លោងរបស់គេបានគេចខ្លួនបាត់តែម្ដង តែទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចយើងនៅតែបន្តតាមដានឃ្លាំមើលសកម្មភាពរបស់ពួកគេ ជាប្រចាំមិនអាចឲ្យក្រុមនេះគេចរួចពីសំណាញ់ច្បាប់ឡើយ។ ពេលនេះកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕

0 Comments