Ad Code

ចាំ​មិត្តភក្ដិ​យូរ​ពេក ក៏​ជិះ​ម៉ូតូ​តាម​រក​បែរជា​បុក​ជា​មួយ​ម៉ូតូ​មិត្តភក្ដិ​យ៉ាង​ពេញទំហឹង ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់​


កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ខេត្តកំពង់ឆ្នាំង និង​២​នាក់​ទៀត បាន​រង​របួស​ធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នាឯង​យ៉ាង​ពេញទំហឹង។ ករណីនេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ចំណុច​ត្រពាំង​ថ្លាន់ ស្ថិត​ក្នុង​ភូមិ​អណ្ដូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់​លែង។ មន្ត្រី​នគរបាល​ស្រុក​កំពង់​លែង​បាន​និយាយ​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មាន​
ឈ្មោះ ឆៃ ប៊ុន​រាជ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្លែងពរ័ ឃុំ​ត្រងិល ចំណែក​យុវជន​រង​របួស​ធ្ងន់​មាន ឈ្មោះ​ សឿន វ៉ាន់​នី ហៅ​ម៉ាប់ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូង​រនុក និង​ម្នាក់ទៀត​រង​របួស​ស្រាល​មិន​ស្គាល់ឈ្មោះ។ ពួកគេ​ទាំង​៣​នាក់​ជា​មិត្តភក្ដិ​និង​គ្នា(អាច​ហៅថា​ជា​សម្លាញ់​អាប់​ក៏បាន)

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ យុវជន​រងគ្រោះ​ឈ្មោះ ឆៃ ប៊ុន​រាជ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ ទៅ​បបួល​ឈ្មោះ សឿន វ៉ាន់​នី ទៅ​ផឹកស្រា​នៅ​តៀម​អ្នកលក់​ស្រា​ចុង​ភូមិ ក្រោយពី​ផឹក​បាន​មួយស្របក់ ឈ្មោះ ឆៃ ប៊ុន​រាជ ក៏បាន​ប្រាប់​ថា ​ទៅ​ហៅ​មិត្តភក្ដិ​ម្នាក់ទៀត​សិន ហើយក៏​ជិះ​ម៉ូតូ​ចេញទៅ។ មួយស្របក់​ក្រោយមក​ដោយ​ចាំ​យូរ​ពេក​ឈ្មោះ សឿន វ៉ាន់​នី បាន​យក​ម៉ូតូ​ម្ចាស់​តៀមស្រា​ម៉ាក​ស្មា​ស់ ពណ៌​ស ជិះ​ទៅតាម ស្រាប់តែ​មកដល់​ចំណុច​ត្រពាំង​ថ្លាន់ ចៃដន្យ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ ឈ្មោះ​ឆៃ ប៊ុន​រាជ យ៉ាង​ពេញទំហឹង ខណៈ​ដែល​ឈ្មោះ​នេះ​ជិះ​ម៉ូតូ​ដឹក​មិត្តភក្ដិ​ត្រឡប់មកវិញ បណ្ដាល​ឲ្យ​ឈ្មោះ​ឆៃ ប៊ុន​រាជ និង​ឈ្មោះ សឿន វ៉ាន់​នី រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ តែ​ដោយសារ​ឈ្មោះ​ឆៃ ប៊ុន​រាជ របួសធ្ងន់​ពេក ក៏​បាន​ស្លាប់​ពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​បាន​បន្តិច​។ ចំណែក​ឈ្មោះ សឿន វ៉ាន់​នី នៅ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ។ គ្រូពេទ្យ​ខេត្ត​ប្រាប់​ថា រូបគេ​ក៏​ប៉ះពាល់​ដល់​ក្បាល​ធ្ងន់ធ្ងរ​ផង​ដែរ។​
សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅកាន់​លំនៅដ្ឋាន​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង​ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ​ជាមួយ​ភាគី​ទាំង​៣​តាម​នីតិ​វិធី​ច្បាប់៕ ( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu