ត្បូងឃ្មុំ ៖ ក្នុងសង្កថា នៅឯពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មី និងហេដ្ឋារចនាសម្ព័ន្ធនៃទីរួមខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ពីរថ្ងៃមុនពេលដែលការប្រារព្ធខួបលើកទី៣៦បាន ចូលមកដល់នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ៧មករាជារបស់រួមរបស់ប្រជាជនកម្ពុជាដែលស្អប់ខ្ពើមរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនេះជាសច្ចធម៌ប្រវត្តិសាស្ត្រគ្មានអ្នកណាអាចមកបំភ្លៃបានឡើយ។
សម្ដេចនាយករដ្ឋមន្ត្រីថ្លែងថា បើអ្នកណាប្រឆាំងថ្ងៃ៧មករា អ្នកនោះជាសម្ព័ន្ធភាពជាមួយជាស្វ័យប្រវត្តិរបស់ខ្មែរក្រហម សម្ព័ន្ធភាពនឹងរបបប្រល័យពូជសាសន៍។ ថ្ងៃ៧មករាជាថ្ងៃរបស់ប្រជាជនកម្ពុជាដែលស្អប់ខ្ពើមរបបប្រល័យពូជសាសន៍ប៉ុលពត ផ្ទុយទៅវិញវាជាសម្ព័ន្ធមិត្តរបស់ ប៉ុលពតនៅពេលដែលគេប្រឆាំងនឹងអ្នកផ្ដួលរំលំរបបប៉ុលពត និងថ្ងៃ៧មករា។ ក្រៅពីរបបប៉ុលពត មិនមានយកអ្នកណាធ្វើជាសត្រូវទេ ព្រោះសូម្បីតែទាហាននៅក្នុងជួរអង្គការចាត់តាំងរបស់ប៉ុលពត ក៏យើងមិនចាត់ទុកជាសត្រូវដែរ។ សត្រូវពិតប្រាកដរបស់ប្រជាជនកម្ពុជាគឺអង្គការចាត់តាំងនយោបាយ និងយោធារបស់ប៉ុលពតនោះឯង។
សម្ដេចមានប្រសាសន៍ថា នយោបាយឈ្នះ ឈ្នះរបស់យើងជាឧទាហរណ៍ យើងចង់បានត្រឹមតែរំលាយចោលអង្គការចាត់តាំងនយោបាយ និងយោធានៃរបបប៉ុលពតតែប៉ុណ្ណោះ ក៏ប៉ុន្តែយើងបានផ្តល់ឱកាសឱ្យមន្ត្រីអតីតទាហានឬអ្នកដែលមានអាជីពមុខរបបទាំងឡាយ ទាំងបន្តការងារទាំងអស់ រាប់ទាំងអតីតអភិបាលខេត្ត អ៊ី ឈាន ហើយអ្វីដែលសំខាន់ជាងគេគឺខ្មែរចេះរួបរួមគ្នា។
សម្ដេចតេជោមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅមីយ៉ាន់ម៉ា ខ្ញុំបាននិយាយជាមួយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រ ជាជាតិថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តវាយរដ្ឋឥស្លាម (ISIS) និងរបបអាសាធ នៅដាម៉ាស់ បើអ្នកណាធ្វើឱ្យរបបអាសាធចុះខ្សោយគឺមានតម្លៃជួយ ISIS ដូចគណិតវិទ្យាមួយដកមួយស្មើសូន្យ ព្រោះវាយអាសាធផង វាយ ISIS ដល់ទីចុងបំផុតមានតម្លៃស្មើ មួយដកមួយស្មើសូន្យ។ សម្ដេចមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកពេលជួបជាមួយឯកឧត្តមអូបាម៉ា ខ្ញុំនិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តវាយ ISIS របប អាសាធ វាយ ISIS ជាធម្មជាតិវាជាសម្ព័ន្ធភាព ដូច្នេះទង្វើណាក៏ដោយដែលធ្វើឱ្យរបបអាសាធទន់ខ្សោយវានឹងផ្តល់ជាកម្លាំងឱ្យពួក ISIS ។ សម្ដេចតេជោបានភ្ជាប់សភាពការណ៍នេះ សភាពការណ៍នៅកម្ពុជា ដោយបញ្ជាក់ថា កុំលេងគណិតវិទ្យាមួយដកមួយស្មើសូន្យ។ ស្អប់ប៉ុលពតមកប្រឆាំងនឹងដែលផ្ដួលរំលំប៉ុលពត ដូច្នេះមានន័យថា ជាសម្ព័ន្ធមិត្តនៃរបបប៉ុលពត។
នៅក្នុងឱកាសនោះជាមួយ នឹងការរំឭកអំពីប្រវត្តិអនុស្សាវរីយ៍នៃការតស៊ូរបស់សម្ដេចពីអតីតនៅក្នុងតំបន់នោះ សម្ដេចតេជោបានបង្ហាញនូវមោទនភាពចំពោះសមិទ្ធផលដែលកើតឡើងជាបន្តបន្ទាប់ ដោយមានប្រសាសន៍ថា បើសិនជាគ្មានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះទេគឺនឹងគ្មានអ្វីកើតឡើងឡើយ។ កុំនិយាយទៅដល់កិច្ចព្រមព្រៀងនៃទីក្រុងប៉ារីស។ សម្ដេចបន្តថា បើអត់មាន៧មករាក៏អត់មានជីវិតយើងរាល់ថ្ងៃនេះដែរ៕
ស្នាយពល
0 Comments