Ad Code

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចុះ​បិទ​ទីតាំង​អាជីវកម្ម​លក់​ហ្គាស៍​អត់​ច្បាប់​


ភ្នំពេញ ៖ ទីតាំង​លក់​បញ្ចូល​ហ្គាស៍​មួយ​កន្លែង​ដែល​កន្លងមក​ធ្លាប់​ត្រូវ​បាន​ខាង​មន្ទីរ​ជំនាញ​ជូន​ដំណឹង​និង​ចុះ​ហាមឃាត់​ចំនួន​ពីរ​លើក​ហើយ​នោះ​នៅតែ​បន្ត​អាជីវកម្ម​របស់​ខ្លួន​តទៅទៀត​យ៉ាង​រំភើយ​មិន​ខ្វល់​ពី​ការ​ប៉ះពាល់​ដល់​អ្នកជិតខាង​ដោយមាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​នោះ​ ទើប​កាលពី​ល្ងាច​ថ្ងៃទី​១៣​ ខែមករា​ ឆ្នាំ​២០១៥​ លោក​ សេង គន្ធ​ អភិបាលរងខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​បិទ​ទីតាំង​លក់​ហ្គាស៍​មួយ​នេះ​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សេន​ជ័យ។​

លោក ​សេង គន្ធ​ បាន​ឲ្យ​ថា​ ម្ចាស់​ទីតាំង​មួយ​នេះ​មានឈ្មោះ​ សៅ ផល្លា​ ភេទ​ប្រុស​ អាយុ​ជាង​៣០​ឆ្នាំ ដែល​ទីតាំង​របស់​គាត់​បាន​ជួល​គេ​លក់ដូរ​បញ្ចូល​ហ្គាស៍​អត់​ច្បាប់ ​ហើយ​ដាក់​លក់​រាយប៉ាយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​បង្ក​ការភ័យខ្លាច​ដល់​អ្នកជិតខាង។​

ការ​ចុះ​មក​បិទ​អាជីវកម្ម​លើក​នេះ​ក៏​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែរ។ ម្យ៉ាងវិញទៀត​ទីតាំង​មួយ​នេះ​នា​ពេល​កន្លង​មក​ធ្លាប់​ត្រូវ​បាន​ខាង​ស្ថាប័ន​មន្ទីរ​ជំនាញ​ជូនដំណឹង​ឲ្យ​បញ្ឈប់​អាជីវកម្ម​ និង​ចុះ​មក​ហាមឃាត់​ចំនួន​ពីរ​លើក​មក​ហើយ​ដែរ តែ​ម្ចាស់​ទីតាំង​អត់​ច្បាប់​មួយ​នេះ​ហាក់ដូច​មិន​អើពើ​ចំពោះ​ការ​ហាមឃាត់​នេះ​ទេ។​

លោក​បន្ត​ថា ដោយ​មើលឃើញ​ពី​ភាព​រឹងរូស​មិន​គោរព​តាម​ការណែនាំ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ​ទើប​នៅ​ល្ងាច​ថ្ងៃទី​១៣​នេះ​ លោក​បានសម្រេច​ចុះ​មក​បិទ​ទីតាំង​នេះ​ម្ដងទៀត​ ពីព្រោះ​ទីតាំង​នេះ​វា​នៅ​ជាប់​នឹង​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ម្យ៉ាងទៀត​ក៏​នៅ​ក្រោម​ផ្លូវ​យន្តហោះ​ចុះឡើង​ផង​ដែរ។ ដោយសារ​ខ្លាច​នឹង​ការ​ផ្ទុះ​ហ្គាស៍​កើតឡើង​ជាយថាហេតុ​នោះ​ ទើប​អាជ្ញា​ដែនដី​មិនអាច​បណ្ដែត​បណ្ដោយ​ទុក​ឲ្យ​មួយ​នេះ​បន្ត​អាជីវកម្ម​របស់​ខ្លួន​បាន​ទៀត​ទេ គឺ​ត្រូវ​ណែនាំ​ឲ្យ​គាត់​ដូរ​ទីតាំង​ថ្មី​ដែល​មិន​ប៉ះពាល់​ដល់​ផ្លូវ​យន្តហោះ​ហោះហើរ ​និង​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។​

ការ​ចុះ​ទៅ​ហាមឃាត់​អាជ្ញាធរ​ខណ្ឌ​បាន​រឹបអូស​យក​ដប​បំពង់​ហ្គាស៍​មួយចំនួន​យក​មក​រក្សា​ទុក​ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​ធ្វើ​កិច្ចសន្យា​ដោះដូរ​ទីតាំង​ថ្មី ​និង​ឲ្យ​សុំច្បាប់​ពី​ស្ថាប័ន​ជំនាញ​ក៏​ដូច​សុំ​ពី​អាជ្ញាធរ​ដែនដី​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ៕​

វិទូ​

Post a Comment

0 Comments

Close Menu