កំពង់ឆ្នាំង ៖ ការប្រជុំគណៈបញ្ជាការឯកភាពខេត្តនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ក្នុងសាលាខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានព្រមានសមត្ថកិច្ចមួយចំនួន ដែលអសកម្មការងារមិនយកចិត្តទុកដាក់បង្ក្រាបគ្រឿងញៀន និងបានដាក់ចេញនូវទិសដៅអោយ គ្រប់បណ្តាអង្គភាពសមត្ថកិច្ចពាក់ព័ន្ធ តែសហការគ្នា ដោយយកចិត្តទុកដាក់រឹតបណ្តឹងការទប់ស្កាត់ បង្ការ បង្ក្រាប គ្រប់រចនាសម្ព័ន្ធនៃអ្នកជួញដូរ ចែកចាយគ្រឿងញៀនបន្ថែមទៀត ដើម្បីកុំឲ្យរីករាលដាលនៃការចរាចរណ៍សារធាតុញៀនទាំងនោះធ្វើអោយប៉ះពាល់ដល់យុវជនជាសសរទ្រូងប្រទេសជាតិ។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលបង្ក្រាបរបស់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ការងារបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងរយៈមួយឆ្នាំសមត្ថកិច្ចនគរបាលក្នុងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការបង្ក្រាប បានចំនួន៣៩ករណី,អនុវត្តតាមដីកាចំនួន៥ករណី, និងកំពុងស្រាវជ្រាវបង្ក្រាបចំនួន៥ករណី ក្នុងនោះមានករណីជួញដូរ១៥ករណី,ចែកចាយនិងប្រើប្រាស់ចំនួន៣ករណី,ប្រើប្រាស់ចំនួន២១ករណី។ ករណីខាងលើនេះបានបង្ក្រាបនៅក្នុងសង្កាត់ទាំង៤នៃក្រុងកំពង់ឆ្នាំង និង១៣ឃុំលើ៥ស្រុក ដែលជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យបានចំនួន៨៦នាក់ ស្រី១៣នាក់ ដកហូតវត្ថុតាងថ្នាំញៀនយ៉ាម៉ាទឹកកកចំនួន១២៨កញ្ចប់,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៤,កាំភ្លើងខ្លីម៉ាកកា៥៩មួយដើម បង់មួយ គ្រាប់៧ គ្រាប់,កាំបិតចុងស្រួច១១ដើម,ថង់សំរាប់ច្រកថ្នាំញៀន១កញ្ចប់ធំ និងឧបករណ៍ជក់ថ្នាំញៀនមួយ ចំនួនធំទៀត។ ដកហូតម៉ូតូសរុបចំនួន៣៦គ្រឿង,ទូរស័ព្ទដៃ៧គ្រឿង,វិទ្យុទាក់ទង៥គ្រឿង,ស៊ីមកាតថ្មី១១ស៊ីម,កងដៃធ្វើពីលោហធាតុពណ៌លឿងចំនួន៧កង,នាឡិកាដៃ១,ពិល៣,កាបូបដាក់ប្រាក់ មួយ,ប្រាក់រៀលចំនួន១លាន២សែន៨ម៉ឺន៨ពាន់៦រយរៀល,ប្រាក់ដុល្លាអាមេរិក៤៤ដុល្លា,ប្រាក់សាំងហ្គាពួរ២ដុល្លា,និងប្រាក់ថៃចំនួន១០០បាត។ បានកសាងនិងបញ្ជូនសំណុំរឿងចំនួន៣៩ករណី,អនុវត្តន៍ដីកា៥ករណី និងករណីស្រាវជ្រាវ៥ករណី,ជនសង្ស័យចំនួន៨៦នាក់នោះ និងវត្ថុតាងសម្ភារៈទាំងអស់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
នៅក្នុងកិច្ចប្រជុំនេះលោកអភិបាលខេត្តបានព្រមានយ៉ាងចាស់ដៃដល់មន្ត្រីជាមេដឹកនាំបង្ក្រាបគ្រឿងញៀនមួយចំនួនក្នុងស្នងការដែលអសកម្មការងារថា បើធ្វើការមិនកើតទេគួរតែដើរចេញទុកឲ្យគេមានសមត្ថភាពធ្វើម្តង និងបានទិសដៅអនុវត្តបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងគឺ អប់រំបំបាត់ដោយប្រសិទ្ធិភាពដល់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនតាមបណ្តាស្រុកក្រុងទូទាំងខេត្ត,បន្តចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីផលប៉ះពាល់គ្រោះថ្នាក់ដោយសារគ្រឿងញៀនដល់គ្រឹះស្ថានសិក្សា និងសហគមន៍ក្នុងខេត្ត។ បន្តសហការជាមួយអធិការដ្ឋាននគរបាលស្រុកក្រុងដើម្បីបង្ក្រាបមុខសញ្ញាគ្រឿងញៀន។ ពេលនោះដែរលោកអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជីវករ អ្នករត់តាក់ស៊ី ម៉ូតូឌុប មន្ត្រីរាជការ,អាណាព្យាបាលទាំងអស់ ត្រូវរួមសហការជាមួយសមត្ថកិច្ច រាយការណ៍អោយបានទាន់ពេលវេលាពេលឃើញមុខសញ្ញាគ្រឿងញៀន ដើម្បីរួមចំណែកបង្ក្រាបទប់ស្កាត់ និងបំបាត់ឲ្យអស់នូវមុខសញ្ញាចែកចាយជួញដូរគ្រឿងញៀននៅតាមមូលដ្ឋានក្នុងខេត្ត៕
0 Comments