ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ក្នុងឆ្នាំ២០១៥នេះ ប្រភេទមុខទំនិញ និងផលិតផលកម្ពុជាអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារអាស៊ាន ដោយមិនមានឧបសគ្គឡើយ ខណៈពេលដែលម្ចាស់ម៉ាក និងអាជីវករបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួននៅក្នុង ក្រសួងរួចហើយនោះ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា រាល់ទំនិញពីកម្ពុជាត្រូវបានដំណើរការឆ្លងកាត់គយជាធម្មតាសម្រាប់លក់នៅលើទីផ្សារក្នុងតំបន់អាស៊ានបានដោយគ្មានឧបសគ្គ។
លោកបន្ដថា ខណៈកម្ពុជាចូលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននោះ មុខទំនិញ និងផលិតផលកម្ពុជាដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ និងផលិតផលដែលមានសក្ដានុពលជាច្រើនទៀត អាចដំណើរ ការអាជីវកម្មបានជាធម្មតា ហើយការបើកទីផ្សារអាស៊ាននេះបានដើរស្របពេលដែល ក្រសួងពាណិជ្ជកម្មកំពុងតែខិតខំប្រឹងប្រែងក្នុងការស្វែងរកទីផ្សារលក់ផលិតផល និងដៃគូពាណិជ្ជកម្មឱ្យបងប្អូនប្រជាកសិករ អាជីវករ ផលិតបានធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស និង ក្នុងទីផ្សារ ក្នុងស្រុក។ លោកលើកឡើងថា ក្រសួងកំពុងតែខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅតាមតំបន់ និងទីកន្លែងដែលមានសក្ដានុពលចំនួន២២មុខទៀតឱ្យបានចេញកាន់តែឆាប់រហ័ស ប៉ុន្តែការចុះបញ្ជីនេះត្រូវការពេលវេលាក្នុងការត្រួតពិនិត្យ ការសិក្សាស្រាវជ្រាវបន្ថែមដាក់ក្នុងប្រព័ន្ធចុះបញ្ជីឱ្យបានត្រឹមត្រូវមុននឹងចេញទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិ។ ក្នុងឆ្នាំ២០១៤កន្លងមកនេះ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទៅលើផលិតផលបានចំនួន២រួចហើយ គឺផលិតផលម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ដែលបានជួយបង្កើនការនាំចេញ និងលើកកម្ពស់តម្លៃទំនិញផលិតផលខ្មែរ កសិករ និងប្រជាពលរដ្ឋ ដែលជាអ្នកផលិត ត្រូវស្វែងយល់អំពីសារៈប្រយោជន៍នៃការចុះបញ្ជី សម្គាល់ភូមិសាស្ត្រទំនិញដល់ផលិតផលរបស់ខ្លួន។
ក្រៅពីការជំរុញការនាំចេញ រាជរដ្ឋាភិបាលបានជួយពង្រីកគុណភាពទំនិញចេញពីសហគ្រាសធនតូច និងមធ្យម គឺដើម្បីឆ្លើយតបតម្រូវការរបស់អ្នកប្រើប្រាស់ដោយផ្ទាល់ ដែលជាសមាជិកអាស៊ានសម្រាប់ផលិតផលនាំចូល និងសេវាកម្មដែលមានតម្លៃថោក បរិស្ថានទីផ្សារប្រកួតប្រជែងក្នុងស្រុកកាន់តែច្រើន ជាមួយនឹងយន្តការការពារសុវត្ថិភាពអតិថិជន។
នៅឆ្នាំ២០១៥ សហគ្រាសធនតូច និងមធ្យមទាំងអស់នៅក្នុងបណ្ដាប្រទេសដែលជាសមាជិករបស់អាស៊ាន ក្រៅពីមានបញ្ហាប្រឈមក៏នឹងទទួលបានប្រយោជន៍យ៉ាងច្រើនវិញដែរពីទីផ្សារធំ ដែលមានប្រជាជនសរុបជាង៦០០លាននាក់ ហើយទទួលបានធាតុចូលនិងប្រតិបត្តិការទូទាត់ក្នុងតម្លៃទាប តាមរយៈការលុបបំបាត់របាំងពន្ធគយ និងមិនមែនពន្ធគយលើទំនិញ។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងឆ្នាំ២០១៤ការចុះបញ្ជីពាណិជ្ជសញ្ញាមានចំនួន៣.៧៦៥ម៉ាក ហើយការចុះបញ្ជីថ្មីរបស់ក្រុមហ៊ុនវិនិយោគការបើកការិយាល័យតំណាងពាណិជ្ជកម្ម និងសាខាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសកម្ពុជា គឺមានចំនួន៣.៦១៨ក្រុមហ៊ុន៕
ឌួងវិរះជ័យ

0 Comments