Ad Code

ជនបរទេស​ស្បែក​ខ្មៅ​ពីរ​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​សង្ស័យ​ពី​បទ​ឆបោក​លុយខ្មៅ​


ព្រះសីហនុ ៖ ជនសង្ស័យ​ជា​ជនបរទេស​ស្បែក​ខ្មៅ​ចំនួន​ពីរ​នាក់ ត្រូវ​បាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​សណ្ឋាគារ​កាំសាប ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង/ខេត្ត​ព្រះសីហនុ ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ឈ្មោះ TANAKA SHINYA ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​ជនជាតិ​ជប៉ុន កាន់​លិខិតឆ្លងដែន​T ២ ០៦៨៦៧៩៨ ចុះ​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១០ មុខ​របរ​ទេសចរណ៍ ស្នាក់នៅ​សណ្ឋាគារ​កាំសាប បាន​ប្ដឹង​ពី​បទ​ឆបោក​ប្រាក់​៣.០០០​ដុល្លារ។​

លោក​ សាន់ ប៊ុនថន ស្នងការ​រង​ទទួលបន្ទុក​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ដោយមាន​បណ្ដឹង​ពី​ជនរងគ្រោះ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​អន្តោប្រវេសន៍ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ទី​១-មានឈ្មោះ EMMITT G DARBEY ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​ជនជាតិ LEBERIAN និង​ម្នាក់ទៀត​មានឈ្មោះ FODAY KAMARA ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជា​ជនជាតិ SIERRA LEOMEAN មុខរបរ​ជា​កីឡាបាល់ទាត់ (​អ្នក​ទាំងពីរ​ជា​ជនជាតិ​ស្បែក​ខ្មៅ​) និង​ដកហូត​បាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ​មួយ​កញ្ចប់​ធំ។​
លោកស្នងការ​រង​បាន​ឱ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំងពីរ​នាក់​បាន​យក​ពេជ្រ និង​មាស​មក​បង្ហាញ​និង​និយាយ​ពី​រឿង​រក​ស៊ីធំ រយៈពេល​ពីរ​បី​ថ្ងៃ​ក្រោយ​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ផ្ញើ​ឥវ៉ាន់​ជា​កញ្ចប់​ដែល​មាន​តម្លៃ​មួយ​លាន​ប្រាំបី​សែន​ដុល្លារ​រ(.៨០០.០០០ដុល្លារ) ពី​ប្រទេស​BAHAMA ជនសង្ស័យ​ប្រាប់​ជនរងគ្រោះ​ថា គេ​ត្រូវការ​លុយ ៣.០០០​ដុល្លារ យក​ទៅ​ឱ្យ​ប្រធាន​កាកបាទក្រហម ទើប​ឥវ៉ាន់​ដែល​ផ្ញើ​មក​នោះ​គេ​អត់​ឆែកឆេរ​ទេ ពេលនោះ​រូបលោក​ក៏​យល់ព្រម​បង់លុយ​ចំនួន​២.០០០​ដុល្លារ​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ និង​ថ្ងៃ​បន្ទាប់​បង់លុយ​ឲ្យ​ទៅ​ជនសង្ស័យ​ចំនួន​១.០០០​ដុល្លា​បន្ថែម​ទៀត ទើប​ជនសង្ស័យ​ប្រគល់​ប្រអប់​ឱ្យ​រូបលោក។ ខណៈ​ពេល​បើក​មើល​ប្រអប់ ឃើញ​មាន​ម្សៅ​ពណ៌ស និង​ក្រដាស​ពណ៌​ខ្មៅ។ បន្ទាប់មក​ជនសង្ស័យ​ក៏​បាន​យក​ធុង​ទឹក​លាយ​ជាមួយ​ម្សៅ​ពណ៌​ស និង​ទឹក​ថ្នាំ​គីមី​យក​មក​លាង​លុយ ក៏​ចេញ​ជា​លុយ​ដុល្លារ​មាន​ក្រដាសប្រាក់​ប្រភេទ​១០០​ដុល្លារ ៥០​ដុល្លារ ២០​ដុល្លារ និង​១០​ដុល្លារ ពេល​ឃើញ​ដូច្នេះ​រូបលោក​ក៏​ឱ្យ​ជនសង្ស័យ​លាង​ឱ្យ​បាន​ច្រើន ចំណែក​ជនសង្ស័យ​បាន​និយាយ​ថា ទឹក​ថ្នាំ​លាង​លុយ​អស់ហើយ ដោយ​ទឹក​ថ្នាំ​នៅ​ខ្សោយ ពួកគេ​ចង់​ឡើង​ទៅ​ភ្នំពេញ ដើម្បី​ទំនាក់ទំនង​ស្ថានទូត​អាមេរិក​យក​ទឹក​ថ្នាំ​លាង​ដែល​ខ្លាំង​មក​លាង​លុយ​ឱ្យ​បាន​ច្រើន រួច​ពួកគេ​ក៏​ចេញ​បាត់​ទៅ។​
ប៉ូលិស​បាន​និយាយ​ឱ្យ​ដឹង​បន្ត​ទៀត​ថា មួយថ្ងៃ​ក្រោយមក​គេ​ឃើញ​ជនសង្ស័យ​ទាំងពីរ​ត្រឡប់ មកវិញ និង​មាន​តារាង​តម្លៃ​ទឹក​ថ្នាំ​គីមី​មក​បង្ហាញ​ជនរងគ្រោះ និង​យក​ថ្នាំ​ដប​តូច​មួយ​ដប​មក​ធ្វើ​គំរូ​រួច យក​ក្រដាសប្រាក់​១០០​ដុល្លារ​មក​លាង​ក្លាយជា​ក្រដាសប្រាក់​១០០​ដុល្លារ ដោយ​មិន​ចាំ​បាច់​យក​ម្សៅ​ស មក​លាយ​ដូច​លើក​មុន។
លោក ចៅ ម៉េង នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំងពីរ​នាក់ រួម​និង​វត្ថុ​តាង​(​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​មួយ​កញ្ចប់​ធំ​) ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់វិធានការ​ទៅ​តាមផ្លូវ​ច្បាប់៕ ស៊ុយ ចាន់​ធា​

Post a Comment

0 Comments

Close Menu