Ad Code

ប្រជាពលរដ្ឋ​ចាប់​បាន​ចោរ​ឆក់​កាបូប​ម្នាក់ ហើយ​នាំគ្នា​ព្រួត​គ្នា​វាយ​ឡើង​ទ្រោម​ខ្លួន រួច​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​


ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​ចោរ​ឆក់​កាបូប​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់បាន​ព្រួត​គ្នា​វាយ​ឡើង​ទ្រោម​ខ្លួន រួច​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច បន្ទាប់ពី​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥​ នៅ​ខាងត្បូង​សារៈមន្ទី​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១១៣​កែង​នឹង​ផ្លូវ​លេខ​៣៦០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ​ខណៈ​ដែល​នារី​រងគ្រោះ​រួម​នឹង​មិត្តភក្ដិ​ជិះ​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង និង​បាន​នាំគ្នា​មក​អង្គុយ​ញ៉ាំ​បង្អែម។​

សាក្សី​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​រូប​នាង​ជាមួយ​នឹង​មិត្តភក្ដិ ព្រមទាំង​បងប្រុស​២​នាក់​ទៀត បាន​ជិះ​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​នាំគ្នា​មក​អង្គុយ​ញ៉ាំ​បង្អែម​នៅ​ខាងត្បូង​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង ខណៈ​ដែល​កំពុង​អង្គុយ​និយាយ​គ្នា​លេង ស្រាប់​តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​មក​ឆក់​កាបូប​ពី​រូប​នាង​ ហើយ​រត់​គេច​ខ្លួន ភ្លាមៗ​នោះ​បងប្រុស​នារី​រងគ្រោះ​បាន​រត់​ដេញ​តាម​ពីក្រោយ និង​បាន​ស្រែក​ឆោឡោ​ឡើង​ថា ចោរៗ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដេញ​ចាប់​បាន​នៅ​ចំណុច​ផ្លូវ​លេខ​១១៣ កែង​ផ្លូវ​លេខ​៣០៦ វាយ​ឡើង​ទ្រោម​ខ្លួន រួច​ទើប​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ខាងលើ​មានឈ្មោះ រដ្ឋ សំណាង អាយុ​២៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា មាន​ទីលំនៅ​មិន​ពិតប្រាកដ។ ចំណែក​នារី​រង​គ្រោះជា​ម្ចាស់​កាបូប មានឈ្មោះ ឡេង មួយ​ហុង អាយុ​២០​ឆ្នាំ ជា​និស្សិត​សកលវិទ្យាល័យ​ភូមិន្ទ​សេដ្ឋកិច្ច ស្នាក់​នៅផ្ទះ​លេខ D១ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​បុរី​លឹម ឈាង​ហាក់ ភូមិ​ព្រៃ​ទា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​សួរនាំ​បន្ត​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕


ឌួង​វិ​រះ​ជ័យ​

Post a Comment

0 Comments

Close Menu