ភ្នំពេញ ៖ លៀសមានប្រភេទតូចល្អិត និងខ្លះទៀត មានរូបរាងធំប៉ុនមេដៃក៏មានដែរ។ លៀស រស់នៅក្នុងបាតបឹង បាតស្ទឹង ឬបាតទន្លេ ហើយក៏មានរស់ជាតិប្លែកៗពីគ្នាដោយការកែច្នៃ ដោយយកទៅហាលថ្ងៃ ស្ងោរចំអិនជាសម្ល ឬឆាជាមួយខ្ញី ប្រកបទៅដោយរស់ជាតិឆ្ងាញ់ពិសារ។
លៀសហាលដោយការចំអិនទៅនឹងកម្ដៅថ្ងៃដែលប្រជាពលរដ្ឋនិយមទទួលទានច្រើន ហើយ លៀសហាលនេះ តែងមានអ្នកលក់តាមចិញ្ចើមថ្នល់ជារៀងរាល់រដូវ។ ជាក់ស្តែង បូរ៉ា លក់មាំល្ហុងដែលពាក់អាវធំនិងក្រវាត់កផង ជិះម៉ូតូដើរលក់មានចាក់បាសចំរៀងល្បីពេញទីក្រុងភ្នំពេញ ឥឡូវបានពង្រីកមុខរបរធំថ្មីមួយបន្ថែមទៀត គឺលក់លៀសហាលដាក់ទូរកញ្ចក់ ដោយមានអនាម័យត្រឹមត្រូវជាងអ្នកលក់លៀសហាលតាមរទេះរុញធម្មតា។ នៅជញ្ជាំងជុំវិញរទេះរុញរបស់បូរ៉មានរចនារូបថតរបស់បូរ៉ានិងលៀសហាលដាក់ម្ទេសមួយចាន គួរឱ្យចង់ញាំមែនទែន។
ប៉ូលីនជាអ្នកលក់លៀសហាល ឱ្យថៅកែប៉ូរ៉ាលក់មាំល្ហុងបានឱ្យអ្នកយកព័ត៌មានដឹងថា ខ្លួនបានលក់លៀសហាលដាក់ទូកញ្ចក់អស់រយៈពេលទើបតែកន្លះខែនេះទេ ហើយលៀសនេះយកពីប្រភពឈ្មួញយកមកពីទន្លេសាបខេត្តសៀមរាប ពីបឹងនិងស្ទឹងតំបន់ដទៃទៀត ដែលមានអំណោយផលលៀសពីធម្មជាតិ ដោយទៅទិញពីម៉ូយនៅម្តុំវត្តនាគវ័ន ខណ្ឌទួលគោក។
ប៉ូលីនបន្តថា លៀសហាលលក់ក្នុងមួយថ្ងៃអាចលក់បានចំនួនមួយតៅទៅ២តៅ ស្មើនឹង១០០កំប៉ុង ដែលមួយតៅមានតម្លៃ៤ម៉ឺនរៀល ក្នុងមួយតៅ។ ក៏ប៉ុន្តែបច្ចុប្បន្នឈ្មួញដែលប្រមូលទិញលៀសយកមកបោះលក់រាយតាមរទេះរុញតាមស្តង់បានត្អូញត្អែរថា លៀសពិបាករកណាស់ឆ្នាំនេះ ម្ល៉ោះហើយលៀសឡើងថ្លៃច្រើន តែអ្នកលក់លៀសហាលមិនអាចឡើងថ្លៃបាននោះទេ គឺក្នុងមួយកំប៉ុង១៥០០រៀល ទៅ២០០០រៀលប៉ុណ្ណឹង។
ប៉ូលីនបន្តទៀតថា លៀសហាលលក់រាល់ថ្ងៃ គឺមេរបស់ខ្លួន(ប៉ូរ៉ាលក់មាំ)ជាអ្នកផ្សំឡើងនូវគ្រឿងអំបិល ស្ករ ឬ ខ្ទឹម និងម្ទេស ប៊ីចេង ហើយចាត់ចែងឱ្យកូនចៅដូចជាខ្លួនមាន៤នាក់ ពោលគឺ៤រទេះរុញដើរលក់តាំងពីម៉ោង៨-៩ព្រឹក រហូតដល់អស់ យកលុយឱ្យមេ ហើយល្ងាចត្រូវលក់មាំល្ហុងឱ្យមេបន្តទៀត។
ការលក់នេះទាំងអស់គ្នាម្នាក់ៗ ពេលលក់អស់ត្រូវមេចែកភាគរយ ទាំងមាំល្ហុង ទាំងលៀសបានលុយគ្រាន់ចិញ្ចឹមប្រពន្ធកូនរស់បានផងដែរ។ រទេះរុញលៀសហាលនេះបំពាក់ដោយម៉ាស៊ីនចាក់ធុងបាសដែលមានបទចំរៀងមានអត្ថន័យអំពីជីវិតអ្នកលក់លៀសនិងមាំល្ហុងផងដែរ។
ដើម្បីជំរុញឱ្យមានចំណាប់អារម្មណ៍ពីអតិថិជន ពេលឮបទចម្រៀង គឺចង់ទិញញាំតែម្តង។ ប៉ូលីនបន្តបន្ថែមថា ក្រុមខ្លួនបានជួលផ្ទះនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវជាមួយមេរបស់ខ្លួន ហើយធ្វើមាំល្ហុង និងលៀសហាលលក់តាំងពីព្រឹករហូតដល់យប់ទើបចូលផ្ទះ ខណៈដែលលក់អស់ ហើយមុខរបរនេះប៉ូលីនយល់ថាមិនថោកទាបនោះទេ ព្រោះជាមុខរបរសុចរិតត្រឹមត្រូវ៕
ឌីរៀ



0 Comments