កំពង់ឆ្នាំង ៖ ស្ត្រីមេម៉ាយចំណាស់ម្នាក់ដោយសារតែតុលាការខេត្តកាត់ក្តីចាញ់ដ៏អយុត្តិធម៌បានធ្វើឲ្យគាត់លើសឈាមស្លាប់មួយចំហៀងខ្លួនជិត១ឆ្នាំមកហើយ គឺរឿងគាត់បានទិញដីមួយកន្លែងពីគេ ក្នុងតម្លៃ៦ពាន់ដុល្លារបានឲ្យគេគ្រប់ចំនួន នៅពេលធ្វើលិខិតលក់ទិញជាមួយអាជ្ញាធរអ្នកលក់ដីអង្វរគាត់សុំឲ្យដាក់ថ្លៃលក់ក្នុងលិខិតតែ៤ពាន់ដុល្លារបានហើយ ព្រោះតែគាត់ជំពាក់គេច្រើន បើដាក់ក្នុងលិខិតលក់ដីថាលក់បាន៦ពាន់ដុល្លារ ពិតជាគេមកទារលុយគាត់អស់ហើយមិនសល់លុយចាយទេ។ មកដល់ពេលនេះ៦ឆ្នាំហើយ អ្នកលក់ដីបែរជាមកប្ដឹងតុលាការខេត្តសុំលប់កិច្ចសន្យាលក់ដីចោលចោទថាគាត់នៅខ្វះលុយ២ពាន់ដុល្លារទៀត។
ស្ត្រីមេម៉ាយពិការមួយចំហៀងខ្លួន ឈ្មោះ ទួន រ៉ន អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិយាយឲ្យអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ គាត់បានទិញដីភូមិមួយកន្លែង ដែលមានទំហំ២០ម៉ែត្រគុណនិង៥០ម៉ែត្រពីស្ត្រីឈ្មោះ ឡុង សុភាព នៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយបានប្រគល់លុយថ្លៃដីចំនួន៦ពាន់ដុល្លារតាមការព្រមព្រៀងគ្នា។ ប៉ុន្តែពេលទៅធ្វើលិខិតលក់ទិញនៅមុខលោកមេភូមិ និងលោកចៅសង្កាត់ខ្សាម ម្ចាស់ដីឈ្មោះ ឡុង សុភាព "បានសុំអង្វរគាត់សុំឲ្យដាក់ថ្លៃលក់ទិញក្នុងលិខិតតែ៤ពាន់ដុល្លារបានហើយ ព្រោះថាគាត់ជំពាក់គេច្រើនណាស់ បើដាក់ក្នុងលិខិតលក់ដីថាលក់បាន៦ពាន់ដុល្លារពិតជាគេមកទារលុយគាត់អស់ហើយ និងដោយសារតែការអាណិតអាសូរគាត់ក៏យល់ព្រមតាមឈ្មោះ ឡុង សុភាព"។
ស្រាប់តែមកដល់ពេលនេះ៦ឆ្នាំហើយ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ឈ្មោះ ឡុង សុភាព ជាអ្នកលក់ដីបែរជាមកប្ដឹងតុលាការខេត្តសុំលប់កិច្ចសន្យាលក់ដីចោលនិងចោទថាគាត់នៅខ្វះលុយ២ពាន់ដុល្លារទៀត ដោយគ្មានភស្តុតាងនិងលិខិតស្នាមអ្វីទាំងអស់។ ក្រោយមកដោយគាត់ជាស្ត្រីមេម៉ាយក្រីក្រគ្មានលុយកាក់រត់ការរឿងក្តីនេះក៏ត្រូវបានតុលាការខេត្តកាត់ក្តីឲ្យគាត់ចាញ់យ៉ាងអយុត្តិធម៌ ធ្វើឲ្យគាត់ឈឺចិត្តលើសឈាមស្លាប់មួយចំហៀងខ្លួនខាងឆ្វេងជិត១ឆ្នាំមកហើយ។ សព្វថ្ងៃរស់នៅក្នុងបន្ទុកកូនប្រុសម្នាក់ជាមន្ត្រីនគរបាល។
ការកាត់ក្តីរបស់តុលាការខេត្តលប់ចោលលិខិតលក់ដីដោយឲ្យឈ្មោះ ឡុង សុភាព ប្រគល់លុយ៤ពាន់ដុល្លារឲ្យគាត់វិញហើយយកដីទៅវិញនោះ គាត់មិនបានយល់ព្រមឡើយគឺគាត់បានប្ដឹងជំទាស់ទៅតុលាការសាលាឧទ្ធរណ៍ទៀត ហើយសាលាឧទ្ធរណ៍បានចេញដីកាកោះហៅឲ្យគាត់ចូលខ្លួននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ដើម្បីទាញហេតុផលផ្ទាល់មាត់។ ពេលនេះគាត់ជាជនពិការមិនអាចឡើងទៅតុលាការសាលាឧទ្ធរណ៍បានទេ គឺបានពឹងពាក់មេធាវីការពារជនក្រីក្រឲ្យជួយរឿងក្តីនេះមិនដឹងថាចាញ់ឬឈ្នះនោះទេ។
លោក ប៊ុន សូហឿង មេភូមិទី៥ និងលោក ឈួរ ថន ចៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងបានឲ្យដឹងបន្តទៀតថា រឿងខាងលើនេះលោកទាំង២បានចុះហត្ថលេខាក្នុងលិខិតលក់ដីផ្តាច់ បានឃើញអ្នកលក់និងអ្នកទិញផ្ដិតមេដៃព្រមព្រៀងគ្នាក្នុងលិខិតចំនួន៤ពាន់ដុល្លារតែប៉ុណ្ណោះ។ ចំណែកឈ្មោះ ឡុង សុភាព ចោទថាឈ្មោះ ទួន រ៉ន នៅជំពាក់២ពាន់ទៀតក៏មិនឃើញលិខិតអ្វីជាសំអាងដែរ។ ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន សំណូមពរដល់តុលាការសាលាឧទ្ធរណ៍ មេត្តាស្រាវជ្រាវផ្តល់យុត្តិធម៌ក្នុងរឿងខាងលើនេះឲ្យស្ត្រីពិការឈ្មោះ ទួន រ៉ន ផងចុះព្រោះពួកគាត់យល់ថាបើស្ត្រីឈ្មោះ ទួន រ៉នជំពាក់លុយថ្ងៃដី២ពាន់ដុល្លារមែននោះ គឺឈ្មោះឡុង សុភាព គាត់ប្រាកដជាធ្វើលិខិតស្នាមច្បាស់លាស់ ដោយមិនទុកដល់៦ឆ្នាំទើបនឹកឃើញប្ដឹងនោះឡើយ។ ដោយឡែកឈ្មោះ ឡុង សុភាព ជាដើមបណ្ដឹងក្នុងរឿងនេះ អ្នកយកព័ត៌មានយើងពុំអាចស្វែងរកសុំការបំភ្លឺបានឡើយ ដោយគ្មានលេខទូរស័ព្ទទាក់ទង៕
( ឈៀង ថារិទ្ធ )

0 Comments