សៀមរាប ៖ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនខេត្តសៀមរាបមានបើកកិច្ចប្រជុំត្រួតពិនិត្យ និងធ្វើការណែនាំមួយចំនួនដល់ក្រុមការងារចុះជួយមូលដ្ឋានក្រុង/ស្រុក ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានថ្នាក់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ផងដែរ។
មានប្រសាសន៍នោះដែរ លោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ក្រោមការណែនាំរបស់គណៈកម្មាធិការថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ក្នុងការជំរុញដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការចុះជាប្រចាំនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវក្នុងការក្តាប់ឲ្យបាននូវរាល់ការលំបាក សំណូម និងតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងមូលដ្ឋាន។ ក្នុងនោះដែរ ឯកឧត្តមក៏បានសូមឲ្យថ្នាក់ដឹកនាំក្រុមការងារទាំងអស់ ត្រូវធ្វើការត្រង់ត្រាប់ស្តាប់ការពន្យល់ណែនាំរបស់វាគ្មិនអំពីការងារចុះជួយមូលដ្ឋាន ដើម្បីឲ្យបានត្រូវទៅតាមគោលការណ៍របស់គណបក្ស និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទៀតផង។
ក្នុងនោះដែរ លោក ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបក៏បានលើកឡើងអំពីសមិទ្ធផលការងារ ដែលគណបក្សប្រជាជនសម្រេចបានក្នុងរយៈពេល៣៦ឆ្នាំមកនេះ ព្រមទាំងលើកនូវអនុសាស្ត្រមួយចំនួន និងការណែនាំអំពីកិច្ចការមួយចំនួនដែលក្រុមការងារចុះជួយមូលដ្ឋានក្រុង/ស្រុក ឃុំ/សង្កាត់។ ក្នុងនោះឯកឧត្តមក៏បានលើកឡើងថា រាល់កិច្ចការនៅតាមមូលដ្ឋានក្រុមការងារត្រូវធ្វើការជំរុញលើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ដោយលើកនូវពីសមិទ្ធផលជាក់ស្តែងនៃការអភិវឌ្ឍន៍ដែលមាននៅតាមមូលដ្ឋានផ្ទាល់ ព្រមទាំងលើពីប្រវត្តិសាស្ត្រដែលសង្គមជាតិ បានជួបប្រទះកន្លងមកទៅតាមដំណាក់កាលនីមួយៗទៀតផង។
មានមតិបូកសរុបនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរគុណចំពោះមន្ត្រីក្រុមការងារគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំពុះពារគ្រប់ភារកិច្ចដែលគណបក្សប្រគល់ក្នុងគោលដៅដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់លើការដឹកនាំ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំគ្រប់អាណត្តិទៀតផង។ ឯកឧត្តមក៏បានធ្វើការណែនាំមួយចំនួនដល់ក្រុមការងារ ក៏ដូចអាជ្ញាធរក្រុង ស្រុកត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជន និងភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិ ដោយខេត្តសៀមរាបយើង គឺជាជង្រុកប្រមូលផ្ដុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ចូលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។ លោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ចំពោះមុខនេះ នៅទូទាំងប្រទេសកម្ពុជា នឹងគោរពពិធីបុណ្យជាតិ៧មករា ដោយឡែកនៅខេត្តសៀមរាបយើង ក៏មានធ្វើការរៀបចំពិធីបុណ្យជាតិនេះផងដែរ។ ម្យ៉ាងទៀតសូមបណ្ដាឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាក្រុមការងារទាំងអស់ ត្រូវចុះធ្វើការរៀបចំពិធីនេះនៅតាមថ្នាក់ស្រុក/ឃុំ/សង្កាត់ របស់ខ្លួន ព្រមទាំងត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់វាគ្មិនក្នុងការផ្សព្វផ្សាយឲ្យបានចូលជ្រៅដល់ស្រទាប់ប្រជាជនសំខាន់ស្រទាប់យុវវ័យ អំពីប្រវត្តិដ៏ល្វីងជូរចត់ ដោយរស់នៅក្នុងសមុទ្រឈាមនឹងទឹកភ្នែកនៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ ទៅលើការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពនៅគ្រប់បណ្ដាក្រុង/ស្រុក/ឃុំ/សង្កាត់ ដើម្បីធានាឲ្យបាននូវភាពរស់សុខសាន្តរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតគ្រប់ក្រុមការងារចុះជួយក្រុងស្រុក/ឃុំ/សង្កាត់ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការអនុវត្តនូវគោលនយោបាយ ផែនការរបស់គណបក្សប្រគល់ជូនក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាជននៅតាមមូលដ្ឋាន ដើម្បីជាជំនឿទុកចិត្តរបស់ប្រជាជនទៀតផង៕
គឿនវេត

0 Comments