Ad Code

សង្វៀន​ស្ទឹងមានជ័យ ​៖ ​ខ្មែរ​ឈ្នះ​ថៃ​១ និង​ចាញ់​១

អ្នក​ប្រដាល់​កម្ពុជា​ឈឿន ឆៃ​ដែន ក្លិប​និរោធ​មានជ័យ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Seanrak Kiatmana នៅក្នុង​ទឹក​ទី​៤ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​ខា​រ៉ា​បាវ លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ នា​យប់​ថ្ងៃអាទិត្យ​ទី​១១ ​ខែ​មករា ​ឆ្នាំ​២០១៥​នេះ។

ឆៃ​ដែន ពី​ដំបូង​រាង​យ៉ាប់​ជាមួយ​Seanrak Kiatmana ដែល​ទើប​មាន​អាយុ​១៨​ឆ្នាំ​នោះ​ ដោយ​អ្នក​ប្រដាល់​ថៃ​រូប​នេះ វាយ​រហ័សរហួន ហើយ​មាន​កណ្តាប់ដៃ ទាត់ កែង​និង​ជង្គង់​យ៉ាង​ប៉ិនប្រសប់​ទៀតផង។ ប្រការនេះ ធ្វើ​ឲ្យ​ឆៃ​ដែន​ទ្រម​ខ្លួន​មិន​ស្ទើរ​ទេ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ឆៃ ដែន​គេ​នៅតែ​ព្យាយាម​វាយ​សម្រុក​ទៅ​លើ​Seanrak Kiatmana ​ដែល​ក្នុង​ទឹក​ទី​៣​ឆៃ​ដែន​បាន​ដណ្ដើម​ប្រៀប​ឈ្នះ​វិញ ដោយ​វាយ​អ្នក​ប្រដាល់​ថៃ​រូប​នោះ ឲ្យគាំង​ម្តងៗ​ទៅ​ហើយ។

មក​ដល់​ទឹក​ទី​៤​Seanrak Kiatmana ត្រូវ​ឆៃ​ដែន​ចាប់​វាយ​អុក​ជង្គង់​រហូត​ទាល់តែ​ដួល​ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨។ បន្ទាប់ពី​រាប់​នោះ អ្នក​ប្រដាល់​ថៃ​គេ​វាយ​បាន​មួយ​ប្រាវ​ទៀត​អស់​ស៊ុ​ហ្វ ដែល​ជា​ឱកាស​ល្អ​ហុច​ឲ្យ​ឆៃ​ដែន សង្គ្រុប​ចាប់​អុក​ពោះ​ទឹក​Seanrak ប្រមាណ​៣-៤ បណ្ដាល​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ដួល​ក្រោក​លែង​រួច។

អាជ្ញាកណ្ដាល​លោក​ធន់ សុភា បាន​សម្រេច​បញ្ឈប់​Seanrak Kiatmana​លែង​ឲ្យ​ប្រកួត​ត្រឹមនេះ និង​ផ្តល់​ជ័យជំនះ​ឲ្យ​ទៅ​ឆៃ​ដែន ក្រោយពី​ពិនិត្យ​មើលឃើញ​Seanrak Kiatmana ទៅ​លែង​រួចហើយនោះ។

ឃីម ឌី​ម៉ា អ្នក​ប្រដាល់​កម្ពុជា​មកពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​ជ័យ​បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​Kaithong Sor.Wirachai ដោយ​ពិន្ទុ​ទាំង​មិន​អស់​ចិត្ត បន្ទាប់ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។

ឌី​ម៉ា បាន​ស្តារ​ពិន្ទុ​បាន​មក​វិញ​នៅ​ពីរ​ទឹក​ចុងក្រោយ​ប៉ុណ្ណោះ ខណៈ​ដែ​ល​បី​ទឹក​ដំបូង គេ​ចាញ់​Kaithong Sor.Wirachai​ដាច់​នោះ។ នៅក្នុង​ទឹក​ទី​១ ឌី​ម៉ា ត្រូវ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ដាល់​ត្រូវ​មួយ​ដៃ​យ៉ាង​ដំណំ​ចំ​មុខ បណ្តាល​ឲ្យ​ដួល​ដាច់​ផ្ងារ​ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តង។ ក្រោយមក ឌី​ម៉ា​ក៏ត្រូវ​Kaithong Sor.Wirachai​វាយ​ឲ្យដួល​ជា​លើក​ទី​២ ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តងទៀត​ក្នុង​ទឹក​ដដែល​នេះ។

