បន្ទាយមានជ័យ ៖ កាំភ្លើងកែច្នៃ និងឧបករណ៍នេសាទខុសច្បាប់ជិតមួយពាន់គ្រឿង ត្រូវបានដុតបំផ្លាញចោលនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ ដោយរៀបចំដោយស្នងការខេត្ត និងក្រោមការចូលរួមពីសំណាក់លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ និងពីសំណាក់ស្នងការស្នងការរង ព្រមទាំងខណ្ឌរដ្ឋបាលជលផល។
លោក ចាន់ តារា ស្នងការរងទទួលបន្ទុកអាវុធជាតិផ្ទុះបានលើកទ្បើងថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានខិតខំអនុវត្តក្នុងការបង្ការបង្ក្រាបបទល្មើសដោយអនុវត្តតាមគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពរហូតបង្ក្រាបបានអាវុធកែច្នៃប្រើខ្យល់បាញ់គ្រាប់កង់ចំនួន៥០០ដើម អាវុធកែច្នៃចាញ់គ្រាប់ព្រួញ( ស្នាតេះ) ចំនួន២៤ដើម ម៉ូទ័រឆក់ត្រីចំនួន៦០គ្រឿង ដងឆក់ធ្វើពីដើមឫស្សីដែកចំនួន៥៧គូរ និងកាត់បន្ថយហានិភ័យនិងកាគ្រោះថ្នាក់ដល់ជីវិត។ ឧបករណ៍ទាំងនេះត្រូវបានធ្វើការដុតចោលទាំងអស់។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោក អាត់ ខែម ជាស្នងការធ្វើអោយសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ជាពិសេសបទល្មើសបានថយចុះជាបន្តបន្ទាប់ តែលោកសូមធ្វើយ៉ាងណាត្រូវបន្តអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពបន្តហើយ ជាពិសេសច្បាប់ចរាចរឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ៕
អពៅ

0 Comments