Ad Code

អត់លុយ​ចាយ​នាំ​មិត្តភក្ដិ​សាកល្បង​លួច​កាណូត​បា​ឡា​ស្មាច់​របស់​ឪពុកមា ​មក​លក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​៣​នាក់​


កំពង់ឆ្នាំង ៖ ចោរ​វ័យក្មេង​៣​នាក់​ ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង ដេញ តាម​ចាប់ខ្លួនបាន បន្ទាប់ពី​ពួកគេ​បាន​លួច​យក​កាណូត​បា​ឡា​ស្មាច់​ និង​ម៉ាស៊ីន​មួយគ្រឿង​យកទៅ​លាក់​នៅ​ទំនប់​បារាំង ចំណុច​ក្រោយ​ចំការ​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ដើរ​លក់ឲ្យគេ​ តែ​គេ​មិនហ៊ាន​ទិញ​។ ករណី​តាម​ចាប់ខ្លួន​ចោរ​វ័យក្មេង​ទាំង​៣​នាក់​នេះ​ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ ដែល​ក្រោយពី​សមត្ថកិច្ច​មានការ​សង្ស័យ​ហៅ​មក​សួរនាំ​ស្រាប់តែ​ពួកគេ​នាំគ្នា​រត់គេចខ្លួន​កាត់​ចំការ តែ​ត្រូវ​សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ​ដេញ​តាម​ចាប់ខ្លួនបាន។

សមត្ថកិច្ច​ដែល​បាន​បង្ក្រាប​ចាប់ខ្លួន​ចោរ​ខាងលើនេះ​ បាន​និយាយ​អោយដឹងថា ក្រុមចោរ​វ័យ​ក្មេង​ទាំង​៣​នាក់​នេះ​មាន​១.​ឈ្មោះ​ យិន ពីសាល​ អាយុ​២៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ២.​ឈ្មោះ​ឡាយ​ ងួន​លី​អាយុ​១៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ផ្លូវ​ទូក ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង និង​៣.​ឈ្មោះ​នី​ម​កាវ​អាយុ​១៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ផ្លូវ​ទូក​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​។ ចំណែក​ម្ចាស់​កាណូត​បា​ឡា​ស្មាច់​មានឈ្មោះ តុ​ប ចន្ថា អាយុ​២៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អន្លង់​កញ្ចុះ​ឃុំ​ប្រឡាយ​មាស​ស្រុក​កំពង់លែង​កាណូត​បា​ឡា​ស្មាច់​ ដែល​ត្រូវ​ចោរលួច​នោះ​មាន​ប្រវែង​៧,៩០​ម៉ែត្រ​មាន​ជាប់​ជា​មួយនិង​ម៉ាស៊ីន​សាំង​២​ម៉ាស៊ីន។

លោក តុ​ប ចន្ថា ម្ចាស់​កាណូត​បា​ឡា​ស្មាច់​បានអោយដឹងថា កាណូត​បា​ឡា​ស្មាច់​នេះ​បាន​បាត់​នៅ​ចន្លោះ​ម៉ោង​១១​ទៅ​ម៉ោង​១២​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ ពេលដែល​គាត់​ភ្ញាក់ពីដេក​ពេលយប់​រកមើល​ការណូ​ដែល​ចង​និង​ផ្ទះទឹក​មិនឃើញ​ក៏​ហៅ​ឲ្យ​បងប្អូន​ក្នុងភូមិ​ឲ្យ​ជួយ​តាមរក​ទាំង​យប់​តែ​រក​មិនឃើញ។ បន្ទាប់មក​ពួកគាត់​ក៏បាន​នាំគ្នា​មកប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ឆ្នាំង ដើម្បី​ឲ្យជួយ​តាមរក​នៅក្នុង​មូលដ្ឋាន ដោយបាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​កណ្តាល​ក្នុងពេល​តាមរក​សមត្ថ​កិច្ច​ក៏បាន​ប្រទះឃើញ​កាណូត​បា​ឡា​ស្មាច់​មួយគ្រឿង​ចងទុក​ចោល​នៅ​ជើង​ទំនប់​បារាំង​និង​បានឃើញ​ក្រុម​យុវជន​ទាំង​៣​នាក់​ឈរ​នៅក្បែរ​កាណូត​នោះ ពេល​សមត្ថ​កិច្ច​ក៏​ហៅ​មក​សួរនាំ​ពួកគេ​ក៏បាន​នាំគ្នា​រត់​កាត់​ខ្នង​ចំការ​ពេលនោះ​សមត្ថកិច្ច​ និង​ប្រជា​ការពារ​បាន​នាំគ្នា​រត់​ប្រដេញ​តាម​ទើប​ចាប់ខ្លួន​ពួកគេ​ទាំង​៣​នាក់​បាន។

ប្រជាពលរដ្ឋ​ដែល​បានដឹង​រឿងនេះ​ បាន​បង្ហើប​អោយដឹងថា កាណូត​បា​ឡា​ស្មាច់​មួយគ្រឿង​នេះ ត្រូវបាន​យុវជន​ទាំង​៣​នាក់​លួច​យកមក​ដើរ​លក់​អោយ​ជាង​ធ្វើ​ម៉ាស៊ីន ​តែ​គ្មាន​អ្នកណា​ហ៊ាន​ទិញ​ឡើយ​ព្រោះ​ពុំ​ដឹងថា ជា​របស់​បាន​មកពីណា។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ក្រុមចោរ​វ័យក្មេង​ទាំង​៣​នាក់​នោះ​មាន​ម្នាក់​ជា​ក្មួយ​របស់​ម្ចាស់​កាណូត​បា​ឡា​ស្មាច់​នោះ បាន​សារភាព​អោយដឹងថា ​មូលហេតុ​ដែល​គេ​លួច​កាណូត​ខាងលើនេះ​ គឺ​មកពី​ពួកគេ​គ្មាន​លុយ​ចាយ​ទើប​សាកល្បង​លួច​ជា​លើកទីមួយ​។​

ក្រុមចោរ​វ័យក្មេង​ទាំង​៣​នាក់​ ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដើម្បី​កសាង​សំណុំ​រឿង​បន្ថែម​តាម​នីតិវិធី បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត។ ដោយឡែក​វត្ថុតាង​កាណូត​ និង​ម៉ាស៊ីន ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារឆ្នាំង រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​នឹងធ្វើ​កំណត់​ហេតុ​ប្រគល់ឲ្យ​ម្ចាស់​គេ​វិញ៕


Post a Comment

0 Comments

Close Menu