Kaithong Sor.Wirachai អ្នក​ប្រដាល់​ថៃ​រូបនេះ ឈ្នះ​លើ​ឃីម ឌី​ម៉ា គឺ​ឈ្នះ​រាប់​ឌី​ម៉ា​២ ដង​នេះឯង ហើយ​បើ​ឌី​ម៉ា​ចង់​ឈ្នះ​នោះ ទាល់តែ​វាយ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ឲ្យ​សន្លប់​ទើប​អាច​ឈ្នះ​បាន។ អ្នក​ប្រដាល់​ថៃ​នេះ នៅក្នុង​ទឹក​ទី​៤ បាន​បែក​ឈាម​ក្បាល​ដោយសារ​កែង​របស់​ឌី​ម៉ា ដែល​គេ​សម្រុកចូល​វាយ​ប្តូរ​កែង​នោះ។ ប៉ុន្តែ​វា​យឺត​ពេល​ទៅហើយ មិនអាច​ស្តារ ជ័យ​ជំនះបាន​នោះឡើយ ល្គឹកណា​ដែល​ឌី​ម៉ា​វាយ​Kaithong Sor.Wirachai​ឲ្យ​សន្លប់​ទើប អាច​ឈ្នះ​វិញ​បាន។

*អេ យ៉ា​នុត ​វាយ​ឈ្នះ​បុប្ផា​មករា

កីឡាការិនី​អេ យ៉ា​នុត ក្លិប​អេ​ភូ​ថង​កីឡា ​បាន​វាយ​ឈ្នះ​កីឡា​ការិនី​បុប្ផា មករា ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​លើ​សង្វៀន​រោង​សៀក​មុខ​រដ្ឋសភា កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១១​ខែ​មករា​នេះ​ដែរ។

យ៉ា​នុត នាង​វាយ​ឈ្នះ​ពិន្ទុ​លើ​បុប្ផា មករា​ដាច់​តែម្តង ដោយសារតែ​បុប្ផា​មករា នាង​វាយ​បានតែ​ពីរ​ទឹក​ដំបូង​គឺ​អស់​ស៊ុ​ហ្វ​នោះ ហើយ​ក្នុង​បី​ទឹក​ចុងក្រោយ ក្រៅ​តែពី​ចាប់​បោក​យ៉ា​នុត​នោះ គឺ​មករា​គ្មាន​ធ្វើ​អ្វី​កើត​នោះ​ឡើយ ព្រោះ​នាង​ទន់​ខ្លួន​ដូច​សំឡី​ទៅហើយ។

ចំណែក​អ្នក​ប្រដាល់​ចាន់ សុខ​ហួន ក្លិប​និរោធ​មានជ័យ​វិញ​នោះ បាន​ផ្តួល​វុ​ធ សំណាង​អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ វុ​ធ សំណាង ត្រូវ​សុខ​ហួន​ដាល់​ចូល​មុខ និង​អុក​មួយ​ជង្គង់​ចូល​ពោះ​ទឹក ធ្វើ​ឲ្យ​ចុក​រមួល​លែង​ក្រោក​តែម្តង។

ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​មុន​ការប្រកួត​មាន​គេ​ទាយ​ថា​នឹង​ចាញ់​នោះ បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ​ស្រិល ទ្រី អ្នក​ប្រដាល់​ក្លិប​គុជ​សា​កីឡា។

ពីរ​នាក់​នេះ វាយ​គ្នា​ប្រាំ​ទឹក​ពេញ ដែល​ពីរ​ទឹក​ដំបូង​គេ​ឃើញ​ស្រិល ទ្រី មានប្រៀប​ឈ្នះ​លើ​ងួន​គា​ទៅ​ហើយ តែ​មកដល់​ពីរ​ទឹក​ចុងក្រោយ​បែរជា​ចាញ់​ប្រៀប​ងួន គា​វិញ ធ្វើ​ឲ្យ​ចប់​ការប្រកួត​ស្រិល ទ្រី បាន​ត្រឹម​ស្មើ​ជាមួយ​ងួន គា ប៉ុណ្ណោះ។

ចំពោះ​ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង បាន​ប្រកួត​ឈ្នះ​ម៉ូ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ។ ក្នុងការ​ប្រកួត​គ្នា​ប្រាំ​ទឹក​នោះ ម៉ូ​រដ្ឋា វាយ​ចាញ់​ផល​ឌឿ​ដាច់​តែម្តង ដោយ​ចៅក្រម​ទាំង​៥​រូប​បានផ្តល់​ពិន្ទុ​ឲ្យ​ផល​ឌឿ​ឈ្នះ ទាំងអស់។

