Ad Code

រថយន្ត​យី​ឌុប​ដឹក​ឈើ​ផ្ទុក​លើស​ទម្ងន់​ដាច់​កាឡេ​ក្រឡាប់​ធ្លាយ​ចេញ​ឈើ​ សមត្ថកិច្ច​ជំនាញ​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​មិន​ហ៊ាន​ទៅ​ក្បែរ

ក្រចេះ​ ៖ ​ប្រជាពលរដ្ឋ​ ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ បាន​លើក​ឡើង​ជា​ចម្ងល់​ចំពោះ​សមត្ថកិច្ច ពាក់ព័ន្ធ​ ជាពិសេស​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ថា​ បើ​រថយន្ត​ខ្នាត​ធំៗ​បែបនេះ​មិន​ឃើញ មាន​មន្ត្រី​ណា​ហ៊ាន​ទៅ​ក្បែរ​​ទេ​ បើទោះបីជា​គេ​ដឹង​ថា រថយន្ត​ខ្នាត​ដូចនេះ​មាន​ភាព​មិន​ប្រក្រតី គ្មាន​ច្បាប់​ដឹកជញ្ជូន ឬ​មាន​ច្បាប់​ ក៏​​សមត្ថកិច្ច​មិន​ហ៊ាន​សួរនាំ​ឡើយ តែ​ចំពោះ​រថយន្ត​ដឹក​ជន្លង់​ម្រេច​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​វិញ​នោះ ​ប្រដេញ​មិន​ឲ្យ​រួច​ដាច់​ខាត។

ការ​លើកឡើង​បែបនេះ​ខណៈ​ដែល​រថយន្ត​យី​ឌុប​៥ ភ្លៅ​អត់​ស្លាក​លេខ​មួយ​គ្រឿង​បាន​ក្រឡាប់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ​ហើយ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ទៅ​ក្បែរ ដោយ​ទុក​ឱកាស​ឲ្យ​បុរស​ម្នាក់​ដែល​សង្ស័យ​ថា​ជា​មេ​ឈ្មួញ បាន​រត់​ឆ្លេឆ្លា​រត់​ការ​បង់លុយ​ទៅ​សមត្ថកិច្ច ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​គេ​ទៅដល់​កន្លែង​កើតហេតុ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា រថយន្ត​ខាងលើ​ជា​របស់​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព តែ​គេ​សង្ស័យ​មាន​ជន​ឆ្លៀត​ឱកាស​ឆក់​យក​ប្រយោជន៍​ផ្ទាល់ខ្លួន​ បាន​អម​ដំណើរ​ជាមួយ​រថយន្ត​របស់​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព ហើយ​មើល​ទៅ ពីព្រោះ​ក្រុមហ៊ុន​គេ​មាន​​​​​ឡូហ្គោ​បិទ​ជាប់​នឹង​រថយន្ត​ជា​សញ្ញា​សម្គាល់ និង​មាន​ច្បាប់​គ្រប់គ្រាន់។ ដោយឡែក​រថយន្ត​ដែល​ក្រឡាប់​នោះ ពុំ​មាន​ស្លាក​សញ្ញា​​សម្គាល់​អ្វី​ឡើយ ពិសេស​ពេល​ដែល​មាន​មន្ត្រី​ពាក់ព័ន្ធ​សុំ​មើល​ច្បាប់​ដឹក​ជញ្ជូន​ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​ថៅកែ​ ហាក់​ដូចជា​មានការ​លាក់លៀម ហើយ​បែរ​ជា​ប្រើប្រាស់​លុយ ជា​ថ្នូរ​នឹង​ការ​បិទបាំង​រឿង​ទៅវិញ។

ពាក់ព័ន្ធ​នឹង​បញ្ហារ​នេះ​មន្ត្រី​ជំនាញ​ហាក់​ដូចជា​សម្ងំ​ឈឹង​មិន​មាន​ការ​ត្រួតពិនិត្យ​អ្វី​ឡើយ ចំណែក​លោក​ឡាយ ធុច នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្នួល បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រថយន្ត​ខាង​លើ​ជា​របស់​ឧកញ៉ា​ ហើយ​គេ​មាន​ច្បាប់​ធម្មតា​ទេ តែ​ពេល​ខាង​ក្រុម​អ្នក​យក​ព័ត៌មាន​​​សុំ​ថត​ប្រមូល​ផ្តុំ​ព័ត៌មាន​ជុំ​ដើម្បី​បញ្ជាក់​ជៀសវាង​មានការ​ចោទប្រកាន់​ពី​សំណាក់​ពលរដ្ឋ​មួយ​ចំនួន បែរ​ជា​​​​លោកនាយ​សង្កាត់​ឆ្លើយ​ថា​មិន​មាន​នៅ​គាត់​ទេ ​ដោយ​លោក​ទម្លាក់​រឿង​នេះ ទៅ​មន្ត្រី​​ដទៃ​ទៀត​​វិញ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ខាង​លើ​នេះ​គឺ​បង្ក​​ឡើង​ដោយ​ខ្លួនឯង​ ដោយ​រថយន្ត​ទំនងជា​ផ្ទុក​លើស​ទម្ងន់ ខណៈ​ចុះ​ទួល​​​លឿន​នោះ ​រថយន្ត​បាន​ដាច់​កាឡេ បណ្ដាល​ក្រឡាប់​ជះ​ឈើ​ចេញពី​រថយន្ត​រាយប៉ាយ​ បង្ក​ឲ្យ​អ្នកបើកបរ​រង​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ព្រូ​រង​របួស​ស្រាល៕

Post a Comment

0 Comments

Close Menu