Ad Code

អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សហគមន៍​បឹង​កក់ បូរី​កីឡា និង​ សហគមន៍​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​SOS ធ្វើ​បាតុកម្ម​១​ខែ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ

 ​

ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​១៩​ ខែមករា ​ឆ្នាំ​២០១៥​នេះ រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​សហគមន៍​បឹង​កក់ សហគមន៍​បូរី​កីឡា និង​សហគមន៍​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ SOS សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ពាក់ព័ន្ធ​ដីធ្លី​ធ្វើបាតុកម្ម​រយៈពេល​១​ខែ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ។ ការ​មិន​អនុញ្ញាតិ​នេះ ​គឺ​យោង​តាម​ការ​ស្នើ​សុំ​មិន​មាន​លក្ខណៈ​ផ្លូវ​ច្បាប់ និង​ម្យ៉ាងទៀត ដោយសារ​ច្បាប់​មិន​មាន​ការអនុញ្ញាត​ឲ្យ​ធ្វើការ​បាតុកម្ម​រយៈពេល​១​ខែ​បែប​នេះ​ទេ​។ លោក​ ឃួ​ង ស្រេង អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការ​ស្នើ​សុំ​ធ្វើ​បាតុកម្ម​នេះ​ គឺ​មិន​សមស្រប​ទៅ​នឹង​ផ្លូវច្បាប់​ទេ ម្យ៉ាងទៀត​ច្បាប់​ក៏​មិន​មាន​ការអនុញ្ញាត​ឲ្យ​ធ្វើការ​បាតុកម្ម​រយៈពេល​១​ខែ​នោះ​ដែរ។ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើបាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ ហើយ​បើ​ក្រុម​អ្នក​តវ៉ា​នៅតែ​បន្ត​ធ្វើ​បំពាន​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ហើយ។​

លោក​ ឃួ​ង ស្រេង បាន​បន្ត​ថា ទោះបីជា​យ៉ាង​ណា​ក្តី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បើក​ចំហ​ចំពោះ​ការ​ដោះស្រាយ​ជាមួយ​សហគមន៍​បឹង​កក់​ និង​បូរី​កីឡា លើកលែងតែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​ឈប់សម្រាក​ប៉ុណ្ណោះ។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ជំហរ​របស់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា បញ្ហា​ប្រឈម​នានា ពិសេស​បូរី​កីឡា និង​បឹង​កក់ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​នឹង​ធ្វើ​ការ​ដោះស្រាយ​បញ្ចប់ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ឲ្យ​បាន​កាន់តែ​ឆាប់​ កាន់​តែ​ល្អ។​

លោក​ ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​ការ​ស្នើ​សុំ​ឲ្យ​មានការ​ដោះលែង​សកម្មជន​ដែល​ជាប់​នៅក្នុង​ពន្ធនាគារ​នោះ គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្មាន​សិទ្ធិ​ដោះលែង​នោះ​ទេ គឺ​មានតែ​តុលាការ​ប៉ុណ្ណោះ​ ទើប​មាន​សិទ្ធី​លើ​ករណីនេះ។ លោក​បាន​បញ្ជាក់​ឲ្យ​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ទៅ​រក​មេធាវី​ឬ​ក្រុម​អ្នក​ច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក ​ឃួ​ង ស្រេង បាន​និយាយ​ថា "​ការ​ដោះលែង​សកម្មជន​ទាំងនោះ គឺ​មាន​តែ​មាន​ការ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ ក្រោយពេល​ពួកគេ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​២​ភាគ​៣​នៃ​ទោស​របស់​ខ្លួន​ជា​មុន​សិន​"។​

អ្នកស្រី យោ​ម បុប្ផា តំណាង​ឲ្យ​ក្រុម​អ្នក​តវ៉ា​បាន​បញ្ជាក់​ថា "​ខ្ញុំ​នឹង​នាំពាក្យ​សំដី​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទៅ​ប្រាប់​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម ឬ​មិន​ធ្វើបាតុកម្ម​នោះ អ្នកស្រី មិនដឹង​នោះ​ទេ សម្រេច​លើ​ក្រុម​អ្នក​វ៉ា​ធ្វើការ​សម្រេច​ប៉ុណ្ណោះ​"។​

ក្នុង​ឱកាស​នោះ​ដែរ អ្នកស្រី យោ​ម បុប្ផា បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​បូរី​កីឡា​ និង​ពលរដ្ឋ​បឹង​កក់​ឲ្យ​បាន​ឆាប់រហ័ស កុំ​ចេះតែ​ពន្យារពេល​ដោះ​ស្រាយ បញ្ហា​ដី​ធ្លី ពី​ព្រោះ​ថា ពួកគាត់​ពិបាក​រស់នៅ​ណាស់ ដោយ​បញ្ហា​ទឹក​លិច និង​សំរាម​ស្អុយ​រលួយ​ជាដើម។​

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១៩​ ខែមករា ​ឆ្នាំ​២០១៥​នេះ សហគមន៍​បឹង​កក់​សហគមន៍​បូរី​កីឡា សហគមន៍​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ SOS បាន​ធ្វើ​ការ​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​បញ្ចប់​ដីធ្លី​នៅ​តំបន់​បឹង​កក់​ និង​បូរី​កីឡា ហើយ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​សហគមន៍ បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រយៈ​មួយ​ខែ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ចាប់ពី​ថ្ងៃទី​២០​ ខែមករា ​ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥។​

ក្រុម​សហគមន៍​ទាំងពីរ​ខាងលើ បាន​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ និង​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​បឹង​កក់ និង​បូរី​កីឡា ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​ត្រូវ​ផ្តល់​សំណង​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ ដោយ​ការអភិវឌ្ឍន៍​បឹង​កក់។ បញ្ចប់​ជម្លោះ​នយោបាយ និង​ភាព​ច្របូកច្របល់​នៅ​ក្នុង​សង្គម​កម្ពុជា និង​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ដីធ្លី និង​សកម្មជន​ផ្សេងទៀត​ពី​ពន្ធនាគារ​ព្រៃ​ស​ជាបន្ទាន់៕

ស្រីរ័ត្ន​


Post a Comment

0 Comments

Close Menu