Ad Code

ង៉ែ​ត្រ​ រដ្ឋា​ឈ្នះ​ ឯ​ផាន់​សារុន​ចាញ់​ក្នុង​ការ​ប្រកួត​ជាមួយ​ថៃ

ង៉ែ​ត្រ រដ្ឋា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​ឡើង​ប្រកួត​ជំនួស​សារឿន ច័ន្ទ អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​នោះ​ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Phathy Yak Prasalath Nang Koung ដោយ​ពិន្ទុ​ក្នុង​ការ​ជួប​គ្នា​លើ​សង្វៀន​TV3 ថ្ងៃ​ទី​១១​ ខែ​មករា ឆ្នាំ​​២០១៥។

ប្រកួត​គ្នា​ពេញ​ទាំង​៥​ទឹក​នោះ​ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ ​បាន​វាយ​គ្នា​ទៅ​វិញ​ទៅ​មក តែ​ការ​វាយ​ចេញ​របស់​រដ្ឋា​មាន​ប្រសិទ្ធភាព​ជាង។ អ្នក​ប្រដាល់​ថៃ Phathy Yak Prasalath ជា​ញឹកញាប់​គេ​ដកថយ និង​ការពារ​ច្រើនជាង គេ​មិន​សូវ​ហ៊ាន​វាយប្រហារ​មុន​ឡើយ​ព្រោះ​រដ្ឋា​ច្រាស​សង​តប​វិញ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ។

ទោះបីជា​ង៉ែ​ត្រ រដ្ឋា បាន​ទទួល​ជ័យជំនះ​លើ​Phathy Yak Prasalath​ដោយ​ពិន្ទុ​ក្តី ក៏​រដ្ឋា​ត្រូវ​ទ្រម​ខ្លួន​មិន​តិច​ដែរ​ទេ ដោយសារ​កណ្តាប់​ដៃ​របស់​អ្នក​ប្រដាល់​ថៃ​រូប​នោះ​វាយ​ត្រូវ​នោះ។

ចំពោះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Physaphong Aoomkhun ឬ​Toy Khit បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ផាន់ សារុន​ក្លិប​គុជ​សា​កីឡា ដោយ​ពិន្ទុ​ដាច់​តែម្ដង។

Physaphong Aoomkhun​ អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ហើយ ដោយ​ត្រូវ​អ្នក​ប្រដាល់​កម្ពុជា​ពុទ្ធ ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ផ្ដួល​ឲ្យ​ចុះចាញ់​នៅ​ទឹក​ទី​៤​នោះ។ ប៉ុន្តែ​នៅពេល​ជួប​ជាមួយ​ផាន់ សារុន លើក​នេះ គេ​វាយ​ល្អ​ និង​មានប្រៀប​គ្រប់ទឹក​តែម្ដង។ ជាមួយនឹង​ភាព​រហ័សរហួន​នោះ គេ​មាន​ចលនា​បម្លាស់​ទី និង​គេច​ចេញពី​ការវាយប្រហារ​របស់​សារុន​បាន​យ៉ាង​ងាយស្រួល​បំផុត។

ផាន់ សារុន ​បាន​ដេញ​វាយ​ទៅ​លើ Physaphong Aoomkhun គ្មាន​បណ្តាក់​ដៃ​ឡើយ ​តែ​វាយ​មិន​ត្រូវ​ដោយសារ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​គេច​លឿន ធ្វើឲ្យ​សារុន​ដេញ​វាយ​ទាល់តែ​អស់កម្លាំង​ខ្លួនឯង​ទៀតផង។

ក្នុង​ការ​ប្រកួត​៥ ទឹក​នេះ សារុន​វាយ​ចេញ​ច្រើន តែ​មិនសូវ​ចំ​គោលដៅ​នោះ​ទេ ឯ​Physaphong Aoomkhun ការ​វាយ​របស់​គេ​ចំ​គោលដៅ​បាន​ច្រើន។ ទោះបីយ៉ាងណា ក៏​ពួកគេ​ប្រកួត​គ្នា​៥​ទឹក​ពេញ ដែល​លទ្ធផល​ចុងក្រោយ​អ្នក​ប្រដាល់​ថៃ​Physaphong Aoomkhun ឈ្នះ​ផាន់ សារុន​ដោយ​ពិន្ទុ។

ហ៊ឹម សេរី អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​នៃ​ក្លិប​តា​ព្រហ្ម​មានជ័យ បាន​ប្រកួត​យកឈ្នះ​ឡុង បញ្ញា អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

អ្នក​ប្រដាល់​ឡុង បញ្ញា វាយ​ចាញ់​ហ៊ឹម សេរី សឹងតែ​គ្រប់ទឹក ដោយសារតែ​សេរី គេ​មាន​ចលនា​វាយ​រហ័ស លឿន​ជាង ហើយ​ជាមួយ​គ្នានេះ សេរី​គេ​ទប់​និង​ការពារ​បាន​យ៉ាង​ល្អ ជាមួយ​នឹង​វាយបក​របស់​បញ្ញា​នោះ។

ចំណែក​យ៉ា​ម ឡយ អ្នក​ប្រដាល់​ក្លិប​រស្មី​កុមា​កំព្រា​វិញ បាន​ប្រកួត​ចាញ់​ផន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ។ ផន ភឿ​ត​នេះ ក៏​វាយ​ឈ្នះ​យ៉ា​ម ឡយ​ដាច់​ដែរ ដោយ​ក្នុង​ទឹក​ទី​២ គេ​បាន​ដាល់​ត្រូវ​មុខ​យ៉ា​ម ឡយ​ពេញ ធ្វើឲ្យ​ដួល​លើ​រេញ​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨។

គង់ ហ៊ូ​វ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ប្រកួត​ឈ្នះ​រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ៕


Post a Comment

0 Comments

Close Menu