កណ្តាល ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល និងក្រុមការងារ បាននាំយកអត្តសញ្ញាណប័ណ្ណ ចំនួន៤៩១សន្លឹកយកទៅចែកជូនប្រជាពលរដ្ឋដល់តាមផ្ទះចំនួន៣ភូមិ ក្នុងឃុំលំហា សម្រាប់ប្រើប្រាស់ និងសម្គាល់ជាពលរដ្ឋពេញលេញស្របច្បាប់ និងអាចប្រើការការងារសំខាន់ៗបានគ្រប់យ៉ាង។ នេះជាយុទ្ធសាស្ត្រផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋមកលើសមត្ថកិច្ចរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរ បាល ខេត្តកណ្តាល ក្នុងការចង្អុល បង្ហាញដល់ មន្ត្រីក្រោមឱវាទ ឲ្យមានទំនាក់ ទំនង រវាងសមត្ថកិច្ច និងពលរដ្ឋក្នុងមូលដ្ឋាន ដែលនាំឲ្យពួកគាត់មានការសប្បាយ ចិត្តនិងជឿជាក់មកលើកងកំលាំងតាមមូលដ្ឋាន។
លោកវរសេនីយ៍ទោ មាន សំណាង អធិការ ស្រុកបានប្រាប់ប្រជាពលរដ្ឋ តាមផ្ទះ ថា ការដែលតម្រូវឲ្យពលរដ្ឋម្នាក់ៗ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណនេះ គឺដើម្បីកំណត់សម្គាល់អំពីអត្តសញ្ញាណរបស់មនុស្ស ឬបុគ្គលណាម្នាក់ ឬដើម្បីដឹងថា នរណា ជានរណា ដើម្បីចៀសវាងការច្រឡំគ្នា។ ឧទាហរណ៍ថា មានមនុស្សឈ្មោះ «ក» ប៉ុន្តែ ឈ្មោះ «ក» នោះវាមានច្រើន។ ដូច្នេះគេត្រូវមើលពីអាយុ និងថ្ងៃខែឆ្នាំកំណើតរបស់ពួកគេដូចគ្នាឬអត់? បើថ្ងៃខែឆ្នាំកំណើតពួកគេដូចគ្នា នោះគេត្រូវពិនិត្យពីឈ្មោះ ឪពុកម្តាយ ឬយាយតានិងទីលំនៅរបស់ពួកគេទៀត។ ដូច្នេះ អត្តសញ្ញាណប័ណ្ណ គឺជាការសម្គាល់អំពីមនុស្ស ឬបុគ្គលម្នាក់ៗ ដែលចាំបាច់ណាស់ មនុស្សម្នាក់ៗ ត្រូវតែមាន (ត្រូវតែធ្វើ) សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ។
លោកអធិការ បន្តទៀតថា តាមច្បាប់កម្ពុជា ពលរដ្ឋខ្មែរប្រុស ឬ ស្រីគ្រប់ៗរូបដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ គឺមានសិទ្ធិធ្វើអត្តសញ្ញាណប័ណ្ណបាន។ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ ចំពោះពលរដ្ឋខ្មែរ យើងគឺពួកគេត្រូវមានសំបុត្រកំណើត ឬ សៀវភៅគ្រួសារ លិខិត ឬឯកសារបញ្ជាក់មានសុពលភាព ដែលចេញដោយមេភូមិ-អាជ្ញាធរឃុំ/សង្កាត់ ដែលពួកគេបានស្នាក់ ឬរស់នៅ។ ចំណែកឯជនបរទេសវិញ លក្ខខណ្ឌចាំបាច់ គឺត្រូវមានព្រះរាជក្រឹត្យ ដែលចេញដោយព្រះមហាក្សត្រ និងត្រូវធ្វើនៅតាមសមត្ថកិច្ចនគរបាលនៅក្នុងតំបន់ដែលពួកគេស្នាក់ នៅនោះ។
លោកអធិការបញ្ជាក់ ថា ក្រៅអំពីអត្តសញ្ញាណប័ណ្ណ ពលរដ្ឋត្រូវមានឯកសារសំខាន់ៗចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កម្ពុជា សព្វថ្ងៃនេះរួមមាន សៀវភៅគ្រួសារ លិខិតអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់ការស្នាក់នៅ។ល។ ដែលចេញដោយអាជ្ញាធរ ភូមិ-ឃុំ ឬសង្កាត់។ ដូច្នេះ ឯកសារទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង ប្រើប្រាស់ប្រចាំថ្ងៃមិនត្រូវឲ្យ បាត់ឡើយ។
លោកបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចបន្តពន្យារសុពលភាពចំពោះអត្តសញ្ញាណប័ណ្ណរបស់ពលរដ្ឋ ដែលអស់សុពលភាពងាយស្រួល ប្រើ ប្រាស់បន្ត។ បើតាមផ្លូវច្បាប់ អត្តសញ្ញាណប័ណ្ណដែលអស់សុពលភាព និងដែលត្រូវបានប្រកាសបន្តសុពលភាពនេះ គឺនៅមានតម្លៃ ជាធម្មតារហូតដល់រាជរដ្ឋាភិបាលប្រកាសឈប់ទទួលស្គាល់ និងប្រកាសឲ្យធ្វើអត្តសញ្ញាណប័ណ្ណថ្មីជំនួសដូចនេះពលរដ្ឋមិនត្រូវបារម្ភហួសពីនេះទេ៕

0 Comments