ភ្នំពេញ ៖ បក្ខពួកក្រុមក្មេងស្ទាវពីរក្រុម ដែលផឹកស្រាក្បែរគ្នានៅពេលស្រវឹងបាននិយាយឌឺដងគងសម្ដីគ្នារហូតមានទំនាស់វាយតប់កាប់ចាក់ បណ្ដាលឲ្យមានរបួស និងបង្កចលាចលពេញភូមិទៀត ហើយត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាប់ខ្លួនទាំងសងខាង។
ទំនាស់នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រុមជនទំនើងទាំងនោះមាន ភាគីទី១-មានគ្នា២នាក់ ម្នាក់ឈ្មោះ ងួន សំអឿន អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជិន វាស្នា អាយុ២៤ឆ្នាំ ជនទាំងពីរមានលំនៅក្នុងភូមិកើតហេតុខាងលើ។
ចំណែកឯភាគីទី២-មានគ្នា៥នាក់ ដោយទី១-ឈ្មោះ រឿន ចាន់រ៉េត អាយុ២៩ឆ្នាំ ទី២-ឈ្មោះចោម ខេមរិទ្ឋ អាយុ៣០ឆ្នាំ ទី៣-ឈ្មោះ ឌី កុសល អាយុ១៨ឆ្នាំ ទី៤-ឈ្មោះ ឈិន សូណា អាយុ៣០ឆ្នាំ និងទី៥-ឈ្មោះ កេង ម៉ិ អាយុ២៧ឆ្នាំ ពួកគេជាកម្មករ និងមានទីលំនៅក្នុងភូមិកើតហេតុខាងលើដូចគ្នា។ សមត្ថកិច្ចមូលដ្ឋានបាននិយាយថា ទំនាស់នេះបានកើតឡើងដោយសារតែភាគីទាំង២បានបង្កើតវង់ផឹកស៊ីក្បែរ ហើយនៅពេលស្រវឹងបាននិយាយឌឺដងដាក់គ្នារហូតដល់បង្កទំនាស់វាយតប់គ្នាយ៉ាងអនាធិបតេយ្យ ដោយនៅក្នុងទំនាស់នេះភាគីទី១-បានទាញយកកាំបិតផ្គាក់មកកាប់ទៅលើភាគីទី២ បណ្ដាលឲ្យរងរបួស៣នាក់ ពេលនោះដោយសារមានភាពចលាចលពេញភូមិបែបនេះ ទើប
សមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនទាំងសងខាងយកមកដាក់ឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ដើម្បីដោះស្រាយតាមច្បាប់៕
សឿន


0 Comments