សៀមរាប ៖ កាលពីថ្ងៃទីទី៥ ខែមករា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចចម្រុះខេត្តដែលដឹកនាំដោយលោកស៊ិន រុន និង លោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្តក្រោមការសម្របសម្រួលរបស់លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប ដោយមានកិច្ចសហការចូលរួមពី អធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប កងកម្លាំងរាជអាវុធហត្ថ នគរបាលខេត្ត ស្រុក ផ្នែកសឹករងស្រុក និង មន្ត្រីបរិស្ថាន បានចុះទៅធ្វើការបង្ក្រាបទប់ស្កាត់ការកាប់រានដីព្រៃរបស់រដ្ឋនៅក្នុងតំបន់ឧទ្យានជាតិនរោត្តមភ្នំគូលែនរបស់ប្រជាពលរដ្ឋក្នុងឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
កិច្ចចុះប្រតិបត្តិការក្នុងការបង្ក្រាបក្នុងរយៈពេលពីរថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចបានចុះធ្វើការរុះរើខ្ទមដែលប្រជាពលរដ្ឋបានធ្វើការសាងសង់បំពាននៅក្នុងដែនដីឧទ្យានជាតិនរោត្តមភ្នំគូលែន ព្រមទាំងបានធ្វើការកាប់បំផ្លាញព្រៃឈើ និងដុតបំផ្លាញព្រៃរបស់រដ្ឋដែលបានដាំតាំងពីឆ្នាំ២០០៧ នៅតំបន់ឧទ្យាន ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ក្នុងសកម្មភាពនេះទាំងអ្នកសារព័ត៌មាន និងកម្លាំងសមត្ថកិច្ច ស្ថាប័នជំនាញ បានចុះធ្វើការត្រួតពិនិត្យនៅក្នុងចំការព្រៃឈើ ដែលទទួលរងការបំផ្លិចបំផ្លាញរបស់ប្រជាពលរដ្ឋនៅចំណុចផ្លូវឡើងទៅភ្នំគូលែន និងចំណុចចំបក់៣ដើម ឃើញថា នៅក្នុងចំការព្រៃឈើទាំងនោះ ត្រូវរងការដុតបំផ្លាញ ព្រមទាំងបានធ្វើការវាស់វែងបែងចែកដីគ្នា ដោយបានដោតជាតម្រុយកំណត់ទីតាំងដីទៀតផង។
តាមការបញ្ជាក់របស់លោក ទា គឹមសុទ្ធ នាយកខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃនេះ កម្លាំងចម្រុះយើងបានធ្វើការបង្ក្រាប ទប់ស្កាត់ ភាពអានាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិនរោត្តមភ្នំគូលែននេះ បានធ្វើការរុះរើរោងមានចំនួន២០៧រោង។ លោកបានបន្តទៀតថា កាលវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ចំការកូនឈើប្រភេទ ឈើទាល គគីរ បេង ដើមអាកាស្យាជាង២០ហិកតា ដែលបានដាំតាំងពីឆ្នាំ២០០៧ ត្រូវបានគេលួចដុតបំផ្លាញចោល ព្រមទាំងមានការបោះតម្រុយបែងចែកដីទៀតផង។ លោកបន្តទៀតថា ដីដែលប្រជាពលរដ្ឋបានចូលមកកាប់ទន្ទ្រានយកនេះ គឺស្ថិតនៅក្នុងដីកាដកហូតរបស់ខេត្ត ហើយត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើធ្វើការដាំដុះឡើងវិញនៅក្នុងតំបន់ដីព្រៃរេចរឹល ហើយការដុតបំផ្លាញនេះ ក៏ជាការឆ្លៀតឱកាសរបស់ជនខិលខូចដើម្បីធ្វើការកាប់ទន្ទ្រានចូលមកកាន់កាប់ដីទាំងនេះផងដែរ។ ក្នុងឱកាសនោះដែរលោក ទា គឹមសុទ្ធ ក៏បានធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកពីភូមិចំបក់បីដើម និងភូមិត្បែងខាងលិចរបស់ឃុំត្បែង ស្រុកបន្ទាយស្រី ដែលបានចូលមកការរានព្រៃឈើនៅក្នុងតំបន់ឧទ្យានជាតិនរោត្តមភ្នំគូលែន គឺជាអំពើមួយដែលល្មើសនឹងច្បាប់រដ្ឋដែលបានកំណត់។ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលកន្លងមកដីនៅក្នុងតំបន់ឧទ្យានជាតិនេះ ត្រូវបានក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន បានធ្វើការវាស់វែង ប្រគល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូនបានរួចរាល់ជាផ្លូវការហើយ។
តែដោយទឹកចិត្តមហិតារបស់ប្រជាពលរដ្ឋផងនោះ បានធ្វើឲ្យប្រជាពលរដ្ឋមានការផ្ទុះកំហឹងទៅនឹងអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងបានដោះអាវដែលមានសញ្ញាគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការជេរប្រមាថដល់ថ្នាក់ដឹកនាំកំពូលៗ ហើយបានដុតអាវមួកកម្ទេចចោលទៀតផង។ ក្នុងសកម្មភាពនេះ ក្រុមប្រជាពលរដ្ឋក៏បានធ្វើការបិទផ្លូវមិនឲ្យធ្វើចរាចរណ៍ទៅមករបស់ភ្ញៀវទេសចរដែលបានវិលត្រឡប់ពីទស្សនាលើភ្នំគូលែន ដែលជាទង្វើមួយមិនល្អសម្រាប់ប្រជាជនក្នុងឃុំត្បែង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ខេត្តទេសចរណ៍ និងសង្គមជាតិផងដែរ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនមនុស្សស្រី/ប្រុស ចំនួន០២នាក់ ដែលមានការពាក់ព័ន្ធក្នុងករណីញុះញង់ឲ្យប្រជាពលរដ្ឋមានកំហឹងទៅនឹងអាជ្ញាធរទៀតផង៕
គឿនវេតស

0 Comments