Ad Code

សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ប្រើ​ឧបករណ៍​ឆក់​ត្រី​នៅ​ស្រុក​ព្រែក​ប្រសព្វ

ក្រចេះ​ ៖​ ជន​សង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ កោះ​តា​ស៊ុយ ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥ ខណៈ​ជន​សង្ស័យ​ទាំង​២​នាក់​កំពុង​ធ្វើ​សកម្មភាព ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ឆក់​ត្រី នៅ​ចំណុច​អូរ​វែង​កណ្តាល​កោះ​តា​ស៊ុយ ភូមិ​ចុង​កោះ ឃុំ​កោះ​តា​ស៊ុយ ស្រុក​ព្រែក​ប្រសព្វ។

ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​ឲ្យដឹង​ថា ការ​ចាប់​ជនសង្ស័យ​ទាំងពីរ​នាក់​ខាង​លើ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​លោក​នួន​លាង​ហេង មេឃុំ​កោះ​តា​ស៊ុយ អំពី​សកម្មភាព​ឆក់​ត្រី​នៅ​ចំណុច​ខាងលើ ​ហើយ​លោក​មេឃុំ បានស្នើ​សុំ កម្លាំង​មន្ត្រី​ជំនាញ​ជលផល​ផ្នែក​ព្រែក​ប្រសព្វ​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ឃាត់​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​ភ្លាមៗ។

លោក បែន ប៊ុណ្ណា​រ៉ាវុធ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​មាន​ទី១.​ឈ្មោះ​​សេង ហុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជន​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល​១ ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ និង​ទី​២​.ឈ្មោះ ប៊ី​ន ដា ភេទ​ប្រុស ជាតិខ្មែរ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​២ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង ឧបករណ៍​ល្មើសច្បាប់​មួយចំនួន​ដូចជា​ អាំង​វែ​​ទ័​រ​ឆក់​ត្រី​ចំនួន​១​គ្រឿង​ ដង​ឆក់​១​គូ ថ្នង​ដងត្រី​ចំនួន​១ អាគុយ​៧០​អំពែ​ចំនួន​១​គ្រឿង និង​ត្រី​ចម្រុះ​ទម្ងន់​ជិត​១០​គីឡូក្រាម ផង​ដែរ។

លោក សៀន គិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ក្រចេះ ចាត់ការ​បន្ត​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

ក្នុងនាម​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​ លោក​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​នេសាទ​ទាំង​អស់​មេត្តា​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ជាពិសេស​ដូចជា​ឧបករណ៍​ឆក់​ត្រី​នេះ​ជាដើម ព្រោះ​វា​បង្ក​ឲ្យ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល​នៅ​ក្នុង​ធម្មជាតិ​របស់​យើង។ជាមួយគ្នានេះដែរ ច្បាប់​ស្តីពី​ជលផល ត្រង់​មាត្រា​៩៨ ចំណុច​ទី​៤ បាន​ចែងថា ការធ្វើ​នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿងផ្ទុះ និង​សារធាតុពុល​គ្រប់​ប្រភេទ​នៅ​ក្នុង​ដែន​នេសាទ ត្រូវ​ជាប់ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​ និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល៕

Post a Comment

0 Comments

Close Menu