Ad Code

កូន​ប្ដី​ចុង​ជា​មន្ត្រី​ប៉េអិម បាន​វាយ​កូន​ប្ដី​ដើម​និង​ស្នាប់​កាំភ្លើង​សល់​ដង្ហើមចង្រិត

ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​គេ​ស្គាល់​ថា​ជា​កូន​ប្ដី​ចុង​របស់​ម្តាយ​មាន​ទំនាស់​ជាមួយ​កូន​ប្ដី​ដើម​ បាន​បើក​ម៉ូតូ​តាម​វាយ​ទាត់​ធាក់ និង​ដក​កាំភ្លើង​វាយ​ក្បាល​ដល់​មុខ​ផ្ទះ​ដេក​ដួល​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ដល់ពេល​ទៅ​ប្ដឹង​ប៉ូលិស​និង​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ចំការមន​ឆ្លើយ​ដាក់គ្នា​មិន​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ។ អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​កាល​ម៉ោង​៨​នឹង​៣៥​នាទី​យប់ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៥ នៅមុខ​ផ្សារ​ទំនើប​អ៊ីអនម៉ល ស្ថិត​ក្នុង​ភូមិ​ទី​៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​ជន​បង្ក​ឈ្មោះ​ សុខា សីហា ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។​

ជនរងគ្រោះ​មានឈ្មោះ​ យូ ជុង​ឆាយ​យ៉ា អាយុ​២៣​ឆ្នាំ មាន​មុខ​របរ​ជា​អ្នកធ្វើការ​នៅក្នុង​ការ៉ា​ស​ឡាន​មួយ​កន្លែង មាន​ទីលំនៅ​ក្នុង​កន្លែង​កើតហេតុ​ខាងលើ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ផ្សា​របឹង​កេងកង​ដូច​សព្វដង ខណៈ​មកដល់​មុន​ផ្ទះ​ខ្លួន​ក៏បាន​អង្គុយលេង​នៅ​ខាង​មុខ​ផ្ទះ​ជាមួយនឹង​ក្រុម​គ្រួសារ ភ្លាម​នោះ​ស្រាប់តែ​យុវជន​ម្នាក់​ជា​កូន​ប្ដី​ចុង​ម្តាយ​របស់​ខ្លួន មានឈ្មោះ​ សុខា សីហា ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​នៅមុខ​ផ្ទះ រួច​ក៏បាន​ដើរ​សំដៅ​មក​រក​ខ្លួន ហើយក៏​បាន​ធ្វើ​សកម្មភាព​វាយ​ទាត់​ធាក់​មក​លើ​រូបគេ​យ៉ាង​ចាស់ដៃ ព្រមទាំង​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​វាយ​ក្បាល​ថែម​ទៀត​ផង បណ្ដាល​ឱ្យ​រង​របួស​យ៉ាង​ដំណំ។ ហើយ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​មក​ចោមរោម​មើល ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ជួយ​ឃាត់​នោះ​ទេ សូម្បីតែ​ក្រុម​គ្រួសារ​គេ​ក៏ដោយ ព្រោះតែ​ជន​បង្ក​ស្រែក​គំរាម​ថា បើ​អ្នកណា​ហ៊ាន​ចូល​មក​ជួយ អញ​នឹង​បាញ់​ទាំងអស់។​
សាក្សី​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​បាន​ដក​កាំភ្លើង​វាយ​ក្បាល​ជនរងគ្រោះ​រួចមក ជន​បង្ក​មិនទាន់​អស់ចិត្ត​បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​ជនរងគ្រោះ​និង​គំរាម​បាញ់ ព្រមទាំង​បាន​ជេរប្រមាថ​យ៉ាង​ខ្លាំង ហើយ​ថែមទាំង​បាន​ស្រែក​ថា បើ​អ្នកណា​ហ៊ាន​ចូល​មក​ជួយ​អញ​នឹង​បាញ់​ទាំង​អស់ ហើយ​មួយសន្ទុះ​ក្រោយមក​ជន​បង្ក​បាន​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​វិញ​បាត់ សូម្បីតែ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ក៏​មិន​ហ៊ាន​ធ្វើការ​ចាប់​ជន​បង្ក​នោះ​ដែរ ដោយ​ខ្លាច​អំណាច​ជន​អាក្រក់​នោះ។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ប៉ុន្តែ​ដោយសារតែ​ជន​បង្ក​ជា​មន្ត្រី​អាវុធហត្ថ សមត្ថកិច្ច​បាន​រុញ​ឲ្យ​ទៅ​ប្តឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ចំការមន ​ដល់​ពេល​ទៅដល់​ទីបញ្ជាការ​អាវុធ​ហត្ថ​ខណ្ឌ​ចំការមន ក៏​គ្មាន​អ្នកណា​ទទួល​ដោយ​មន្ត្រី​ទាំងនោះ​រុញ​ទៅ​ប្ដឹង​នៅ​នគរបាល​ខណ្ឌ​វិញ​ ព្រោះ​គេ​ជា​អាជ្ញាធរ​មូលដ្ឋាន។​
ប្រភព​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​និង​ជន​បង្ក​ជា​កូន​ប្ដី​ចុង​របស់​ម្តាយ​ ហើយ​ជន​រងគ្រោះ​ជាមួយ​កូន​ប្ដី​ដើម កន្លងមក​ធ្លាប់​មាន​ទំនាស់​ហ្នឹង​គ្នា​កាល​ពី​ពេល​កន្លង​មក​ ហើយ​មុន​ពេល​កើតហេតុ អ្នក​ទាំងពីរ​មាន​ទំនាស់​គ្នា​ម្តង​ទៀត​ធ្វើ​ឲ្យ​ជន​បង្ក​មាន​កំហឹង​ក៏​ជិះ​ម៉ូតូ​ទៅ​វាយ​ជនរងគ្រោះ​ដល់​ផ្ទះ​តែម្តង៕
ឌួង​វិ​រះ​ជ័យ​

Post a Comment

0 Comments

Close Menu