Ad Code

ភ្លើង​ឆេះ​ព្រៃ​ឆេះ​ចម្ការ​ស្វាយ​មិន​ដឹង​មូល​ហេតុ​ ខាតបង់​ប្រាក់​ជាង​២​ពាន់​ដុល្លារ

កំពង់ឆ្នាំង ​៖​ ចម្ការ​ស្វាយ​មួយ​កន្លែង​ត្រូវ​បាន​ភ្លើង​ឆេះ​ព្រៃ​​​បំផ្លាញ​ ដែល​ម្ចាស់​ចម្ការ​ប្រាប់​ថា​ខូចខាត​ទឹកប្រាក់​ជាង​២​ពាន់​ដុល្លារ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩​ ខែ​មករា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុង​ភូមិ​ទី​៤​ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង។

មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយថា​ ម្ចាស់​ចម្ការ​ស្វាយ​នោះ​មានឈ្មោះ ពេ​ជ ប៊ុនថន អាយុ​៥៦​ឆ្នាំ ជា​មន្ត្រី​កសិកម្ម​ចូលនិវត្តន៍។ ពេល​កើតហេតុ ស្រាប់តែ​គេ​ឃើញ​ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​រាល​ដាល​លើ​ស្មៅ​ខ្ពស់ៗ​ក្រោម​ដើម​ស្វាយ​ជាច្រើន​ដើម ហើយ​បាន​ឆេះ​រាលដាល​ពេញបន្ទុក​ដោយ​ពុំមាន​អ្នក​ណា​ជួយ​ពន្លត់​បានឡើយ ម្យ៉ាងទៀត​ម្ចាស់​ចម្ការ​ក៏​មិនបាន​នៅចាំ​ចម្ការ​នោះដែរ នៅពេល​ភ្លើង​ឆេះ​បាន​លឺ​សំឡេង​ផ្ទុះ​ជាច្រើន​គ្រាប់​ទើប​ដឹង ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​មន្ត្រីនគរបាល​មូលដ្ឋាន ​​នាំគ្នា​ចុះ​ទៅពិនិត្យ។ ពេល​នោះ​ដែរ​កូនប្រុស​ម្ចាស់​ចម្ការ​បាន​ត្រឡប់​មក​ដល់​ រួច​នាំគ្នា​ដងទឹក​ពន្លត់ ទើប​រលត់​តែ​ដើម​ស្វាយ​មួយ​ចំនួន​បាន​ឆេះ​ជ្រុះ​ផ្លែ​គរ​ពេញ​ដី។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ការ​ផ្ទុះ​​​នោះ​​គឺ​ផ្ទុះ​ដើម​ឫស្សី និង​ផ្ទុះ​កំប៉ុង​ហ្គាស៍​ចាស់​ចំនួន​២​កំប៉ុង​ដូច​គ្រាប់កាំភ្លើង​ដែរ។ ចំណែក​ការខូចខាត​មាន​ដើម​ស្វាយ​កំពុង​ផ្លែផ្កា​ចំនួន​១៤២​ដើម ទុយោ​ជ័រ​សម្រាប់​បូម​ទឹក​ស្រោច​ដើម​ស្វាយ មួយចំនួន និង​ម៉ាស៊ីន​គោយន្ត​ឆេះ​ខូច​តិចតួច ដែល​បុរស​ជា​ម្ចាស់​ចម្ការ​បាន​ប្រាប់​មន្ត្រី​នគរបាល​ថា បើ​គិតតែ​ត្រឹម​ស្វាយ​មួយ​ដើម​ថ្លៃ​ត្រឹមតែ​២០​ដុល្លារ​ក៏ត្រូវ​ខាតបង់​ជាង​២​ពាន់​ដុល្លារ​ដែរ ចំពោះ​មូលហេតុ​វិញ​​​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ៕

Post a Comment

0 Comments

Close Menu