បន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើស គ្រឿងញៀន និងកម្លាំង នគរបាលក្រុងស្រុកបានបំបែកសំបុកចែកចាយគ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀនរួមទាំងឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនបានម្នាក់និងប្រើប្រាស់១០នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។ ការបង្ក្រាបនេះ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែមស្នងការខេត្តបន្ទាយមានជ័យ និងដឹកនាំកម្លាំងផ្ទាល់លោកវរសេនីយ៍ទោធិន ស៊ីនដេត នាយការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន និងកម្លាំងក្រុង សេរីសោភ័ណជាច្រើននាក់ផងដែរ។
លោកធិន ស៊ីនដេត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានថ្លែងថា នៅព្រឹកថ្ងៃទី០៦ ខែ មករា ឆ្នាំ២០១៥នេះដោយមានការស្រាវជ្រាវរបស់កម្លាំងសម្ងាត់និងពីពលរដ្ឋផងដែរនោះកំលាំងរបស់លោកបានចុះបង្ក្រាបបានជនសង្ស័យទាំង១១នាក់នៅចំណុចខាងជើងផ្ទះសំណាក់ម្គុជពេជ្រកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច កាលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ស្ថិតនៅភូមិភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ។ លោកដេតបានបន្តថា សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន និងជាមុខសញ្ញាចាស់ផងដែរមានឈ្មោះទេពប៉ូរ៉ាភេទប្រុសអាយុ២៧ ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យជាអ្នកចែកចាយគ្រឿងញៀនចំណែកជនប្រើប្រាស់ គ្រឿងញៀន ចំនួន១០ទៀត រស់នៅក្នុងក្រុងសេរីសោភ័ណនិង ស្រុកមង្គលបូរី និងស្រុកស្វាយចេកផងដែរ។ លោកបានបន្តថា ក្នុងនោះសមត្ថកិច្ច បានដកហូតបាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនទឹកកកចំនួន៤ថង់តូច ស្មើនឹង៤,១ក្រាម គ្រឿងញៀន មេតំហ្វេតាមីន យ៉ាមា ១គ្រាប់ និងទូរស័ព្ទដៃ ចំនួន៦គ្រឿង ដែកកេះចំនួន១០ ដបប្រើប្រាស់ចំនួន៣ កាបូប ៣ កន្ត្រៃ១ និងថងសំរាប់វិចខ្ចប់មួយចំនួនផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណំរឿងជនសង្ស័យខាងលើនិងវត្ថុតាងបញ្ជូន ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
គង្គា

0 Comments