Ad Code

បេក្ខជន​ប្រឡង​ចម្រៀង​១០១​នាក់ គណៈកម្មការ​សម្រេច​យក​៣៦​នាក់​ ដើម្បី​ប្រឡង​យក​លេខ​១ ​ដល់​លេខ​៣​ ដែល​រៀបចំ​ដោយ​ស្ថានីយ​វិទ្យុ​ឬទ្ឋិ​សែន​FM 99.75 ​ខេត្តកំពង់ឆ្នាំង​


កំពង់ឆ្នាំង ៖ បេក្ខជន​បេក្ខនារី​១០១​នាក់ បាន​ឡើង​បញ្ចេញ​សំនៀង​អស់ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី ឲ្យ​គណៈកម្មការ​ជ្រើសរើស​ដាក់​ពិន្ទុ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ពេញ​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​ស្ថានីយ​វិទ្យុ​ឬ​ទ្ឋិ​សែន FM 99.75 ស្ថិត​ក្នុង​ភូមិ​ផ្អេរ សង្កាត់​ផ្អេរ ក្រុង​កំពង់ឆ្នាំង ដែល​រៀប​ចំឡើង​ដោយ​នាយក​ស្ថានីយ​វិទ្យុ​ខាង​លើ​នេះ។ ជា​លទ្ធផល​បេក្ខជន​៣៦​នាក់​ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ប្រឡង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​ពានរង្វាន់​ពី​លេខ​១​ដល់​លេខ​៣។

លោក សុខ ឧ​ត្ត​ម ប្រធាន​ស្ថានីយ​វិទ្យុ ឬ​ទ្ឋិ​សែន ដែល​ជា​អ្នក​រៀបចំ​កម្ម​វិធី​ប្រឡង​ចម្រៀង​នេះ​បាន​និយាយ​ឲ្យ​ដឹង​ថា ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​ចំរៀង​សម័យ និង​ចំរៀង​បុរាណ​នៅ​ពេល​នេះ គឺ​មាន​គោលបំណង​ជួយ​លើកស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ និង​ម្យ៉ាងវិញទៀត​ជួយ​ជំរុញ​ឲ្យ​ប្អូនៗ​ដែល មាន​បំណង​ចាប់​យក​អាជីព​ជា​អ្នកចម្រៀង មានឱកាស​ឡើង​ប្រឡង​បញ្ចេញ​ទេពកោសល្យ និង​ដើម្បី​អាច​ក្លាយ​ជា​អ្នកចម្រៀង​អាជីព​ទៅ​ថ្ងៃក្រោយ។ ក្រៅ​ពី​នេះ​អ្នកទទួល​ជ័យលាភី និង​អាច​ក្លាយ​ខ្លួន​ជា​ពិធី​ករ ក្នុង​ស្ថានីយ​វិទ្យុ​របស់​លោក​ទៀត​នេះ​ពេល​លោក​ត្រូវការ។

លោក​បាន​បន្ត​ថា បេក្ខជន​ដែល​បាន​ឡើង​ប្រឡង​ចម្រៀង​ក្នុងថ្ងៃនេះ​មាន​ចំនួន​១០១​នាក់​ ក្នុង​នោះ​មាន​ បេក្ខនារី​ចំនួន​៣២​នាក់ ដែល​មកពី​បណ្ដា​ខេត្ត​ក្រុង​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិន​មែន​មានតែ​អ្នក​ខេត្តកំពង់ឆ្នាំង​នោះ​ទេ។ ជា​លទ្ធផល​ក្នុង​បេក្ខជន​១០១​នាក់ គណៈកម្មការ​បាន​សម្រេច​ជ្រើសរើស​យក​៣៦​នាក់ ( ស្រី​០៧​នាក់​) ដើម្បី​ត្រៀមប្រឡង​វគ្គ​ទី​២​ទៀត​ដែល​នឹង​ត្រូវ​ប្រឡង​ក្នុង​ស្ទូឌីយោ​វិទ្យុ​តែម្តង ក្នុង​កម្មវិធី " សម្លេង​ខ្ញុំ សំនៀង​ខ្ញុំ " ដែល​នឹង​រៀប​នៅ​ក្រោយ​ឆាប់ៗ​នេះ។

លោក​ប្រធាន​ស្ថានីយ​បាន​បញ្ជាក់​ដែរ​ថា គណៈកម្មការ​មាន​៥​រូប ក្នុង​នោះ​២​រូប​មកពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដែល​ពួកគាត់​សុទ្ធសឹងតែ​មាន​បទពិសោធន៍​ជិត​៣០​ឆ្នាំ​មក​ហើយ។ចំពោះ​បេក្ខជន​ទទួល​បាន​ជ័យលាភី​លេខ​១​ទទួល​បាន​ពានរង្វាន់​១ និង​ថវិកា​ចំនួន​១​លាន​រៀល លេខ​២​ទទួល​បាន​ថវិកា​ចំនួន​៧០​ម៉ឺន​រៀល និង​លេខ​៣​ទទួល​បាន​ថវិកា​៥០​ម៉ឺន​រៀល។ អ្នក​ទទួល​បាន​ជ័យលាភី​លេខ​១ លេខ​២ ​និង​លេខ​៣​ ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ទៅ​ដើរ​កំសាន្ត​នៅ​ក្រុង​ព្រះសីហនុ​រយៈពេល​២​ថ្ងៃ​ ២​យប់។​

ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ខាង​លើ​នេះ​លោក សុខ ឧ​ត្ត​ម​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា រាល់​ការ​ចំណាយ​ទាំងអស់​មាន ជួល​ក្រុម​តន្ត្រីសម័យ បុរាណ តុ កៅអី រោង និង​អាហារ​ថ្ងៃត្រង់ គឺជា​ការ​ចំណាយ​របស់​លោក និង​មួយ​ចំណែក​ជា​ការ​ឧបត្ថម្ភ​របស់​ដៃ​គូ​ពាណិជ្ជកម្ម​របស់​លោក៕

( ឈៀង ថា​រិ​ទ្ធ )​រូប​សុំ​គេ​




Post a Comment

0 Comments

Close Menu