កំពត ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានមានអះអាងថា នាពេលបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាឃាតករសម្លាប់មនុស្សច្រើនជាងគេនៅកម្ពុជា។ ដូចនេះ សម្ដេចសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរតាមដងផ្លូវ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ នៅក្នុងពិធីចែកអំណោយជាស្បៀង និង សម្ភារៈ ដែលបានចែកដល់គ្រួសារអ្នកផ្ទុករោគអេដស៍ ចាស់ជរាគ្មានទីពឹង និងកុមារកំព្រាចំនួន៣.៩៧០គ្រួសារ មកពីស្រុកទឹកឈូ ស្រុកដងទង់ ស្រុកឈូក ស្រុកអង្គរជ័យ ស្រុកជុំគីរី ស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច និងក្រុងកំពត ក្នុងខេត្តកំពត។
សម្ដេចប្រធានបានមានប្រសាសន៍បន្តថា « ពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព, អ្នកជិះរថយន្តត្រូវពាក់ខ្សែក្រវាត់កុំបើកបរហួសល្បឿនកំណត់ កុំសេពគ្រឿងស្រវឹង និងមិនត្រូវផ្ទុកលើសទម្ងន់ឡើយ និងសូមឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ ត្រូវអប់រំអ្នកបើកឲ្យគោរពច្បាប់ និង ទាមទារឲ្យអ្នកបើកបរ ត្រូវទទួលការបណ្តុះបណ្តាលច្បាប់ចរាចរណ៍ និងមានប័ណ្ណបើកបរត្រឹមត្រូវ»។
យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន០៨លើកបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៥នាក់។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង០៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១២គ្រឿង ក្នុងនោះមានម៉ូតូចំនួន០៩គ្រឿង, រថយន្តធុនតូចចំនួន០១គ្រឿង, រថយន្តធុនធំ០១គ្រឿង និងយានផ្សេងៗ០១គ្រឿងផងដែរ។
ចំពោះមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺល្មើសល្បឿន០៣លើក, មិនប្រកាន់ស្តាំ០១លើក, ប្រជែងគ្រោះថ្នាក់០១លើក, ស្រវឹង០១លើក, កត្តាផ្លូវ០១លើក និងកត្តាយានយន្ត០១លើក ក្នុងនោះមានអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាព១៣នាក់។
ក្រៅពីនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមមេត្តារក្សាសុខភាព ត្រូវថែរក្សាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដោយរស់នៅស្អាត,ផឹកស្អាត ហូបស្អាត។ សម្ដេចក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវរកប្រជាពលរដ្ឋណាដែលជួបការខ្វះខាត ពិតប្រាកដ និងអ្នកដែលត្រូវការជំនួយជាក់ស្តែង ដើម្បីងាយស្រួលក្នុងការកំណត់គោលដៅ នៃការផ្តល់ជំនួយសប្បុរសធម៌បានទាន់ពេលវេលា ដោយមិនទុកឲ្យពលរដ្ឋណាមួយរងភាពលំបាកលំបិន ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។
ពាក់ព័ន្ធបញ្ហាជំងឺអេដស៍ សម្ដេចប្រធានបានបញ្ជាក់ថា ថ្វីត្បិតអត្រានៃការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះ នៅកម្ពុជាបានធ្លាក់ចុះបន្តិចក្តី ប៉ុន្តែបញ្ហានេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ជីវិតប៉ុណ្ណោះទេ តែវាបានបង្កឱ្យមានជំងឺរ៉ាំរ៉ៃទាមទារឱ្យមានពេលវេលាថែទាំ និងព្យាបាលធ្វើឱ្យខាតបង់ទាំងពេលវេលាធនធាន ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជំរុញ និងលើកទឹកចិត្តឱ្យអ្នកផ្ទុកមេរោគអេដស៍ម្នាក់ៗហ៊ាននិយាយការពិតពីជំងឺអេដស៍ ជាពិសេសសូមកុំឱ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងត្រូវទៅទទួលយកឱសថពន្យារអាយុជីវិតឲ្យបានទៀតទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
សម្ដេចប្រធានបានអំពាវនាវឲ្យមាតាបិតា អាណាព្យាបាលទាំងឡាយ ត្រូវអប់រំទូន្មាន ប្រៀនប្រដៅកូនប្រុស កូនស្រី កុំភ្លើតភ្លើន ភ្លេចខ្លួន ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងល្បែងពាលាអាវ៉ាសែ នាំឲ្យប៉ះពាល់ បំផ្លាញជីវិតខ្លួនឯងផង និងបំផ្លាញសុភមង្គល ក្នុងក្រុមគ្រួសារផងដែរ និងបានសំណូមពរដល់ និងអាជ្ញាធរមូលដ្ឋានប្រឹងប្រែងអូសទាញយុវជនដើរផ្លូវខុសទាំងឡាយឲ្យដើរមកលើផ្លូវត្រូវវិញ៕
សំអឿន

0 Comments