កំពង់ធំ ៖ ហេតុការណ៍ដ៏រន្ធត់មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារតែមច្ចុរាជយានយន្ត បានផ្តាច់ជីវិតគូសង្សារមួយគូ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលបានបង្កឡើងដោយសារតែទឹកប្ដូរនិស័្សយ ក្រោយពេលចេញពីហាងខារ៉ាអូខេ "ម្លប់ដូង" ទៅរកទីឋានសួរសុខទុក ក៏ប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
តាមការបញ្ជាក់ពីលោក ហ៊ុន ហៀត អធិការរងស្រុកស្ទោងទទួលផែនចរាចរណ៍ សណ្ដាប់ធ្នាប់បានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីយប់ ដោយមានរថយន្តមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីខេត្តសៀមរាបឆ្ពោះទៅខេត្តខេត្តកំពង់ធំ លុះមកដល់ចំណុចកើតហេតុ ត្រូវបានបុកម៉ូតូម៉ាកសង់សេ១២៥សេរីឆ្នាំ២០១១ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅចំណុចភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះទី១-ត្រូវបានគេស្គាល់ឈ្មោះ សរ ស្រីកា ហៅស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅខេត្តស្វាយរៀងមកធ្វើអ្នកបម្រើភ្ញៀវក្នុងខារ៉ាអូខេ"យីហោម្លប់ដូង" ដែលជាកម្មសិទ្ធិរបស់លោក គ្រូ សារ៉ន ដែលជាគ្រូបង្រៀនស្ថិតនៅភូមិមធ្យាយ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ទី២- ឈ្មោះ សុខ កង ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាជាងផ្ទះ រស់នៅភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
សូមបញ្ជាក់ផងដែរ មុនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍មានស្ត្រីម្នាក់បានអះអាងថា ជាប្រពន្ធជនរងគ្រោះបានតាមរកប្ដីរបស់គាត់ស្ទើរពេញមួយយប់ ដោយមិនឃើញទៅផ្ទះក្រោយមកទើបដឹងថា បុរសដែលបានស្លាប់ជាមួយស្រីស្នេហ៍ខារ៉ាអូខេ ដែលបណ្ដាលមកពីរថយន្តបុកនោះ ជាប្ដីរបស់គាត់ អំណាចនៃការខឹង នឹងលោកប្ដីរបស់គាត់ គឺមិនខ្ចីស្រក់ទឹកភ្នែកសូម្បីតែមួយតក់ ដោយសារតែឃើញលោកប្ដីបានស្លាប់ជាមួយស្រីម្នាក់ជាអ្នកបម្រើការនៅក្នុងខារ៉ាអូខេ ហើយបានឲ្យគេលើកយកសាកសពទៅផ្ទះទាំងយប់ ចំណែកស្រីសាកសពស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តព្រះនាងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី តែបើអត់មានសាច់ញាតិ នឹងត្រូវបូជាតែម្តង ចំណែករថយន្តមិនស្គាល់ម៉ាកបានដាក់មេប្រូចបាត់ស្រមោល៕
ប៊ុន រដ្ឋា




0 Comments