Ad Code

លែង​ទា​ឲ្យ​ចូល​ស៊ី​ក្នុង​ស្រះ​ទឹក​ប្រជាពលរដ្ឋ​ប្រើប្រាស់​ ពលរដ្ឋ​ចាប់​បាន​២៥​ក្បាល ​ម្ចាស់​ទា​ចោទ​ថា​បាត់​១១៥០​ក្បាល​ប្ដឹង​ទា​សំណង​២៣​លាន​រៀល​ពី​ប្រជាពលរដ្ឋ​


បន្ទាយមានជ័យ ៖ សត្វ​ទា​ចំនួន​២៥​ក្បាល​ចុះ​ស៊ី​ចំណី​ក្នុង​អាងទឹក​ប្រសាទ​តា​ដោក ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់បាន​ ហើយ​ម្ចាស់​ទា​ទាន់​បាន​ដាក់​ពាក្យ​ប្ដឹង​ចូល​មេភូមិ​ទា​សំណង​ពី​ប្រជាពលរដ្ឋ​ចំនួន​២៣​លាន​រៀល។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ថ្មី​ត្បូង ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ​ខេត្ត​បន្ទាយមានជ័យ។ បញ្ជាក់​ទឹក​អាង​នេះ ​គឺ​ពលរដ្ឋ​ទុក​សម្រាប់​ប្រើប្រាស់​ទៅ​ពេល​រដូវប្រាំង​ខាងមុខ​ជា​ប្រចាំ​ ដោយ​នៅក្នុង​តំបន់​នេះ​គ្មាន​ប្រព័ន្ធ​ទឹក​ស្អាត​សម្រាប់​ប្រើ​នោះ​ទេ។ ទឹក​អាង​នេះ​មាន​ប្រជាពល​រដ្ឋ​ចំនួន​៤​ប្រើប្រាស់​គឺ​ភូមិ​ដឺ ភូមិ​គោក​ខ្ពស់ ភូមិ​ស្ដៅ​និង​ភូមិ​ថ្មី ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ រឿង​ប្រជាពលរដ្ឋ​ចាប់​ទា​នេះ​បាន​លើក​យក​មក​ដោះស្រាយ​នៅ​សាលាឃុំ​នា​ថ្ងៃទី​១៨ ខែ​មករា​ ឆ្នាំ​២០១៥ តែ​នៅ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​គ្នា​នៅឡើយ។ ម្ចាស់​ទា​អ្នកស្រី សេង លាង​គី​ប្រាប់​ថា គាត់​បាន​សុំ​ការអនុញ្ញាត​ពី​មេឃុំ​ភូមិ​ថ្មី​យក​ទា​មក​ចិញ្ចឹម​ឲ្យ​ស៊ី​ចំណី​ក្នុង​ទឹកដី​ដែល​គាត់​កាន់​កាប់​ដោយ​ជូន​ប្រាក់​ចំនួន​៥០​ម៉ឺន​និង​សន្យា​ជូន​កាត​ទូរស័ព្ទ​៥​ដុល្លារ​ទៅ​មេភូមិ​ម្នាក់​ក្នុង​១​ភូមិ តែ​នៅ​ពេល​ដឹក​ទា​មកដល់​វា​ស្រែ​ មាន​មនុស្ស​១​គោយន្ត​ បាន​ដេញ​វាយ​ចាប់​ទា​របស់​គាត់​បាត់​រហូត​ដល់ ១១៥០​ក្បាល​ រក​ឃើញ​វិញ​តែ​៥០​ក្បាល​ប៉ុណ្ណោះ។ ម្ចាស់​ទា​ថា​ គាត់​បាន​ប្ដឹង​ទា​សំណង​២៣​លាន​រៀល​ដោយ​ចោទ​ប្រជា​សហគមន៍ ​ពី​បទ​លួច​ទា​ចិញ្ចឹម​របស់​គាត់ ដោយ​គិត​១​ក្បាល​២​ម៉ឺន​រៀល។​ លោក​ ឆា​ម ឈឿ មេភូមិ​ដឺ​និង​ជា​តំណាង​សហគមន៍​ប្រើប្រាស់​ទឹក​ក្នុង​អាង​ប្រាសាទ​តា​ដោក​ប្រាប់​ថា ពលរដ្ឋ​ដែល​ជា​ប្រជា​សហគមន៍​ក្នុងភូមិ​ដឺ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក​នេះ​គាត់​ចាប់​ទា​ចំនួន​២៥​ក្បាល​ជា​វត្ថុ​តាង​យក​មក​ដាក់​ពាក្យបណ្ដឹង​ដែរ​ថា ម្ចាស់​បាន​លែង​ទា​មក​ស៊ី​ក្នុង​អាងទឹក​ដែល​គាត់​ប្រើប្រាស់​ជា​រៀង​រាល់​ឆ្នាំ​ និង​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ជាបន្ទាន់​កុំ​ឲ្យ​គេ​យក​ទា​មក​ចុះ​ស៊ី​ចំណី​ក្នុង​អាង​ទឹក​ ដែល​ពួកគាត់​ប្រើប្រាស់​បន្ត​ទៀត​ បើ​មិន​ដូន​នេះ​ទេ​ ក្នុង​រដូវប្រាំង​ខាងមុខ​ពួកគាត់​ខ្វះ​ទឹក​ប្រើ​ហើយ។ លោក ឆា​ម ឈឿ ថា​លោក​បាន​រាយការណ៍​ជូន​ទៅ​មេឃុំ អភិបាលស្រុក​រួចហើយ ​ករណី​នេះ​គាត់​ក៏បាន​ហាម​ទៅ​ម្ចាស់​ចិញ្ចឹម​ទា​តាំងពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៥​មក​ម្ល៉េះ តែ​ម្ចាស់​ទា​និង​អ្នក​ឃ្វាល​ទា​មិន​ស្ដាប់​ ប្រហែល​មាន​អ្នក​កាង​នៅ​ពីក្រោយ​ ទើប​មិន​ព្រម​ស្តាប់​ប្រជា​សហគមន៍​សោះ។ ពួកគាត់​ការពារ​ទឹក​សម្រាប់​ផឹក​ប្រើប្រាស់​ក្នុង​អាង​តា​ដោក​នេះ​ពី​ការ​លែង​ទា​ឲ្យ​ចុះ​ស៊ី​ចំណី បង្ក​ភាព​កខ្វក់ ដោយ​ចាប់​ត្រឹម​ទា​២៥​ក្បាល ម្ចាស់​ទា​បាន​ទៅ​ប្ដឹង​មេភូមិ​ឲ្យ​ពួកគាត់​ត្រូវ​បង់ប្រាក់​ដល់​ម្ចាស់​ទា​២៣​លាន​ទៅវិញ​ ប្រជាពលរដ្ឋ​បញ្ជាក់​ថា​ ចុះ​ការដែល​ទា​មក​ចុះ​ស៊ី​ចំណី​ក្នុង​ទឹក​ដែល​ពួក​គាត់​ទុក​សម្រាប់​ផឹក​ និង​ប្រើប្រាស់​មាន​អ្នកណា​ចេញមុខ​សង​វិញ​ដែរ​ឬ​ទេ៕​

Post a Comment

0 Comments

Close Menu