ភ្នំពេញ ៖ នៅពេលនឹកទៅដល់៣ឆ្នាំ៨ខែ២០ថ្ងៃ ក្នុងរបបប៉ុលពត គឺដូចជាឃើញនៅក្នុងទារុណកម្មយ៉ាងសាហាវក្នុងមន្ទីរស២១ ឬ ហៅថាគុកទួលស្លែង ហើយត្រូវបានកវីនិពន្ធជាអតីតអ្នកកាសែតមួយរូប បាននិពន្ធអំពីសោកនាដកម្មដ៏ជូរចត់ក្នុងគុកទួលស្លែង។
បណ្តាំគុកទួលស្លែង បានដង្ហោយទៅតាមសំនៀងដ៏រណ្ដំចិត្តឲ្យញាប់ញ័រ និងមិនអាចបំភ្លេចបាននោះឡើយ។ ទំនួញត្អូញត្អែរស្ទើរទប់ទឹកភ្នែកមិនបានជាសូរសំនៀងបំពេររៀបរាប់ផ្តែផ្តាំឲ្យចងចាំជានិច្ចនូវទារុណកម្មក្នុងគុកទួលស្លែង។
កវីលោក អ៊ិន សុផារ៉ា ដែលមានវ័យជ្រេបន្តិចទៅហើយ បានឲ្យកម្ពុជាថ្មីដឹងថា ក្នុងឆ្នាំ២០១៥នេះមានមហាជនគាំទ្រច្រើន ដោយឲ្យឡើងច្រៀងបទបណ្តាំគុកទួលស្លែងនៅស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍មុនថ្ងៃរំលឹកខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ៧ មករា ១៩៧៩២០១៥។ លោក អ៊ិន សុផារ៉ាបន្តថា បទចម្រៀង បណ្តាំគុកទួលស្លែង ដែលរូបលោកនិពន្ធនិងច្រៀងដោយខ្លួនផ្ទាល់អស់រយៈពេលជាង៣០ឆ្នាំមកហើយលើកញ្ចក់ទូរទស្សន៍ ហើយក្នុងឆ្នាំ២០១៥ ឃើញថាប្លែកដោយមានអ្នកគាំទ្រច្រើន ផ្តាំចាស់ក្នុងគ្រាដែលរូបគាត់កាន់តែមានវ័យជ្រេរទៅហើយនោះ។
ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៦ទិវាជ័យជំនះ ៧ មករា២០១៥ លោក ហ៊ុន សុខា ប្រធានក្លឹបកាសែតឯករាជ្យ បានឧបត្ថម្ភដល់លោក អ៊ិន សុផារ៉ាចំនួន៦០ម៉ឺនរៀលក្នុងនាមរូបលោកជាអ្នកកាសែតចាស់ទុំ ព្រមជាមួយនេះក៏បានឧបត្ថម្ភប្រាក់ចំនួន១០០ដុល្លារទៀតដែលរូបលោកអ៊ិន សុផារ៉ាឡើងច្រៀងបទបណ្តាំគុកទួលស្លែងរំលឹកពីសោកនាដកម្មប្រល័យពូជសាសន៍ប៉ុលពត។ រូបលោកអ៊ិន សុផារ៉ា បានថ្លែងដឹងគុណថ្ងៃ ៧ មករានិងដល់ស្ថានីយទូរទស្សន៍នានា។
គួរបញ្ជាក់ថា លោក អ៊ិន សុផារ៉ា ពុំត្រឹមតែជាម្ចាស់បទបណ្តាំគុកទួលស្លែងនោះទេ ក៏ជាអ្នកនិពន្ធបទ សាវតាក្មេងវត្ត ដែលបានទទួលបានការគាំទ្រពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាសតវត្សទី៩០ផងដែរ៕

0 Comments