ដោយឡែក ការប្រកួត​ដណ្តើមពាន​រង្វាន់​អនុស្សាវរីយ៍​បាយ័ន​ទម្ងន់​៦៣,៥០០​គីឡូក្រាម ដែលមាន​អ្នក​ប្រដាល់​៤​រូប​ចូលរួម​ប្រកួតប្រជែង​គ្នា​ដណ្តើមយក កាលពី​ថ្ងៃ​សៅរ៍​ទី​១០ ខែ​​មករា​លើស​ង្វៀន​ស្ទឹងមានជ័យ​នេះដែរ លទ្ធផល​បាន​ធ្លាក់​ទៅលើ​អ្នក​ប្រដាល់​សុខ សុវណ្ណ ក្លិប​កងពលតូច​លេខ​៣១។

ក្នុងការ​ប្រកួត​ជម្រុះ​លើក​ទី​១​ដែលមាន​តែ​បី​ទឹក​១​ទឹក​៣​នាទី​នោះ សុខ សុវណ្ណ គេ​បាន​វាយ​ឈ្នះ​ឱម សំរេច ក្លិប​កងទ័ព​ឆត្រ​យោង​៩១១​ដោយ​ពិន្ទុ។ ឯ ឯម លី​ថូ ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ បាន​វាយ​ឈ្នះ​សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ។

ការប្រកួត​ផ្តាច់ព្រ័ត្រ ឯម លី​ថូ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​សុខ សុវណ្ណ នោះ ក្រោយ ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​១​ទឹក​មាន​២​នាទី​នោះ សុខ សុវណ្ណ​បានទទួល​ជ័យជំនះ​ដោយ​ពិន្ទុ ដែល​ធ្វើ​ឲ្យ​សុវណ្ណ​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​អនុស្សាវរីយ៍​បាយ័ន​ដើមឆ្នាំ​២០១៥​នេះ។

*សង្វៀន​បាយ័ន​បឹង​ស្នោ​

ពេជ្រ ម៉ាប់ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដែល​ឡើងសាក​កណ្តាប់ដៃ​ជាមួយ​សូ​យ យក្ស​តឿ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​លើស​ង្វៀន​បាយ័ន​បឹង​ស្នោ​ល្ងាច​ថ្ងៃអាទិត្យ​ទី​១១ ខែ​​មករា​នោះ ត្រូវ​យក្ស​តឿ​វាយ​សន្លប់​ក្នុង​ទឹក​ទី​២។

នៅក្នុង​ការប្រកួត​ទឹក​ទី​១ ពេជ្រ ម៉ាប់ វាយ​រាង​ប្រដំប្រសង​ជាមួយ​សូ​យ យក្ស​តឿ ប៉ុន្តែ​ចូលដល់​ទឹក​ទី​២ ក្រោយ​ពេលដែល​យក្ស​តឿ​គេ​សម្រុក​វាយ​នោះ ពេជ្រ ម៉ាប់ ចាញ់​ដាច់​តែម្តង ដោយ​មិនអាច​ទប់​បាន​ជាមួយ​កណ្តាប់ដៃ​និង​សន្ទុះ​ជើង​ទាត់​របស់​យក្ស​តឿ​បាន។

ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​បង្ក្រាប​គ្រឿងញៀន​ខេត្តរតនគិរី បាន​ប្រកួត​ចាញ់​ឃីម សា​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ​ដោយ​ពិន្ទុ​ជា​លើក​ទី​២។ រស្មី​ឡើង​សងសឹក​លើក​នេះ គឺ វាយ​អន់​ជាង​លើក​មុន​ទៅទៀត ហើយ​ថែមទាំង​វាយ​ត្រូវ​ប្រដាប់​ការពារ​ពង​របស់​សា​វ៉េ​ត​ម្តង ជា​ពីរ​ដង​ថែមទៀត។ចំពោះ មាស ឆូ​យ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ បាន​ប្រកួត​ចាញ់​សល់ រី​ប៊ែ​ល អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ក្នុង​ទឹក​ទី​៣ មាស ឆូ​យ ត្រូវ​រី​ប៊ែ​ល​វាយ​កែង​ត្រូវ​មួយ​កែង​បណ្ដាល​ឲ្យ​ដួល ហើយ​ត្រូវ​អាជ្ញា​កណ្តាល​រាប់​ដល់​៨។ ក្រោយពី​រាប់ មាស ឆូ​យ គេ​បាន​តស៊ូ​ប្រកួត​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ៕

Post a Comment

0 Comments

Close Menu