Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣១ ខែធ្នូ កើតឡើង​១១​លើក ​ស្លាប់​០៤​នាក់ របួសធ្ងន់​ស្រាល​១៣​នាក់​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន​១១​លើក ក្នុង​នោះ​យប់​០៧​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​០៤​នាក់ (​ប្រុស​) របួសធ្ងន់​០៨​នាក់ (​ស្រី​០២​នាក់​) និង​របួសស្រាល​០៥​នាក់​(​ប្រុស​)។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប​១៦​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៤​គ្រឿង​,​និង​ថ្មើរ​ជើង​០១​នាក់។ របាយការណ៍​ខាងលើ​ប្រាប់​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មកពី​ល្មើស​ល្បឿន​០៦​លើក​, ប្រជែង​គ្រោះថ្នាក់​០៤​លើក​,​មិន​គោរព​សិទ្ធ​០៤​លើក​, ក្នុង​នោះ​មាន​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​១៣​នាក់​(​យប់​០៩​នាក់​)។​
យោង​តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​នេះ សរុប​ចំនួន​៧៦០​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ទេសចរណ៍​គ្រួសារ​៥៨​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​២៨៩​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​០២​គ្រឿង​,​រថយន្ត​ដឹកទំនិញ​ធុន​តូច​១៤២​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​២៦៩​គ្រឿង។ រថយន្ត​ទាំងអស់ ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​៣៨​គ្រឿង​, នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៧២២​គ្រឿង៕
រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu