Ad Code

ឆាយ មាស ជួប​ជា​មួយ ជិន រ៉ា​ នៅ​ថ្ងៃ​សុក្រ​នេះ​


ភ្នំពេញ ៖ ខឹ​ក សុខឿន ជួប ងួន គា អ្នក​ប្រដាល់​ ជិន រ៉ា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​គ្នា​ម្តង​ទៀត​នៅ​លើ​សង្វៀន​ស្ទឹងមានជ័យ នា​ថ្ងៃ​សុក្រ​ទី​០២ ខែមករា ឆ្នាំ​២០១៥​នេះ។​

អ្នក​ទាំងពីរ​នេះ ធ្លាប់​ជួបគ្នា​ពីរ​លើក​រួច​មក​ហើយ ដែល​ការ​ជួប​គ្នា​លើក​ទី​១-(ថ្ងៃ​ទី​០៣ ​ខែសីហា ឆ្នាំ​២០១៣) ជិន រ៉ា​វាយ​ចាញ់​ឆាយ មាស ដោយ​ពិន្ទុ ហើយ​ជួបគ្នា​លើក​ទី​២​-កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា ឆ្នាំ​២០១៤ លើ​សង្វៀន​ស្ទឹងមានជ័យ​ ហើយ​ជិន រ៉ា បាន​វាយ​ឈ្នះ​ឆាយ​មាស​ដោយ​ពិន្ទុ​វិញ។ ដូច្នេះ​លើក​នេះ ជា​ការ​ជួបគ្នា​លើក​ទី​៣ ដើម្បី​ជម្រះបញ្ជី​ តើន​រណា​ជា​អ្នកឈ្នះ​ពិតប្រាកដ​នោះ។ ឆាយ មាស ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​មាន​ស្នៀត​ប្រដាល់​ល្អ បើ​ទោះ​បីជា​រូបគេ​រាង​ចាស់​ជាង ​នា​ជីន​ បន្តិច​ក្តី។ អ្នក​ប្រដាល់​ចាស់វស្សា​រូប​នេះ មាន​កណ្ដាប់ដៃ​ធ្ងន់ តែ​វាយ​ចេញ​រាង​យឺត ដោយសារ​គេ​វាយ​រាង​សន្សំសំចៃ​កម្លាំង​ទុក​វាយ​នៅក្នុង​ទឹក​ចុងក្រោយ។ ជិន រ៉ា គេ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ដែរ តែ​នៅ​ក្មេង​ជាង​ឆាយ​មាស មាន​កាយសម្បទា​រឹងមាំ និង​មាន​ល្បិចកល ព្រមទាំង​មាន​បច្ចេកទេស​នៅ​ក្នុង​ពេល​ប្រកួត ហើយ​ថែមទាំង​មាន​ផ្លែ​ល្អ​ថែមទៀត។ ជិន រ៉ា វាយ​ភាគច្រើន​ឈ្នះ​គេ​ដោយ​ផ្ដួល​ដៃគូ​ប្រកួត​អោយ​សន្លប់ និង​ចុះចាញ់​មុន​ចប់​ទឹក​ទី​ប្រាំ​ថែមទៀត។ គេ​ប្រកួត​ចុងក្រោយ គឺ​វាយ​ឈ្នះ​ឆាយ មាស នេះឯង តែ​ឈ្នះ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​ប៉ះ​ជាមួយ ឆាយ​មាស​ដែល​គេ​វាយ​តាម​ប្លង់​បច្ចេកទេស​នោះ ជិន រ៉ា រាង​យ៉ាប់​ដែរ។​
សំរាប់​ការ​ជួបគ្នា​រវាង ឆាយ មាស និង ជិន រ៉ា​លើក​នេះ មិន​មាន​អ្នកណា​ហ៊ាន​ទាយ​មុន​ថា អ្នក​ណា​ជា​អ្នកឈ្នះ​នោះ​ឡើយ ? ដោយសារ​តែ​អ្នក​ប្រដាល់​ទាំងពីរ​មាន​ស្នៀត​ប្រដាល់​ល្អ និង​បទ​ពិសោធន៍​ជោគជាំ​លើ​សង្វៀន​ដូចគ្នា ហើយ​ណាមួយ​ឥឡូវនេះ គេ​ពុំ​ទុកចិត្ត​ឆាយ មាស​ព្រោះ​ខ្លាច​អន់​ខ្សោយកម្លាំង​មិន​ដូច​មុន។ ចាំ​មើល តើ​ជិន រ៉ា គេ​អាច​យកឈ្នះ​ឆាយ មាស បាន​ដែល​ឬ​អត់ ?​ ឆាយ មាស គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់ ​ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លឹប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ។ ងួន គា អ្នក​ប្រដាល់​ក្លឹប​តាឡី​ដំរី​មានរិទ្ធ នឹង​ជួប​ប្រកួត​ជាមួយ ​ខឹ​ក សុខឿន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ ងួន គា​នេះ ជា​អ្នក​ប្រដាល់​មិន​មាន​ឈ្មោះ​ល្បី​នោះ​ទេ តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​ស៊ូ​ចំពោះ​ការប្រកួត​មិន​ចេះ​ដកថយ​ទេ​ក្នុង​ការប្រកួត។ ខឹ​ក សុខឿន គេ​មិន​មែន​ជា​អ្នក​ប្រដាល់​ថ្មី​នោះ​ឡើយ គឺ​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ប៉ុណ្ណោះ។ សម្រាប់​ការ​ជួប​គ្នា​រវាង​ ងួន គា និង សុខឿន​នេះ ​ពុំ​ដឹង​នរណា​ឈ្នះ​ទេ ?​​
ការប្រកួត​ចុងក្រោយ​របស់ ​សុខឿន គឺជា​មួយ​គង់ ហ៊ូ​វ អ្នក​ប្រដាល់​ជើង​ថ្មី ក្លឹប​មជ្ឈមណ្ឌល​កី​ឡខ​.​ភ​.​ម ប៉ុន្តែ​ពុំ​មាន​ប្រកាស​លទ្ធផល​ឈ្នះ​ចាញ់​ទេ ដោយសារ ​សុខឿន​ប្រកួត​មិន​អស់ពី​សមត្ថភាព ។ ឯ​ការប្រកួត​ចុងក្រោយ​របស់ ​ងួន គា​វិញ គឺ​វាយ​ចាញ់​ពិន្ទុ ​ម៉ន ព្រំ​ម៉ាញ អ្នក​ប្រដាល់​ក្លឹប​ការិយា​ល័យ​ទី​៥​កងទ័ពជើងគោក។ ឌុ​ច ឌួង អ្នក​ប្រដាល់​ក្លឹប​បាត់ដំបង​ពាយ័ព្យ នឹង​ជួប​ប្រកួត​សាក​កណ្ដាប់​ដៃ​ជាមួយ​ហាក់ ចាន់​ធី អ្នក​ប្រដាល់​ជើង​ថ្មី ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក។ ពួកគេ​មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។ ហាក់ ចាន់​ធី ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ប៉ុន្តែ​គេ​ប្រកួត​មាន​ផ្លែ​ល្អ ពិសេស​គឺ​ស្នៀត​កែង​និង​ជង្គង់ ព្រោះ​គេ​មាន​កម្ពស់​ខ្ពស់​គួរសម​ដែរ។ អ្វី​ដែល​គេ​បារម្ភ​ជំនួស ឌុ​ច ឌួង នោះ​គឺ​បញ្ហា​កម្លាំង​ស៊ុ​ហ្វ​ខ្សោយ ដែល​ធ្វើអោយ​លទ្ធផល​ប្រកួត​របស់​គេ​កន្លងមក​មិនសូវ​បាន​ល្អ។ ឌុ​ច ឌួង ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ចាន់ រក្សា អ្នក​ប្រដាល់​ក្លឹប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ។​
ចាន់​ធី ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី តែ​គេ​មិន​ជា​មាន​ស្នៀត​ប្រដាល់​ល្អ​ទេ។ ឯ​តិចនិក​ប្រកួត មិនជា​ប៉ុន្មាន​ឡើយ។ គេ​វាយ​ដោយ​លក្ខណៈ​ផ្សងព្រេង​ដែរ​ទេ។ អ្នក​ប្រដាល់​រូប​នេះ មាន​កម្លាំង​កាយសម្បទា​មិនជា​រឹងមាំ​និង​ខ្លាំង​ប៉ុន្មាន​ទេ ។ ទោះជា​យ៉ាងណា ចាន់​ធី ប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ចាញ់​ ភិន សុទី ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣​ដោយ​ពិន្ទុ។ ចាំ​មើល ឌុ​ច ឌួង​អាច​ផ្ដួល​យក​ឈ្នះ ហាក់ ចាន់​ធី​បាន​ឬ​អត់​ទេ ? សម្រាប់​ការ​ជួបគ្នា​លើកដំបូង​នេះ។​
ចំណែក ឯម ចំណាប់​ក្លឹប​ឫទ្ធី​ពោធិ​សែន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ ជេ​ត សីហា ក្លឹប​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ។ ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ដូច្នេះ​ការ​ជួបគ្នា​លើក​ដំបូង​នេះ មិន​ដឹង​ថា​អ្នកណា​ជា​អ្នកឈ្នះ​នោះ​ឡើយ៕ វិសិដ្ឋ​(​រូប​៥)

Post a Comment

0 Comments

Close Menu