ភ្នំពេញ ៖ ដោយមើលឃើញភាពរញ៉េរញ៉ៃនិងអត់មានសណ្ដាប់ធ្នាប់យកផ្លូវនិងចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ និងការចតរថយន្តគ្មានសណ្ដាប់ធ្នាប់នៅយឿត្រីមុខផ្សារភូមិមង្គលតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ លោក សុខ សម្បតិ បានចុះផ្ទាល់ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពចម្រុះរួមមាន កងរាជអាវុធហត្ថ សមត្ថកិច្ចប៉ូលិស និងកម្លាំងសន្តិសុខខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីសាលាខណ្ឌមួយចំនួនទៀត កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ដើម្បីកុំឲ្យមានបង្កភាពរញ៉េរញ៉ៃដាក់លក់លើផ្លូវបន្តទៀត។
ក្នុងប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់នៅយឿត្រីមុខផ្សារភូមិមង្គលនេះ បានធ្វើឡើង ក្រោយពីមានការរិះគន់របស់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរជាច្រើនថា អាជ្ញាធរបានអនុញ្ញាតិឱ្យមានការលក់ដូរនៅលើផ្លូវ និងលើចិញ្ចើមផ្លូវ ហើយរថយន្តដឹកត្រីចតគ្មានសណ្ដាប់ធ្នាប់ដែលបណ្ដាលឱ្យខូចសណ្ដាប់ធ្នាប់ ក៏ដូចជាការកកស្ទះចរាចរណ៍ជាបន្តបន្ទាប់ជារៀងរាល់យប់នៅយឿត្រីព្រែកព្នៅតាមបណ្តោយផ្លូវជាតិលេខ៥នេះ។
ដោយឃើញស្ថានភាពរញ៉េរញ៉ៃដាក់លក់លើផ្លូវនិងរថយន្តដឹកត្រីចតគ្មានសណ្ដាប់ធ្នាប់បែបនេះ លោក សុខ សម្បតិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីមួយចំនួនទៀតបានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពចម្រុះរួមមាន កងរាជអាវុធហត្ថ សមត្ថកិច្ចប៉ូលិស និងកម្លាំងសន្តិសុខខណ្ឌព្រែកព្នៅ ចុះណែនាំឱ្យបងប្អូនអាជីវករលក់ដូរនៅនៅយឿត្រីមុខផ្សារភូមិមង្គលនេះ ដើម្បីកុំឲ្យយកផ្លូវ ចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរនិងកន្លែងចតរថយន្តយានជំនិះផ្សេងៗជាបន្តទៀត។
ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះលោក សុខ សម្បតិ បានមានប្រសាសន៍ថា មុនចុះបង្ក្រាប សាលាខណ្ឌបានផ្សព្វផ្សាយ និងជូនដំណឹងហើយបាញ់គំនូសកុំឲ្យអាជីវករលក់ដូរក្នុងយឿត្រីព្រែកព្នៅនេះលក់រំលោភមកផ្លូវ ប្រមាណជាង១០ថ្ងៃមកហើយ តែអ្នកលក់ដូរនៅទីនេះហាក់មិនធ្វើតាមនៃការណែនាំរបស់យើងឡើយ។
លោក សុខ សម្បតិ បន្តថា សាលាខណ្ឌមិនហាមឃាត់បងប្អូនលក់ដូរនៅយឿត្រីនេះទេ តែកុំបង្កភាពរញ៉េរញ៉ៃដាក់លក់លើផ្លូវនិងរថយន្តដឹកត្រីចតគ្មានសណ្ដាប់ធ្នាប់ដែលបណ្ដាលឱ្យខូចសណ្ដាប់ធ្នាប់ ក៏ដូចជាការកកស្ទះចរាចរណ៍ជាបន្តបន្ទាប់នាពេលយប់នោះ។
លោក សុខ សម្បតិបញ្ជាក់ថា ជាលើកទី១ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នៅយឿត្រីនេះ កម្លាំងគណៈបញ្ជាការឯកភាពចម្រុះ បានឃាត់រថយន្តដឹកត្រី២គ្រឿងដែលចតគ្មានសណ្ដាប់ធ្នាប់ យកមកអប់រំណែនាំ តែមិនមានការពិន័យនោះឡើយ ដែលប្រព្រឹត្តទៅដោយរលូន ពោលគឺពុំមានការប៉ះទង្គិចគ្នាជាពាក្យសម្ដីខ្លាំងៗ រវាងប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចនោះឡើយ។ ហើយលោកក៏បានណែនាំឱ្យប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរនៅយឿត្រីមុខផ្សារភូមិមង្គលតាមបណ្តោយផ្លូវជាតិលេខ៥នេះ កុំយកផ្លូវនិងចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ និងការចតរថយន្តគ្មានសណ្ដាប់ធ្នាប់ជាបន្តទៀត ត្រូវគោរពតាមការណែនាំទាំងនេះ ដើម្បីកុំឱ្យមានការកកស្ទះចរាចរ សម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនេះ។
ជាមួយគ្នានោះ សមត្ថកិច្ចក៏បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមសហការទាំងអស់គ្នាដើម្បី ធ្វើយ៉ាងណាបង្កើនសោភ័ណភាព ក៏ដូចជាការជួយសម្រួលការកកស្ទះចរាចរណ៍ ដែលបណ្ដាល មកពីការចតរថយន្តគ្មានសណ្ដាប់ធ្នាប់នោះ។ ជាងនេះទៅទៀតវាងាយស្រួលដល់សមត្ថកិច្ចគ្រប់គ្រងបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសផ្សេងៗផងដែរ៕
ឧត្តរ៉ា


0 Comments