ភ្នំពេញ ៖ កាលពីវេលាម៉ោង១០នឹង៥៧នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅចំណុចស្តុបវត្តមហាមន្ត្រី តាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យយុវជន២នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម 1G-1033 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចស្តុបវត្តមហាមន្ត្រីបានបត់ទៅខាងឆ្វេងដៃ បំណងឆ្លងទៅផ្លូវលេខ១៦៣ ជិតផុតទៅហើយនោះ ក៏ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូស្កុបពីពណ៌ក្រហមមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿងបានរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានសហការជាមួយនឹងនគរបាលជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា រង់ចាំដោះស្រាយនាពេលក្រោយ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងដោយសារការបើកបរមិនគោរពច្បាប់ និងប្រើប្រាស់ល្បឿនលឿនហួសច្បាប់កំណត់ទើបបង្កឲ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ៕ ឌួងវិរះជ័យ



0 Comments