កំពង់ធំ ៖ កន្លងមកអំពើពុករលួយបានកើតមានសុះសាយចេញពីមន្ត្រីអនុវត្តច្បាប់ មន្ត្រីរាជការ កងកម្លាំង បានធ្វើឲ្យមានភាពកាចសាហាវជាងជំងឺអេដស៍ បណ្ដាលឲ្យសង្គមជាតិទាំងមូលជួបនូវវិបត្តិរាំងស្ទះក្នុងការអភិវឌ្ឍន៍ប្រទេស ដោយសារប្រជាពលរដ្ឋភាគច្រើនជួបប្រទះនូវវិបត្តិក្រីក្រ។
ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល បានកែទម្រង់និងពង្រឹងដល់មន្ត្រីថ្នាក់ក្រោមជាតិរហូតថ្នាក់លើឲ្យមានការរួមគ្នាទប់ស្កាត់លុបបំបាត់ ប្រឆាំងនិងអំពើពុករលួយ និងឲ្យគ្រប់រាជធានីខេត្តក្រុងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យមន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋមានសិទ្ធិស្មើភាពគ្នា និងបម្រាស់ពីការកៀបសង្កត់ឥទ្ធិពលអ្នកមានអំណាច។
ជាក់ស្តែងលោក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការសរុប៤៥០នាក់។
លោក នួន បូផល បានមានប្រសាសន៍ឲ្យមន្ត្រីរាជការចូលរួមការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ចៀសវាងមានទោសទណ្ឌដែលពាក់ព័ន្ធទៅនិងច្បាប់ប្រឆាំងអំពើពុករលួយ ដែលតែងតែកើតមានជាប្រចាំនៅក្នុងជួរស្មៀនឃុំ/សង្កាត់ លោកមេឃុំ លោកចៅសង្កាត់ មន្ត្រីរាជការ ដូចជាផ្នែកចាត់តាំងបុគ្គលិក ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុជាដើម ពីបទស៊ីសំណូក ជាពិសេសគឺខាងមន្ត្រីនគរបាលដែលត្រូវយកចិត្តទុកដាក់ ប្រសិនណាជាច្បាប់រកឃើញគឺត្រូវមានទោសទាំងអ្នកសូក និងអ្នកទទួលផងដែរចំពោះមុខច្បាប់។ ហេតុដូច្នេះហើយចាប់ពីពេលនេះតទៅដល់ពេលដែលយើងទាំងអស់គ្នាត្រូវអនុវត្តច្បាប់ ពីព្រោះការគោរពច្បាប់គឺផ្តល់មកវិញនូវធនធានមនុស្សដ៏ល្អសម្រាប់បម្រើប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត ជាក់ស្តែងសម័យប្រឡងបាក់ឌុបកាលពីពេលកន្លងមកក្នុងឆ្នាំ២០១៤នេះ សិស្សធ្លាក់ច្រើនជាប់តិចក៏ពិតមែន ប៉ុន្តែចំពោះសិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់នោះ គឺពោរពេញទៅដោយចំណេះវិជ្ជាដែលខ្លួនមានយ៉ាងពិតប្រាកដ។
មហាជនទូទៅបានរិះគន់ទៅលើថ្នាក់ដឹកនាំខេត្តកំពង់ធំ និងកងកម្លាំងសមត្ថកិច្ចថា ពិតជាមិនទាន់មានការចូលរួមគោរពច្បាប់ទប់ស្កាត់ប្រឆាំងនិងអំពើពុករលួយនោះទេ ជាពិសេសបញ្ហាបទល្មើសព្រៃឈើ បទល្មើសជលផល និងការឃុបឃិតគ្នាស៊ីសំណូកលក់ដី រំលោភបំពានច្បាប់ ជាពិសេសដោយសារតែមានការនិយមបក្សពួកនិយម ទើបបណ្ដាលឲ្យខេត្តកំពង់ធំមិនទាន់គោរពនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពបានល្អនោះទេ គឺនៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន មួយចំនួននៅក្នុងក្រុងស្ទឹងសែនមានការឃុបឃិតគ្នាលេងល្បែងស៊ីសង ចាញ់ឈ្នះរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃ តែពុំមានវិធានការទប់ស្កាត់លុបបំបាត់ចោលនោះទេ ហើយក៏ពុំមានវិធានការបង្ក្រាបនោះដែរ ដោយសារតែអ្នកទៅលេងសុទ្ធតែថ្នាក់ដឹកនាំអស់ធំ ប៉ូលិស ប៉េអិម និងមន្ត្រីរាជការ ទង្វើទាំងនេះគឺកើតចេញពីការស៊ីសំណូកប្រព្រឹត្តអំពើពុករលួយ៕ ប៊ុន រដ្ឋា

0 Comments