Ad Code

មាន​មនុស្ស​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​នៅ​ឃុំ​រកា​

បាត់ដំបង ៖ សព​យុវជន​ម្នាក់​ដែល​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន ត្រូវ​បាន​គេ​ប្រទះឃើញ​
នៅ​ព្រឹក​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ត្រង់​ចំណុច​ក្នុង​រោង​បាយ​របស់​វិហារ​កាតូលិក​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​តា​ហែ​ន១ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង បន្ទាប់ពី​បាន​វិលត្រឡប់​មកពី​ដើរ​កំសាន្ត​នៅ​ក្រុង​ប៉ោយប៉ែត​ជាមួយនឹង​ក្រុម​សាសនា​កាតូលិក​រួចមក។​

យោង​តាម​សំដី​របស់​អាណាព្យាបាល​សព​បាន​រៀបរាប់​ថា កូន​របស់​គាត់​មានឈ្មោះ ឆែម វ៉ាន់​នូ អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ/ឃុំ​កើតហេតុ ហើយ​ជា​សិស្ស​រៀន​នៅក្នុង​វិទ្យាល័យ​អន្លង់​វិល ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មកនេះ កូនប្រុស​របស់​គាត់​បាន​ចូលក្នុង​សាសនា​កាតូលិក ព្រមទាំង​បាន​ទៅ​ស្នាក់​នៅក្នុង​វិហារ​កាតូលិក​នោះ​តែម្តង ដោយ​មិនសូវ​បាន​ទៅលេង​ផ្ទះ​ទេ​ព្រោះ​រវល់​រៀន។​​
ប្រភព​បាន​បន្ត​ថា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​ថ្ងៃ​កើត​ហេតុ​នេះ គឺ​ខាង​សាសនា​កាតូលិក​បាន​បង្កើត​កម្មវិធី​ដោយ​បាន​នាំ​សិស្ស​ទាំងអស់​ដែល​ជា​សមាជិក​ក្នុង​ក្រុម​កាតូលិក​ទៅ​កំសាន្ត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពេល​នោះ​កូនប្រុស​របស់​គាត់​ក៏បាន​រួម​ដំណើរ​ទៅ​កំសាន្ត​ជា​មួយ​នឹង​គេ​ដែរ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ត្រឡប់​មកដល់​កន្លែង​វិញ​ស្រាប់តែ​ព្រឹក​ឡើង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កូនប្រុស​របស់​គាត់​បាន​ចង​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ដោយ​វា​បាន​យក​កន្សែង​ក្រណាត់​ក្រឡា​ការ៉ូ​ទៅ​ចង​នឹង​រឹត​ផ្ទះបាយ​ខាងក្រោយ​វិហារ​កាតូលិក​ដោយ​មិនដឹង​អំពី​មូលហេតុ​នៃ​ការ​សម្លាប់​ខ្លួន​នេះ​ឡើយ។ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​នៅក្នុង​ឃុំ​រកា​នេះ​ដែរ គឺ​មាន​មជ្ឈដ្ឋាន​ជាច្រើន​បាន​ធ្វើការ​ចាប់អារម្មណ៍ និង​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​នឹង​បញ្ហា​មេរោគ​អេដស៍​ដោយសារ​តែ​កន្លងមក​ក្នុង​ឃុំ​នេះ​មានការ​ចំលង​មេរោគ​អេដស៍​យ៉ាង​ផុលផុស​ពី​សំណាក់​គ្រូពេទ្យ​ភូមិ​ម្នាក់ ដូច្នេះ​
ហើយ​បានជា​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​សិក្សា​ឲ្យ​បាន​ស៊ី​ជំរៅ​ទៅលើ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​យុវជន​រូប​នេះ​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​បែបនេះ។​
ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នៃ​អធិការដ្ឋាន​ហាក់បីដូចជា​នាំគ្នា​លាក់​បំពួន​ក្នុង​រឿង​នេះ ដោយ​មិន​ចង់​ឲ្យ​ព័ត៌មាន​នេះ​មានការ​បែកធ្លាយ​ទៅ​ខាង​ក្រៅ​ឡើយ។​
បើ​ទោះ​បី​ជា​មានការ​ព្យាយាម​បិទបាំង​យ៉ាងណាក៏ដោយ​ក៏​មាន​មជ្ឈដ្ឋាន​ជាច្រើន​កំពុងតែ​ចង់​ដឹង​ចង់​ឮ​នូវ​រឿង​ហេតុ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ឃុំ​រកា​នេះ​ផង​ដែរ។ បន្ទាប់ពី​ការស្រាវជ្រាវ​ទៅលើ​សាច់​ញាតិ ក្រុម​គ្រួសារ និង​ប្រភព​នានា​ដែល​នៅ​ខាងក្រៅ​ទើប​ដឹង​ថា យុវជន​រូប​នេះ​ពុំ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​មេរោគ​អេដស៍​នេះ​ឡើយ ឯ​មូលហេតុ​នៃ​ការ​ពាក់ព័ន្ធ​គឺជា​រឿង​ស្នេហា​នៅក្នុង​ថ្នាក់រៀន​នៃ​វិទ្យាល័យ​អន្លង់​វិល​ទៅវិញ ដោយសារតែ​យុវជន​រូប​នេះ​មានការ​លួច​បេតី​ទៅលើ​សិស្ស​ស្រី​ម្នាក់ ប៉ុន្តែ​នាង​ពុំ​បាន​ស្រលាញ់​វិញ​ឡើយ​ទើប​ធ្វើ​ឲ្យ​មានការ​ខូចចិត្ត​រហូត​ដាច់ចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ។ បច្ចុប្បន្ន​ក្រោយពី​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួចមក​ក្រុម​គ្រួសារ​បាន​ទទួល​យក​សព​ទៅ​ធ្វើ​បុណ្យ​នៅ​លំនៅដ្ឋាន​ក្នុង​ឃុំ​រកា​នោះ​ហើយ៕
និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu